ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​រសៀល​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់ ជាង ៣​ម៉ឺន​ដុល្លារ ក្រោមរូបភាព​លក់ដុំ​ពេជ្រ​ក្លែងក្លាយ​។​

​ជនសង្ស័យ មានឈ្មោះ មិត្ត លាប អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​១ នៅ​ចំណុច​បុរី លឹម​ឈាង​ហាក់ ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ ខាងលើ និង​ជនរងគ្រោះ បាន​រាប់អាន​គ្នា​យូរ​ឆ្នាំ​មកហើយ ។ មុនពេល​កើតហេតុ ជនសង្ស័យ បាន​ប្រាប់​ជនរងគ្រោះ​ថា គេ​មាន​ដុំ​ពេជ្រ​មួយ​ដុំ​ធំ លក់​ក្នុងតម្លៃ ៣១.០០០ ដុល្លារ​។ ដោយមាន​ការជឿទុកចិត្ត​លើ​ការ​រាប់អាន​គ្នា​កន្លងមក ជនរងគ្រោះ បានប្រគល់​ប្រាក់​ចំនួន ៣១.០០០ ដុល្លារ ឱ្យទៅ​ជនសង្ស័យ ដើម្បី​យកទៅ​ទិញ​ដុំ​ពេជ្រ​នោះ​ហើយ​ជនសង្ស័យ បានធ្វើ​ដំណើរ​ទៅ​ខេត្ត​ប៉ៃលិន​បាត់​ឈឹង រយៈពេល ៤​ខែ​។ លុះដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ ក៏បាន​ត្រឡប់មកវិញ ហើយក៏​បាន​ជួប​ជនរងគ្រោះ ដើម្បី​យក​ដុំ​ពេជ្រ មក​បង្ហាញ ហើយ​ជនរងគ្រោះ ក៏​នាំ​ជនសង្ស័យ ទៅ​ជួប​ជាមួយ​ជាង​ច្នៃត្បូង​នៅ​ម្តុំ​ផ្សារ​តាខ្មៅ ខេត្តកណ្តាល ដើម្បី​ពិនិត្យមើល ស្រាប់តែ​ជាង​ច្នៃ​ពេជ្រ ឆ្លើយថា ជា​ដុំ​ពេជ្រ​ក្លែងក្លាយ​។​

​ក្រោយមក ជនសង្ស័យ បាន​បញ្ចុះបញ្ចូល​ជនរងគ្រោះ រួច​ជម្លៀស​ខ្លួន​រត់គេចខ្លួន បាត់ស្រមោល រហូតដល់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ ។ ជនរងគ្រោះ បាន​ជួប​ជាមួយ ជនសង្ស័យ​ដោយ​ចៃដន្យ នៅ​ស្ថានីយប្រេងឥន្ធនៈ ជិត​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ នាំទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕ V / N