ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ ក្រុមការងារ​កម្ពុជា ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួងបរិស្ថាន ដឹកនាំ​ដោយ​លោក គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់ ស្តីពី ការរៀបចំ​គម្រោង​បន្ស៊ាំ​ឆ្លងដែន​។​

កិច្ចប្រជុំ​ត្រូវបាន​ដឹកនាំ​ដោយ លោកស្រី ឃ្វៀន ហុង ផុង ( Nguyen Hong Phuong) អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​វៀតណាម (VNMC) និង​ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​នៃ​ប្រទេស​ជា​សមាជិក កម្ពុជា ឡាវ ថៃ និង​វៀតណាម ជំនាញការ​អន្តរជាតិ និង​ក្រុមការងារ លេខាធិការដ្ឋាន គណកម្មកា​ធិ​ការ​ទន្លេមេគង្គ​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី​៖ (១) រាយការណ៍​អំពី​ស្ថានភាព និង​ការងារ​បន្ត​នៃ​សំណើ​គម្រោង​សម្រាប់​មូលនិធិ​អាកាសធាតុ​បៃតង (GCF)៖ ការគ្រប់គ្រង​ទឹកជំនន់ និង​ភាពរាំងស្ងួត​ចម្រុះ និង​ប្រព័ន្ធ​ជូនដំណឹង​ជាមុន សម្រាប់​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ក្នុង​អាង​ទន្លេមេគង្គ​ក្រោម (២) រាយការណ៍​អំពី​គម្រោង​បន្ស៊ាំ​ថ្មី​ក្នុង​តំបន់​ដីសណ្តរ​មេគង្គ​៖ ការកសាង​ភស្តុតាង​ជា​មូលដ្ឋាន​សម្រាប់​សំណើ​យុទ្ធសាស្ត្រ​បន្ស៊ាំ និង​សំណើ​ឯកសារ​ទស្សនទាន​គម្រោង (៣) ពិភាក្សា និង​ប្រមូល​មតិយោបល់ ស្តីពី​គម្រោង​ដីសណ្តរ​មេគង្គ និង (៤) ពិភាក្សា និង​ឯកភាព​លើ​ការងារ​បន្ត ដើម្បី​អនុវត្ត​សកម្មភាព​រៀបចំ​គម្រោង​បន្ស៊ាំ​ឆ្លងដែន​៕​