​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៧​កញ្ញា​ថា​វ៉ាក់សាំង​បាញ់​តាម​ច្រមុះ​អាច​ជួយ​នាំយក​ជំងឺ​រាតត្បាត​កូវី​ដ​១៩​ឱ្យ​ស្ថិតក្រោម​​ការគ្រប់គ្រង បន្ទាប់​ពី​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ប្រភេទ​នេះ​ត្រូវបាន​អនុម័ត​នៅក្នុង​ប្រទេស​ឥណ្ឌា និង​ចិន​។​

WHO បាន​ស្វាគមន៍​ចំពោះ​ការរកឃើញ​ថ្មី​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស ប៉ុន្តែ​ក៏​និយាយ​ដែរ​ថា​ខ្លួន​ចង់​ឃើញ​ទិន្នន័យ​នៅ​ពីក្រោយ​វ៉ាក់សាំង ដើម្បី​វាយតម្លៃ​ថា​តើ​ត្រូវ​អនុម័ត​វា​ឬ​អត់​។​

​ចិន​កាលពី​ថ្ងៃអាទិត្យ​បានបង្ហាញ​វ៉ាក់សាំង​កូវី​ដ​បាញ់​តាម​ច្រមុះ​ដំបូង​គេ​របស់​ពិភពលោក ឈ្មោះថា Convidecia Air ដែល​ផលិត​ដោយ​ក្រុមហ៊ុន CanSino Biologics និង​ស្រូប​ឬ​ហឺត​ចូល​​ច្រមុះ​តាមរយៈ​បំពង់​ខ្ទប់​មួយ​។​

​ហើយ​ប្រទេស​ឥណ្ឌា​បាន​អនុម័ត​វ៉ាក់សាំង​កូវី​ដ​បាញ់​តាម​ច្រមុះ​សម្រាប់​ការប្រើប្រាស់​បន្ទាន់​កាលពី​ថ្ងៃ​អង្គារ ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Bharat Biotech ។​

​នាយក​ផ្នែក​គ្រាអាសន្ន​របស់ WHO លោក ម៉ៃ រ៉ា​យ​អែ​ន (Mike Ryan) បាន​និយាយថា​វ៉ាក់សាំង​បាញ់​តាម​ច្រមុះ​បាន​បង្កើត​ការឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​នៅក្នុង​ភ្នាស​រំអិល​នៃ​ផ្លូវដង្ហើម​នៅក្នុង​​សួត​។​

​លោក​បាន​ពន្យល់ថា “​អ្នក​កំពុង​បង្កើត​ខ្សែការពារ​ដំបូង​នៅ​ចំ​កន្លែង​ដែល​មេរោគ​ចូល និង​បង្ក​ការខូចខាត​យ៉ាង​ច្រើន​”​។​

​តាមរយៈ​ការធ្វើ​ដូច្នេះ វ៉ាក់សាំង​បាញ់​តាម​ច្រមុះ​អាច​ការពារ​មនុស្ស​ពី​ការឆ្លង​និង​ការចម្លង​មេរោគ​បន្ត​។​

​លោក​រ៉ា​យ​អែន​បានលើកឡើង​ពី​របៀប ដែល​វ៉ាក់សាំង​បាញ់​តាម​ច្រមុះ​និង​វ៉ាក់សាំង​ចាក់​ម្ជុល ត្រូវបាន​ប្រើប្រាស់​បញ្ចូល​គ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នានា ដូច​ជា​ជំងឺ​ស្វិត​ដៃជើង ដែល​ផ្តល់​ការការពារ​ពេញលេញ​ដល់​ប្រព័ន្ធ​ខាងក្នុង​។​

​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា ឱកាស​ដើម្បី​កាត់បន្ថយ​ទាំង​ភាព​ធ្ងន់ធ្ងរ​នៃ​ការឆ្លង​និង​ការចម្លង​បន្ត “​អាច​ផ្តល់ឱ្យ​យើង​នូវ​ការរំពឹង​ទុក​កាន់តែ​រឹងមាំ​នៃ​ការគ្រប់គ្រង​កូវី​ដរយៈពេល​វែង​”​។​

​លោក​បាន​លើកទឹកចិត្ត​ដល់​ការច្នៃប្រឌិត​ថ្មីៗ ដែល​នឹង​បង្កើត​វ៉ាក់សាំង​ជំនាន់​ទី​ពីរ​និង​ទី​បី ដែល​យើង​អាច​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ដោះស្រាយ​ការបញ្ចប់​កូវី​ដ និង​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការគំរាមកំហែង​នៃ​មេរោគ​ផ្លូវដង្ហើម​នាពេល​អនាគត​៕

ចិន​កាលពី​ថ្ងៃអាទិត្យ​បានបង្ហាញ​វ៉ាក់សាំង​កូវី​ដ​បាញ់​តាម​ច្រមុះ​ដំបូង​គេ​របស់​ពិភពលោក ឈ្មោះថា Convidecia Air ដែល​ផលិត​ដោយ​ក្រុមហ៊ុន CanSino Biologics