ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ជំនន់​ទឹកភ្លៀង មួយលើកទៀត (​ឬ​ជា​លើក​ទី​២) នា​រដូវវស្សា​ឆ្នាំ​២០២២ នេះ នា​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ បាន​មកដល់​ភាគខាងត្បូង និង​ខាងលិច ខេត្តបន្ទាយមានជ័យ​ហើយ​។​

​មន្ត្រី​អាជ្ញាធរ​ដែនដី និង​កងកម្លាំង​សមត្ថកិច្ច បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​៨ ខែកញ្ញា​នេះ​ថា​: ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ បានចាប់ផ្តើម​នៅ​ម៉ោង ៥:៣០ នាទី​ព្រឹក ថ្ងៃទី​៨ កញ្ញា ២០២២ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​
​ក្នុងនោះ កម្លាំង​វរ​សេនា​តូច​លេខ​៥១១ នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ចុះជួយ សង្គ្រោះ ប្រជាពលរដ្ឋ ចំនួន ៥ គ្រួសារ ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​។​

​ចំណែក​នៅជាប់​អូរ​ព្រំដែន​កម្ពុជា ថៃ នៅ​ភូមិ​ក្បាល​ទំនប់ ឃុំ​អូរ​សំព័រ និង​ភូមិ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជំនន់​ទឹកភ្លៀង​ពី​តំបន់​ព្រំដែន​កម្ពុជា ថៃ បានចាប់ផ្តើម​លិច​ទីធ្លា​ផ្ទះ​ពលរដ្ឋ និង​វាល​ចម្ការ​។​

​មន្ត្រីនគរបាល បានឱ្យដឹងថាៈ ដោយមាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨១៥ បាន​ចាត់​លោក​វរសេនីយ៍ទោ សួន ពេជ្រ មេបញ្ជាការរង ដឹកនាំ​កម្លាំង ចុះជួយ​រៀបចំ​អីវ៉ាន់ របស់​ប្រជាពលរដ្ឋ ពី​ជំនន់​ទឹកភ្លៀង ទៅរក​ទីទួល​សុវត្ថិភាព ហើយ ក៏មាន​មន្ត្រី​អាជ្ញាធរ យុវជន សហការ​ជាមួយ​កម្លាំងយោធា​ស្រុក កងរាជអាវុធហត្ថ​ស្រុក ផងដែរ ក្នុង​ការងារ​សង្គ្រោះ​មួយ​នេះ​៕ V / N