ដោយៈ ប​.​ខុន / ភ្នំពេញៈ ភ្លៀង​ធ្លាក់​រយៈពេល ២៤ ម៉ោង គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា នៅ​ខេត្តកោះកុង មាន​កម្រិត​ដល់ ១៨១ មី​លី​ម៉ែត្រ នៅ​ខេត្ត​ព្រះសីហនុ មាន​កម្រិត ១៧៦ មី​លី​ម៉ែត្រ និង​ខេត្ត​ផ្សេងៗ​ទៀត មាន​កម្រិត​ពី​មធ្យម​ទៅ​ច្រើន តែ​មិនមាន​របាយការណ៍ ស្តីពី​ការលិចលង់​ទេ ព្រម​ពេល​ទឹកទន្លេ នៅ​គ្រប់​ស្ថានីយ​ជលសា​ស្ត្រ បាន​ងើបឡើង ជា​លំដាប់ ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ អាច​នឹង​ឡើងដល់​កម្រិត​កម្ពស់ ៨,៧ ម៉ែត្រ នៅ​ថ្ងៃទី​១២ ខែកញ្ញា និង​ទឹក​បឹង​ទន្លេសាប អាច​នឹង​ឡើងដល់​កម្រិត​កម្ពស់ ៦ ម៉ែត្រ នៅ​ថ្ងៃទី​៩ ខែកញ្ញា ស្អែក​នេះ​។​

​តាម​ព្រឹត្តិប័ត្រ​ព័​ត៍​មាន​មេគង្គ ចេញផ្សាយ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ បង្ហាញឱ្យឃើញថា កម្ពស់​ទឹក​នៅ​ស្ថានីយ​ជលសា​ស្ត្រ ទន្លេបាសាក់ ភ្នំពេញ អាច​នឹង​ឡើងដល់​កម្រិត​កម្ពស់ ៨,០៧ ម៉ែត្រ នៅ​ថ្ងៃទី​១២ ខែកញ្ញា ព្រម​ពេល​ទឹកទន្លេ​មេគង្គ នៅ​គ្រប់​ស្ថានីយ​ជលសា​ស្ត្រ ទាំង​នៅក្នុង​ប្រទេស​ថៃ ឡាវ កម្ពុជា និង​ប្រទេស​វៀតណាម បន្ត​ជន់​ឡើងជា​លំដាប់ ក្នុង​រយៈពេល ពីរ -​បី ថ្ងៃ ខាងមុខ​ទៀត​។​

​ចំណែកឯ​តាម​ព្រឹត្តិប័ត្រ​ព័​ត៍​មាន និង​ព្យាករណ៍​កម្ពស់​ទឹក ដែល​ចេញផ្សាយ​ដោយ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៨ ខែកញ្ញា បានបង្ហាញ​ឱ្យឃើញថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង មាន​កម្ពស់ ៨,០៣ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៧ ខែកញ្ញា ០,៤៥ ម៉ែត្រ នៅ​ខេត្ត ក្រចេះ មាន​កម្ពស់ ១៧,៧៦ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៧ ខែកញ្ញា ០,៣៩ ម៉ែត្រ នៅ​ខេត្តកំពង់ចាម ទឹក​មាន​កម្ពស់ ១១,៤៨ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៧ ខែកញ្ញា ០,២១ ម៉ែត្រ នៅ​ទន្លេបាសាក់ ចតុមុខ រាជធានី​ភ្នំពេញ ទឹក​មាន​កម្ពស់ ៧,៤៥ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៧ ខែកញ្ញា ០,០៦ ម៉ែត្រ នៅ​អ្នក​លឿង ទឹក​មាន​កម្ពស់ ៥,៣០ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៧ ខែកញ្ញា ០,០២ ម៉ែត្រ នៅ​ទន្លេបាសាក់ កោះ​ខែល ទឹក​មាន​កម្ពស់ ៦,៥៨ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៧ ខែកញ្ញា ០,០៧ ម៉ែត្រ នៅ​ទន្លេសាប​ព្រែក​ក្តាម ទឹក​មាន​កម្ពស់ ៦,៥៧ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៧ ខែកញ្ញា ០,០៥ ម៉ែត្រ នៅ​បឹង​ទន្លេ សាប​ក្រគរ កំពង់​លួង ទឹកបាន​ឡើងដល់​កម្ពស់ ៥,៩៦ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៧ ខែកញ្ញា ០,០៦ ម៉ែត្រ​។​

