ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានគាំទ្រការបង្កើតឲ្យមានក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុ ជា,គាំទ្រកិច្ចផ្តួចផ្ដើមបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា និង គំនិតផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្របែបនេះបន្ទាប់ពីលោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI អាស៊ីប៉ាស៊ីហ្វិក(KSI Strategic Institute for Asia Pacific)បានស្នើឡើងនៅក្នុងជំនួបនាព្រឹកថ្ងៃទី ៨ ខែកញ្ញា ២០២២ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖លោកTan Sri Michael Yeohបានគោរព សម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោដែលកំពុងទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ានក្នុងនាមជាប្រធានអាស៊ាននិងទទួលបានជោគជ័យក្នុងការរក្សាសន្តិភាពនិងស្ថិរភាពធ្វើឲ្យកម្ពុជាជាកន្លែងទាក់ទាញប្រកបដោយសក្ដានុពលសម្រាប់ការវិនិយោគដែលជាកត្តានាំឲ្យកម្ពុជាមានការអភិវឌ្ឍន៍ឆាប់រហ័ស។

លោក Tan Sri Michael Yeoh បានគោរពជម្រាបជូនសម្ដេចតេជោថាបំណងរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះគឺទីមួយគោរពសុំការ គាំទ្រនិងអនុញ្ញាតពីសម្ដេចតេជោចាប់ផ្ដើមដាក់ដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ានដែលមានទិសដៅជាចម្បងចូលរួមចំណែកផ្តល់ធាតុចូលដល់អាស៊ាននិងជាស្ពានរវាងអាស៊ានស្ថាប័នអន្តរជាតិនិងវិស័យជ្សេងៗ។ទី២.សុំការគាំទ្រលើគំនិតផ្ដួចផ្ដើមឲ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជានិងការបង្កើតមូលនិធិ អភិវឌ្ឍន៍កម្ពុជាដែលមូលនិធីនេះសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជាជាពិសេសលើវិស័យព័ត៌មានវិទ្យា និងបញ្ញាសិប្បនិមិត្ត ។

ជាការឆ្លើយតបសម្ដេចតេជោបានស្វាគមន៍និងគាំទ្រការបង្កើតឲ្យមានក្លឹបសេដ្ឋកិច្ចអាស៊ាន,សម្ដេចតេជោបានផ្ដល់ជាអនុសាសន៍ថាបន្ថែមទៅលើអ្វីដែលក្លឹបសេដ្ឋកិច្ចអាស៊ានចង់ធ្វើគួរពិចារណាចូលរួមចំណែកនិងការពិនិត្យវាយតម្លៃនិងផ្ដល់ធាតុចូលដល់អាស៊ានផងនិងផ្សព្វផ្សាយអំពីលទ្ធផលការងាររបស់អាស៊ានផង។សម្ដេចតេជោក៏បានគាំទ្រកិច្ចផ្តួចផ្ដើមបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា។ដោយឡែកការបង្កើតតំបន់សេដ្ឋកិច្ចបៃតងសម្ដេចតេជោបានមានប្រសាសន៍ថាគំនិតនេះគឺស្ថិតនៅក្នុងសំណើររបស់កម្ពុជាលើកទៅអាស៊ានកន្លងមកកម្ពុជាបានស្នើឱ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន ៕