ដោយ:មុនីរ័ត្ន:ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាល់បណ្ដឹង សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ឬសាធារណៈមតិ គឺជាកញ្ចក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះមើលបញ្ហាដើម្បីកែលម្អ។ សម្ដេច បានបន្តថាប្រសិនបើករណីណាមួយមិនមែនជារឿងពិត មន្រ្តីមានសមត្ថកិច្ចក៏អាចបោះបង់ចោលឬបំភ្លឺថាវាមិនមែនជាការពិតនោះទេ ប៉ុន្តែប្រសិនបើបញ្ហានោះគឺជាបញ្ហាពិត ។មន្រ្តីមានសមត្ថកិច្ចត្រូវខិតខំដោះស្រាយឱ្យអស់ពីលទ្ធភាព មិនត្រូវកប់ទុកបញ្ហាចោលឡើយ។ សម្ដេច បន្ថែមថាព្រោះហេតុដូច្នេះហើយបានជាសម្ដេចណែនាំប្រមូលបញ្ហាទាំងអស់នោះមកពិនិត្យមើលដើម្បីដឹងថាពិតឬមិនពិត និងមានវិធានការដោះស្រាយ។ ការបញ្ជាក់នេះ ក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចក្រឡាហោមបានលើកឡើងអំពីការខិតខំប្រមូល និងទទួលយកសំណើរសំណូមពរ និងក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទោះមានប្រភពចេញពីប្រជាពលរដ្ឋផ្ទាល់ ឬចេញពីប្រព័ន្ធផ្សព្វផ្សាយ និងមកតាមច្រកណាក៏ដោយ។ សម្ដេចបានណែនាំឱ្យអគាធិការថ្មី និងរដ្ឋលេខាធិការទទួលបន្ទុក បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឱ្យបានលឿន រហ័ស និងប្រកបដោយប្រសិទ្ធភាព ដ្បិតមានបណ្ដឹង សំណើរ សំណូមពរជាច្រើនទៀតនៅមិនទាន់បានដោះស្រាយចប់នៅឡើយ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលនៅក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងចំនួន១១៧ករណី។ សម្ដេច បានសង្កត់ធ្ងន់ថារាល់កិច្ចប្រតិបត្តិការត្រូវតែប្រកាន់យកគោលការណ៍សំខាន់ៗ៣ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស។ សម្ដេច បានមានប្រសាសន៍ជាថ្មីទៀតថាបញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាដែរ៕សរន