​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Apple Inc កាលពី​ថ្ងៃ​ពុធ​ទី​៧​កញ្ញា​បាន​បញ្ចៀស​ការដំឡើងថ្លៃ​ទូរស័ព្ទ iPhone​ដែល​លក់ដាច់​បំផុត​របស់​ខ្លួន​ក្នុងអំឡុង​ការដាក់​បង្ហាញ​​ផលិតផល​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​របស់​ខ្លួន ដោយ​ផ្តោត​លើ​ការធ្វើឱ្យ​ប្រសើរ​ផ្នែក​សុវត្ថិភាព​ជាជាង​គ្រឿង​បច្ចេកទេស​ទំនើប​ថ្មីៗ លើកលែង​តែ​នាឡិកា ដែល​ផ្តោត​លើ​ការ​ផ្សងព្រេង​ថ្មី​។​

​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone នេះ​បាន​ងាក​ទៅរក​បច្ចេកវិជ្ជា​សុវត្ថិភាព ដូចជា​សមត្ថភាព​ក្នុង​ការស្វែងរក​គ្រោះថ្នាក់​ចរាចរណ៍ និង​ការតេហៅ​គេ​មក​ជួយ​សង្គ្រោះ​ពី​កំពូលភ្នំ​ដាច់ស្រយាល​ដើម្បី​បន្ថែម​​ភាព​ទាក់ទាញ​ដល់​ឧបករណ៍​របស់ខ្លួន​។ ក្រុមហ៊ុន Apple បាន​រក្សា​ជំហរ​ខ្លួនឯង​ជា​ម៉ាក​យីហោ ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​បន្ត​នូវ​ភាព​រំភើប​និង​ការ​ផ្សងព្រេង ជាមួយនឹង​សំណាញ់​សុវត្ថិភាព​។​

​លោក បិ​ន បា​ចារី​ន (Ben Bajarin) ប្រធាន​ផ្នែក​បច្ចេកវិជ្ជា​អ្នក​ប្រើប្រាស់​នៅ​ក្រុមហ៊ុន Creative Strategies បាន​និយាយថា លក្ខណៈ​ពិសេស​អរូបី​បែបនេះ​”​គឺជា​របស់​ដែល​ធ្វើឱ្យ​​អ្នក​មិន​គ្រាន់តែ​ចង់​បាន​ផលិតផល​នេះ​សម្រាប់​ខ្លួន​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចង់​បាន​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​ផងដែរ​។ នៅ​ទីបំផុត ការបង្កើន​ការ​សង្កត់ធ្ងន់​លើ​សុវត្ថិភាព ពោលគឺ​សុវត្ថិភាព​​ដែល​ជា​សេវាកម្ម គឺ​គួរឱ្យ​ចាប់អារម្មណ៍​សម​នឹង​តម្លៃ​”​។​

​ត្រកូល iPhone ដែល​បង្កើត​បាន​ការលក់​ពាក់កណ្តាល​របស់ Apple គឺ​មាន​ការកែប្រែ​ទៅលើ​កាមេរ៉ា​និង​អាយុកាល​ថ្ម ប៉ុន្តែ​មាន​តែ​ត្រកូល iPhone Pro ប៉ុណ្ណោះ​ដែល​ទទួលបាន​ការធ្វើ​ទំនើបកម្ម​ទៅរក​បន្ទះ​ឈីប​ថ្មី​ទាំង​ស្រុង​។​

​តម្លៃ iPhone 14 ស៊េរី​ខ្ពស់​គឺ​ដូចគ្នា​ទៅ​នឹង iPhone 13 ម៉ូ​ដែល​ឆ្នាំ​មុន​ដែរ​។ ប៉ុន្តែ Apple បាន​ទម្លាក់​ថ្លៃ​នូវ​ជម្រើស​ទូរស័ព្ទ​ថោក​បំផុត​របស់​ខ្លួន​គឺ iPhone Mini ដែល​មានន័យថា​ម៉ូ​ដែល​នេះ​​មានតម្លៃ​ទាប​ជាង​ឆ្នាំ​មុន ១០០ ដុល្លារ​។​

iPhone 14 នឹង​ចាប់ផ្តើម​នៅ​តម្លៃ ៧៩៩ ដុល្លារ និង iPhone 14 Plus ចាប់ផ្តើម​នៅ​តម្លៃ ៨៩៩ ដុល្លារ ហើយ​អាច​ធ្វើការ​កុម្ម៉ង់​បាន​ចាប់ពី​ថ្ងៃទី ៩ ខែ​កញ្ញា​។ iPhone Pro នឹង​មាន​តម្លៃ ៩៩៩ និង iPhone Pro Max ១.០៩៩ ដុល្លារ ហើយ​នឹង​ដាក់​លក់​តាម​ហាង​នៅ​ថ្ងៃទី ១៦ ខែ​កញ្ញា​។​

