ដោយៈ សុផល – បាយ័ន / សៀមរាបៈ កម្ពុជា​ទទួលបាន​ពានរង្វាន់​ពិភពលោក ចំនួន​២ ពី​ស្ថាប័ន World Travel Awards ទីមួយ គឺ​ពានរង្វាន់​គោលដៅ​វប្បធម៌ ឈានមុខ​គេ ក្នុង​ទ្វីបអាស៊ី ឆ្នាំ​២០២២ (Asia’s Leading Culture Destination 2022) និង​ទី​២ ពានរង្វាន់​គោលដៅ​ទេសចរណ៍​យុវជន ឈានមុខ​គេ ក្នុង​ទ្វីបអាស៊ី ឆ្នាំ​២០២២ (Asia’s Leading Youth Travel Destination 2022)​។​

​បើតាម​ក្រសួងទេសចរណ៍​កម្ពុជា បានបញ្ជាក់​ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា នេះ​ថាៈ មុន​ឈានដល់​ការទទួលបាន​ពានរង្វាន់​ទាំងពីរ​នេះ ភ្ញៀវទេសចរ ប្រមាណ ២ លាន​នាក់​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស ប្រទេស​កម្ពុជា ជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ជា​គោលដៅ​ទេសចរណ៍​យុវជន ឈានមុខ​គេ ក្នុង​ទ្វីបអាស៊ី ឆ្នាំ​២០២២​។​

​ពិធី​ប្រគល់​ពានរង្វាន់​ទាំងនេះ ត្រូវបាន​ធ្វើឡើង នា​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍ អន្តរជាតិ ITE HCMC 2022 នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នាថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២​។​

​លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍ ជា​អ្នក​ឡើង​ទទួល​ពានរង្វាន់​ទាំងពីរ​នេះ ក្នុងនាម​តំណាង រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។​

​លោក ថោង រដ្ឋ​សក្តិ បានឱ្យដឹងថាៈ តាមរយៈ​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង​, វិធានការ​គោលនយោបាយ​ជំរុញ​ចលនា​ទេស ចរណ៍​ផ្ទៃក្នុង ឆ្នាំ​២០២១-២០២៣, ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​ដំណាក់កាល នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២០-២០២៥ ដំណាក់កាល​ទី​២ (Recovery) និង​ឈរលើ​យុទ្ធសាស្ត្រ​ចាក់​ស្រោច វ៉ាក់សាំង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើឱ្យ​កម្ពុជា មាន​សន្ទុះ​ចំនួន​ភ្ញៀវ ទេសចរ​អន្តរជាតិ កើនឡើង ៥៨០ ភាគរយ ក្នុង​រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២២ ដែលមាន​ចំនួន​ជិត ១ លាន​នាក់​។​

​កត្តា​ទាំងនេះ ធ្វើឱ្យ​កម្ពុជា ត្រូវបាន​ជ្រើសរើស តាមរយៈ​ការបោះឆ្នោត ពី​អ្នកទេសចរ ជាង ២ លាន​នាក់ ក្លាយជា​ម្ចាស់​ពានរង្វាន់​ចំនួន​២ ក្រោមប្រធានបទ «​គោលដៅ សម្រាប់​ទ្វីបអាស៊ី​» ទីមួយ​គឺ គោលដៅ​វប្បធម៌​ឈានមុខ​គេ ក្នុង​ទ្វីបអាស៊ី ២០២២ និង​ទី​ពីរ គឺ​គោលដៅ​ទេសចរណ៍​យុវជន ឈានមុខ​គេ ក្នុង​ទ្វីបអាស៊ី​ឆ្នាំ​២០២២​។
​ក្រៅពី​កម្ពុជា ក៏មាន​ប្រទេស​ដទៃទៀត ដែល​ទទួលបាន​ពានរង្វាន់​នេះដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និង វៀតណាម និង​ប្រទេស​ដទៃទៀត សរុប​ចំនួន ៣៥ ប្រទេស​។​

​លោក ថោង រដ្ឋ​សក្តិ បាន​បន្តថាៈ អ្នកដំណើរ​អន្តរជាតិ​ទាំងអស់ មក​ទស្សនា​កម្សាន្ត នៅ​កម្ពុជា តាមរយៈ​ការបើក​ឡើងវិញ​នូវ Visa-on-Arrival (Free Visa for ASEAN Travelers)​។ ចំពោះ​ភ្ញៀវទេសចរ ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ អាច​ចូលមក​តាម​ច្រកចេញ​/​ចូល​ប្រទេស គ្រាន់តែ​បង្ហាញ​កាត​/​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ រីឯ​ភ្ញៀវទេសចរ មិនបាន​ចាក់​វ៉ាក់សាំង គ្រាន់តែ​ធ្វើតេស្ត​រហ័ស​តែប៉ុណ្ណោះ​។ នេះ​សបញ្ជាក់​ឱ្យឃើញថា «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ផ្តល់​ភាពកក់ក្តៅ ស្អាត និង​បៃតង​»​។​

​លោក ថោង រដ្ឋ​សក្តិ បានបង្ហាញ​ការរំពឹងទុក​ថា តាមរយៈ​ការដាក់ចេញ​នូវ​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​ដំណាក់កាល នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២០-២០២៥, យុទ្ធនាការ​ទស្សនា​កម្ពុ​ជា​ឆ្នាំ​២០២៣ និង​ការចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE HCMC 2022 នឹង​ជួយ​ទាក់ទាញ​កំណើន​វិនិយោគិន និង​ទេសចរ​វៀតណាម កាន់តែច្រើន​ថែមទៀត ព្រោះ​វៀតណាម ជាទី​ផ្សារ​លំដាប់​ទី​២ របស់​កម្ពុជា ដែលមាន ១៨៩.៧៨២ នាក់ សម្រាប់​រយៈពេល ៧​ខែ នៃ​ឆ្នាំ​២០២២​។​

​សូមជម្រាបថា នេះ​គឺជា​ការ​ប្រារព្ធ​ខួប​ទី​២៩ ឆ្នាំ របស់​ក្រុមហ៊ុន​អន្តរជាតិ World Travel Awards ដែល​បាន​ប្រព្រឹត្តទៅ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ ស្របពេល​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE HCMC 2022 ក្រោម​ប្រធានបទ «​ការរីកចម្រើន​ឆ្ពោះទៅមុខ​ទាំងអស់គ្នា – Growing Forward Together»៕ V / N