ដោយៈ សុផល / ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​៧ ខែកញ្ញា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ប្រចាំ​សប្តាហ៍​ទី​១ ខែកញ្ញា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រីរាជការ​មកពី​អង្គភាព ក្រោម​ឱវាទ​ក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​ការងារ​សំខាន់ៗ ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការងារ​ដឹកជញ្ជូន​តា​ម​ផ្លូវទឹក ការអភិវឌ្ឍ​គម្រោង​បច្ចេកវិទ្យា​ថ្មីៗ និង​ទិសដៅ​សកម្មភាព​ការងារ​បន្ត ដែល​លើកឡើង ដោយ​អង្គភាព​ពាក់ព័ន្ធ​ក្រោម ឱវាទ​ក្រសួង ព្រមទាំង​ការប្រកាស​សុពលភាព​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ទើប​ទទួលបាន​ការតែងតាំង​ថ្មី មួយចំនួន​ផងដែរ​។

 រូបថត : លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន

​កិច្ច​ប្រជុំបាន​ពិភាក្សា​ដោយ​ផ្តោត​សំខាន់​លើ​ការងារ រួមមាន​ដូចជា
(១) បញ្ហា​ជំនន់​ទឹកភ្លៀង ដែល​បាន​ជន់​លិច​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ មួយចំនួន នៅក្នុង​ខេត្តសៀមរាប​។ (២)​វឌ្ឍនភាព​ការងារ​គម្រោង​បច្ចេកវិទ្យា​អភិវឌ្ឍ​មុខងារ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ (Road Care Supervision) ដែលជា​មុខងារ​បន្ថែម​ថ្មី​នៅក្នុង​កម្មវិធី​ថែទាំ​ផ្លូវ (Road Care APP)​។
(៣) វឌ្ឍនភាព​ការងារ​ដឹកជញ្ជូន​ផ្លូវទឹក និង​គម្រោង​ថ្មីៗ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ដែល​បាននិងកំពុង​សិក្សា​សមិទ្ធិ​លទ្ធភាព ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ (៤) វឌ្ឍនភាព​ការងារ​ត្រៀម​រៀបចំ​សម្រាប់​ការដាក់ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ នៅ​ដើមខែ​តុលា ឆ្នាំ​២០២២ ខាងមុខ និង​
(៥) វឌ្ឍនភាព​ការងារ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ និង​គម្រោង​សាងសង់ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត ដែលជា​គម្រោង​មាន​សារៈសំខាន់ ក្នុងការ​ជំរុញ​កំណើន សេដ្ឋកិច្ច និង​ការដឹកជញ្ជូន​នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​គម្រោង​សិក្សា​សេវា​ដឹក ជញ្ជូន​សាធារណៈ សំខាន់ៗ រួមមាន គម្រោង​រថភ្លើង​AGT (​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង ស្វ័យប្រវត្តិ​) គម្រោង​រថភ្លើង​លើ​អាកាស (Monorail) និង​គម្រោង​រថភ្លើង​ក្រោម​ដី (Subway) ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ និង គម្រោង​សិក្សា​លើ​ការធ្វើ​ទំនើបកម្ម ប្រព័ន្ធ​ខ្សែ​ផ្លូវ​រថភ្លើង ភ្នំពេញ​-​ប៉ោយប៉ែត និង​ភ្នំពេញ -​ក្រុងព្រះសីហនុ ដើម្បី​ប្រែក្លាយ​ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​កម្ពុជា​៕ V / N