ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​ថ្នាក់ យកចិត្តទុកដាក់​សហ​ការ បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ នៅតាម​វត្ត​អារាម​នានា នៅក្នុង​រាជធានី​ភ្នំពេញ ។​

​ការស្នើ​នេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៤០ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ក្រោម​អធិប​តិ​ភាព លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ តំណាងអោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ លោក ម៉ប់ សារិន បាន​មានប្រសាសន៍ កោតសរសើរ​ចំពោះ​សមត្ថកិច្ច ដែល​បាន​ខិតខំ បង្ការ ទប់ស្កាត់ បទល្មើស​ព្រហ្មទណ្ឌ ពិសេស​បទល្មើស​ឧក្រិដ្ឋ ឱ្យមាន​ការថយចុះ ។ ទន្ទឹមនឹងនេះ ការបង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន ៨០ ករណី ក្នុងនោះ ការជួញដូរ​គ្រឿងញៀន​បាន ៥៣ ករណី​។ បន្ថែម​ពីនេះ​ទៀត អាជ្ញា​ធរមាន​សមត្ថកិច្ច នៅបាន​យកចិត្តទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់ អ្នកលក់ដូរ​ចល័ត តាម​ដងផ្លូវ​សាធារណៈ និង​អ្នកលក់ដូរ​នៅនឹងកន្លែង ដោយបាន​ធ្វើការ​អប់រំ​ណែនាំ ឱ្យមាន​សណ្ដាប់ធ្នាប់​ល្អ​ថែមទៀត​។​

​ជាមួយនឹង​ស្នាដៃ​ខាងលើ លោក​ម៉ប់ សារិន បាន​សំណូមពរ អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​ថ្នាក់ យកចិត្តទុកដាក់​សហ​ការ បង្ក្រាប​ក្រុម​ក្មេង​ទំនើង ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យ កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ តាម​វត្ត​អារាម នាពេលខាងមុខ​។​

​ពាក់ព័ន្ធ​នឹង​ការស្នើ​ឡើង​របស់ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដោយ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​ថ្នាក់ យកចិត្តទុកដាក់​សហ​ការ បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ លោក មាន ចាន់​យ៉ា​ដា បាន​មានប្រសាសន៍​បញ្ជាក់ថាៈ ជុំ​វី​ញ​បញ្ហា​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ដោយនៅ​ថ្ងៃទី​១៥ កញ្ញា ខាងមុខនេះ លោក​អភិបាល រាជធានី​ភ្នំពេញ នឹង​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ដើម្បី​ដាក់ចេញ ជា​វិធានការ​ម៉ឹងម៉ាត់​មួយចំនួន ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្នុងនោះ មាន​ទាំង​ការដាក់ចេញ​ជា​វិធានការ ធ្វើយ៉ាងណា​ឱ្យ​ភូមិ សង្កាត់ មាន​សុវត្ថិភាព ការរៀបចំ សណ្តាប់ធ្នាប់​សាធារណៈ និង​ការសម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ សំដៅ​ធ្វើយ៉ាងណា ឱ្យ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅពេល​ខាងមុខនេះ ដំណើរ​ទៅដោយ​រលូន មាន​សន្តិសុខ សុវត្ថិ​ភាពល្អ បង្ក​ភាពកក់ក្តៅ និង​ជឿ​ួ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​៕/V​