​តាម​ការ​ព្យាករ​ដដែល បង្ហាញឱ្យឃើញថា នៅ​ចតុមុខ ទឹកទន្លេ អាច​នឹង​ឡើងដល់​កម្រិត កម្ពស់ ៧,៨១ ម៉ែត្រ នៅ​ថ្ងៃទី​១១ ខែកញ្ញា​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍ កាលពីដើម​រដូវ​ថា ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ​ជលសា​ស្ត្រ ទន្លេបាសាក់ ចតុមុខ ក្នុង​រដូវវស្សា​ឆ្នាំ​២០២២ អាច​ឡើងដល់​កម្រិត​ក​ម្ព​ស់ ៩,៦៥ ម៉ែត្រ ដែល​ចាត់ទុកថា ជា​ប្រភេទ​ជំនន់​មធ្យម​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៨ ខែកញ្ញា​ថា របាយ​ទឹកភ្លៀង ធ្លាក់​រយៈពេល ២៤ ម៉ោង គិត​ត្រឹម​ព្រឹក​ថ្ងៃនេះ (៨​កញ្ញា​) នៅ​ខេត្ត មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី ១១ ដល់ ២៦ មី​លី​ម៉ែត្រ​, ខេត្តកំពត មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​តិច​ដល់ ៣៥ មី​លី​ម៉ែត្រ​, ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី ៧២ ដល់ ១៧៦ មី​លី​ម៉ែត្រ​, ខេត្តកោះកុង មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី ៧១ ដល់ ១៨១ មី​លី​ម៉ែត្រ​, ខេត្ត​ត្បូងឃ្មុំ មាន​ភ្លៀង​កម្រិត​ពី ១១ ដល់​៧១ មី​លី​ម៉ែត្រ​, ខេត្តតាកែវ មាន​ភ្លៀង​ពី​តិច​ដល់ ១០ មី​លី​ម៉ែត្រ​, ខេត្ត​ប៉ៃលិន មាន​ភ្លៀង​ពី ៩​ដល់​៣៣ មី​លី​ម៉ែត្រ​, ខេត្តមណ្ឌលគិរី មាន​ភ្លៀង​ពី​តិច​ដល់ ៣៨ មី​លី​ម៉ែត្រ​, ខេត្តពោធិសាត់ មាន​ភ្លៀង​កម្រិត​ពី ៧​ដល់​១១៤ មី​លី​ម៉ែត្រ​, ខេត្តព្រៃវែង មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ៣៨ មី​លី​ម៉ែត្រ​, ខេត្តកំពង់ស្ពឺ មាន​ភ្លៀង​ពី​តិច​ដល់ ៤៧ មី​លី​ម៉ែត្រ​, ខេត្តស្វាយរៀង មាន​ភ្លៀង​ពី​តិច​ដល់ ១១ មី​លី​ម៉ែត្រ​, ខេត្តបន្ទាយមានជ័យ មាន​ភ្លៀង​ពី​តិច​ដល់ ៤៥ មី​លី​ម៉ែត្រ​, ខេត្តកណ្តាល មាន​ភ្លៀង​ពី​តិច​ដល់ ៥៤ មី​លី​ម៉ែត្រ​, ខេត្តរតនគិរី​មាន​ភ្លៀង​ពី​តិច​ដល់ ១០ មី​លី​ម៉ែត្រ​, ខេត្តស្ទឹងត្រែង មាន​ភ្លៀង​ពី​តិច​ដល់ ៣៩ មី​លី​ម៉ែត្រ​, ខេត្តកំពង់ធំ មាន​ភ្លៀង​ពី​តិច​ដល់ ៧០ មី​លី​ម៉ែត្រ​, ខេត្តសៀមរាប មាន​ភ្លៀង​ពី​តិច​ដល់ ៦៩ មី​លី​ម៉ែត្រ​, ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​តិច​ដល់ ៤៨ មី​លី​ម៉ែត្រ​, ខេត្តព្រះវិហារ មាន​ភ្លៀង​ពី ១២ ដល់ ៧៣ មី​លី​ម៉ែត្រ​, ខេត្តបាត់ដំបង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច ដល់ ៨៤ មី​លី​ម៉ែត្រ និង​ខេត្តកំពង់ចាម មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច ដល់ ៧៩ មី​លី​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៣ ខែកញ្ញា​ថា ព្រះរាជា​ណា ចក្រ​កម្ពុជា ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ), សម្ពាធ​ទាប និង​ខ្យល់មូសុង និរតី បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ បង្កឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថា យោងតាម​ស្ថានភាព​ធាតុអាកាស ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ប្រជាពលរដ្ឋ​រស់នៅ​បណ្តា​ខេត្ត​ក្នុងភូមិ​សាស្ត្រ​ជាប់ តំបន់​ជួរ​ភ្នំ ទី​ទំនាប និង​ជាប់​ផ្លូវទឹក សូម​បង្កើន​ការ​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង ដែល​អាច​នឹង​កើតមាន នៅ​អំឡុង​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៩ ខែកញ្ញា និង​នៅលើ​ផ្ទៃសមុទ្រ ក៏មាន​ភ្លៀងខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ៗ​ផងដែរ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែកញ្ញា​។​

​ស្ថានភាព​អាកា​ធាតុ​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ២២ ទៅ ២៤ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ​។ អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕ V​ / N