​លោក ថម ហ្វ​ត (Tom Forte) ជា​អ្នកវិភាគ​នៅ​ក្រុមហ៊ុន D.A. Davidson បាន​និយាយថា “​ពួកគេ​បាន​សម្រេចចិត្ត​រក្សា​តម្លៃ​ថេរ ទោះបីជា​មាន​សម្ពាធ​អតិផរណា​”​។​

​ក្រុមហ៊ុន Nintendo និង T-Mobile ក៏​បាន​និយាយ​ផងដែរ​ថា ពួកគេ​នឹង​មិន​ដំឡើងថ្លៃ​នោះទេ​។​

​ក្រុមហ៊ុន Apple បាន​និយាយថា មុខងារ SOS ភ្ជាប់​ជាមួយ​ផ្កាយរណប​របស់​ខ្លួន​នឹង​ដំណើរការ​ជាមួយនឹង​អ្នក​សង្គ្រោះបន្ទាន់​។ ក្រុមហ៊ុន​ក៏​និយាយ​ដែរ​ថា អ្នកប្រើប្រាស់​នឹង​អាច​ប្រើ​កម្មវិធី FindMy របស់​ខ្លួន​ដើម្បី​ចែករំលែក​ទីតាំង​របស់​ពួកគេ​តាមរយៈ​ផ្កាយរណប នៅពេលដែល​ពួកគេ​ពុំ​មាន​ការតភ្ជាប់​ផ្សេងទៀត​។​

​សេវាកម្ម​នេះ​នឹង​មិន​គិតថ្លៃ​រយៈពេល​ពីរ​ឆ្នាំ​ជាមួយ iPhone 14​។ Apple មិន​បាន​និយាយថា​នឹង​មាន​អ្វី​កើតឡើង​បន្ទាប់​ពី​រយៈពេល​នោះ​បាន​បញ្ចប់​នោះទេ​។​

​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Globalstar Inc បាន​កើនឡើង ២០ ភាគរយ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ក្រុមហ៊ុន​សេវាកម្ម​ផ្កាយរណប​នេះ​បាន​ប្រកាសថា ខ្លួន​នឹង​ក្លាយ​ជា​ប្រតិបត្តិ​ករ​ផ្កាយរណប​សម្រាប់​សេវា SOS គ្រាអាសន្ន​របស់ Apple ។​

​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឃូ​ភើ​ទីណូ (Cupertino) រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ ក៏​បាន​បង្ហាញ​នាឡិកា Apple Watch ថ្មី​ចំនួន​បី​ម៉ូ​ដែល​ផងដែរ រួម​ទាំង​ម៉ូ​ដែល Watch Ultra ថ្មី​ដែល​ផ្តោត​លើ​កីឡា​ខ្លាំងៗ និង​ការ​មុជទឹក ហើយ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​អ្នកឯកទេស​នាឡិកា​កីឡា​ដូចជា Garmin និង Polar ។​

​លោក រូ​ណា បូ​ហូ​វ​ដេ (Runar Bjorhovde) អ្នកវិភាគ​នៅ​ក្រុមហ៊ុន Canalys បាន​និយាយថា “Apple កំពុង​ប្រជែង​យក​ចំណែក​អ្នកប្រើប្រាស់​ដែល​មាន​ភាពស្មោះត្រង់​ខ្ពស់​ចំពោះ​ផលិតផល និង​អ្នកលក់​ដែល​មាន​ស្រាប់​របស់ខ្លួន ហើយ​គេ​នឹង​ចាំ​មើល​លទ្ធផល​នៅពេល​ខាងមុខ​”​។​

​នាឡិកា​ស៊េរី​ថ្មី​នេះ​មានតម្លៃ​ចាប់ផ្តើម ៧៩៩ ដុល្លារ​៕

​នាឡិកា​ថ្មី​និង iPhone 14 ត្រូវបាន​បង្ហាញ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