​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ពុធ​ទី​៧​កញ្ញា​បានលើកឡើង​ពី​គំនិត​នៃ​ការបន្ថែម​ការ​រឹតត្បិត​លើ​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​​អង្គការសហប្រជាជាតិ​សម្រាប់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែន​តាមរយៈ​សមុទ្រ​ខ្មៅ ហើយ​បាន​គំរាម​បញ្ឈប់​ការផ្គត់ផ្គង់​ថាមពល​ទាំងអស់​ទៅ​កាន់​អឺរ៉ុប ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ព្រុច​សែ​ល​​កំណត់​តម្លៃ​ឧស្ម័ន​របស់​រុស្ស៊ី​។​

​នៅក្នុង​សុន្ទរកថា​ទៅកាន់​វេទិកា​សេដ្ឋកិច្ច​ក្នុង​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី លោកពូ​ទីន​បាន​និយាយថា រុស្ស៊ី​នឹងមិន​ចាញ់​សង្គ្រាម​របស់ខ្លួន​នៅ​អ៊ុយ​ក្រែន​ជាដាច់ខា​តដែល​លោក​និយា​យ​ថា​កំពុង​ធ្វើឡើង​​ដើម្បី​ធានា​សន្តិសុខ​រុស្ស៊ី និង​ដើម្បី​ការពារ​អ្នក​និយាយ​រុស្ស៊ី​នៅ​ទីនោះ​។​

​ក្នុងពេល​ជាមួយគ្នា អ៊ុយ​ក្រែន​នៅ​តែ​រក្សា​ការប្រុងប្រយ័​ត្ន​ចំពោះ​ការ​វាយបក​វិញ​របស់​ខ្លួន​នៅ​ភាគ​ខាងកើត ប៉ុន្តែ​មេទ័ព​កំពូល​របស់​ខ្លួន​បាន​ព្រមាន​ថា រុស្ស៊ី​អាច​ងាក​ទៅរក​អាវុធ​នុយក្លេអ៊ែរ​ហើយ​ប្រ​​ទេស​ផ្សេងទៀត​អាច​ត្រូវបាន​ទាញ​ចូលទៅក្នុង “​សង្គ្រាមលោកលើកទីបី​” ដែល​អូសបន្លាយ​ពេល​យូរ​។​

​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​រាយការណ៍ “​ដំណឹង​ល្អ​” ពី​តំបន់​ខា​គី​វ (Kharkiv) ភាគ​ខាងកើត​នៃ​ទីក្រុង​គៀវ ដោយ​និយាយថា តំបន់​លំនៅដ្ឋាន​មួយចំនួន​ត្រូវបាន​ដណ្តើម​មក​វិញ​ពី​កងកម្លាំង​រុស្ស៊ី​។​

​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេល​ល្ងាច លោក​ហ្សេ​លេន​ស្គី​បានលើកឡើង​ពី “​ការវាយលុក​ដ៏​ជោគជ័យ​បំផុត​នៅក្នុង​តំបន់​ដែល​ក្រុម​អ្នកកាន់កាប់​កំពុង​ប្រមូលផ្តុំ​គ្នា​” និង​បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​កាំភ្លើង​ធំ​អ៊ុយ​ក្រែន​សម្រាប់​អ្វី​ដែល​គាត់​និយាយថា​ជា​ការវាយប្រហារ​ដោយ​ជោគជ័យ​ប្រឆាំង​នឹង​កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ​នៅ​ភាគខាងត្បូង​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា កងកម្លាំង​របស់​អ៊ុយ​ក្រែន​កំពុងមាន “​វឌ្ឍនភាព​សន្សឹមៗ ប៉ុន្តែ​ពោរពេញ​ដោយ​អត្ថន័យ​” នៅលើ​សមរភូមិ ហើយ​កំពុង​មាន​ប្រៀប​លើ​រុស្ស៊ី​នៅ​ភាគខាងត្បូង​។​

​នៅពេល​សួរ​អំពី​អ្វី​ដែល​រុស្ស៊ី​ហៅថា “​ប្រតិបត្តិការ​យោធា​ពិសេស​” របស់​ខ្លួន​នៅ​ឯ​វេទិកា​នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តូក (Vladivostok) លោកពូ​ទីន​និយាយថា “​យើង​មិន​បាន​ចាញ់​នោះ​ទេ ហើយ​នឹង​មិន​ចាញ់​នោះឡើយ​”៕

​លោកពូ​ទីន​ថា​លោក​នឹង​មិន​ឱ្យ​ចាញ់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ជាដាច់ខាត​