រដ្ឋមន្ដ្រី​មហាផ្ទៃ​កោតសរសើរ​ប៉ូលិសអន្តោប្រវេសន៍​បង្ក្រាប​គ្រឿងញៀន​១២០​គី​ឡូ​ក្រាម​

1314
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​កោត​សរសើរ​ចំពោះ នាយ នាយរង និង​មន្ដ្រី​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ត្រពាំង​ក្រៀល នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ ដែលមាន​ស្នាដៃ​យ៉ាង​ធំធេង ក្នុងការ​បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ដ៏​ធំ​មួយ ប្រភេទ​មេ​តំ​ហ្វី​តា​មីន​គ្រី​ស្តា​ល់ ហៅ​ម៉ា​ទឹកកក​ចំនួន ១២០​គីឡូក្រាម​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បីនាក់ នៅ​ចំណុច​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល (​ព្រំដែន​កម្ពុជា​-​ឡាវ​) នៃ​ខេត្ត​ស្ទឹង​ស្រែង​។ នេះ​បើ​យោងតាម​លិខិត​សរសើរ​ចុះ​ថ្ងៃទី​២៧ ខែមិថុនានេះ។

ជនសង្ស័យ​ទាំង​៣​នាក់ និង​គ្រឿងញៀន​

​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​នាយ នាយរង និង​មន្ដ្រី​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ត្រពាំង​ក្រៀល ដែលមាន​ប្រាជ្ញា​ឈ្លាសវៃ ក្នុងការ​បង្ក្រាប ការដឹកជញ្ជូន​គ្រឿងញៀន​ដ៏​ធំ​ខាងលើ ព្រមទាំង​បាន​សហការ​ជាមួយ​តំណាង​ស្នាក់​ច្រកទ្វារ តំណាង​អង្គភាព​គយ និង​រដ្ឋាករ និង​តំណាង​អង្គភាព​ប្រឆាំង​គ្រឿងញៀន (B.L.O) ដើម្បី​ប្រគល់​ជនសង្ស័យ​ទាំង​បី​នាក់ រួមទាំង​វត្ថុតាង​គ្រឿងញៀន​ចំនួន ១២០​គីឡូក្រាម ទៅ​អង្គភាព​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ​សម្ដេច​ក្រឡាហោម​បាន​បញ្ជាក់ថា ការ​បង្ក្រាបបាន​គ្រឿងញៀន​ទាំងអស់នេះ គឺ​បាន​រួមចំណែក​ទប់ស្កាត់​ការបង្ក​គ្រោះថ្នាក់​ដល់​ប្រជាពល​រដ្ឋ​ដែល​លួចលាក់​ប្រើប្រាស់​គ្រឿងញៀន​។​

​ប៉ូលិសអន្តោប្រវេសន៍​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ១២០​គីឡូក្រាម ស្មើនឹង​១២០​ដុំ ចេញពី​ប្រទេស​ឡាវ​ចូលមក​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ​រថយន្ត​ក្រុង ឆ្លងកាត់​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង កាលពី​​ម៉ោងជាង​២​និង​៣៥​នាទី​រសៀល ថ្ងៃទី​២៦ ខែមិថុនា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៦ ខែមិថុនា​ថា ជនសង្ស័យ​ទាំង​បី​នាក់ ដែល​ឃាត់ខ្លួន​មានឈ្មោះ​ដូចជា ១.​ឈ្មោះ ឈាវ ធា​រ៉ូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​។ ២.​ហែម សាវ៉ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ទី​៣.​ឈ្មោះ ធា​វ តុង​ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​។ ចំពោះ​ករណីនេះ ខាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានប្រគល់​សង្ស័យ​ទាំង​បី​នាក់ ទៅ​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង និង​លោក​អភិបាលខេត្ត ដើម្បី​មាន​ចំ​ណាត​ការ​តាមផ្លូវ​ច្បាប់​។​

ជនសង្ស័យ​ទាំង​៣​នាក់ និង​គ្រឿងញៀន​

​ ​លោក​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ បាន​បញ្ជាក់ថា ចំពោះ​ករណីនេះ គឺ​កំពុងតែ​បន្តធ្វើ​ការស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ជា​បន្តទៀត ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម