ចិន​ប្រាប់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថា ចិន​នឹងមិន​បោះបង់​ទឹកដី​របស់ខ្លួនសូម្បីតែ​មួយ​មី​លី​ម៉ែត្រ​

3320
ចែករម្លែក

​ចិន​ប្តេជ្ញា​ធ្វើការ​អភិវឌ្ឍ​ដោយ​សន្តិវិធី​ហើយនឹង​មិន​បង្ក​ភាពវឹកវរ​សំរាប់​ពិភពលោក​ទេ តែ​អំពី​បញ្ហា​ពាក់ព័ន្ធ​អធិបតេយ្យភាព ខ្លួន​នឹងមិន​បោះបង់ចោល​ទឹកដី​”​សូម្បី​​តែមួយ​មី​លី​ម៉ែត្រៗ នេះ​ជា​អ្វីដែល​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​ប្រាប់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជី​ម ម៉ា​តទី​សកាល​ពីថ្ងៃ​ពុធ​ទី​២៧​មិថុនា​ក្នុងពេល​លោក​ធ្វើ​
​ទស្សនកិច្ច​ចិន​។​

​លោក​ស៊ី​បាន​ជួប​លោក​ម៉ា​តទី​ស នៅ​មហាសាល​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​។​

​លោក​ប្រធានាធិបតី​បាន​និយាយថា ចិន​មិនមែនជា​អ្នក​វាតទី​និយម​និង​ក៏​មិន​ស្វះស្វែង​ធ្វើ​អាណានិគម​អ្នកដទៃ តែ​គោលជំហរ​របស់ខ្លួន​គឺ​”​រឹងមាំ​និង​ច្បាស់លាស់​” លើ​​បញ្ហា​ទាក់ទង​នឹង​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​។​

​លោក​ស៊ី​ត្រូវបាន​ស្រង់​សម្តី​ដូចដែល​បាន​មានប្រសាសន៍ថា​” យើង​មិនអាច​បាត់បង់​មួយ​មី​លី​ម៉ែត្រ​នូវ​ទឹកដី​ដែល​ដូនតា​យើង​បន្សល់​ទុកអោយ​។​ក្នុងពេល​ជាមួយគ្នា យើង​​មិន​ចង់បាន​សូម្បីតែ​បន្តិច​នូវ​អ្វី​ដែលជា​របស់​អ្នកដទៃ​”​។​

​លោក​បាន​បន្ថែមថា មហាសមុទ្រ​ប៉ាស៊ីហ្វិក​ធំ​ល្មម​សំរាប់​តំរូវ​ចិត្ត​អាមេរិក​និង​ចិន ព្រមទាំង​ប្រទេស​ដទៃទៀត​។​

​សូមបញ្ជាក់ថា​ ​ចិន​អះអាង​កម្មសិទ្ធិ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ធំធេង​ដោយ​ជាន់​លើ​ដែនទឹក​និង​កោះ​ដែល​ប្រទេស​អាស៊ាន​៤​និង​កោះ​តៃវ៉ាន់​អះអាងថា​ជា​កម្មសិទ្ធិ​​របស់គេ​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​ម៉ា​តទី​ស​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​រវាង​អាមេរិក​និង​ចិន​អំពី​បញ្ហា​ពាណិជ្ជកម្ម​ ​សមុទ្រ​ចិន​ខាងត្បូង​និង​កោះ​តៃវ៉ាន់​។​ប្រមុខ​ការពារជាតិ​​អាមេរិក​រូបនេះ​បាន​រិះគន់​ជា​ចំហ​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ដាក់​យោធា​នៅ​បណ្តា​កូន​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ថា​គោលបំណង​របស់​ចិន​​គឺ​”​បំភិតបំភ័យ​និង​បង្ខិតបង្ខំ​”​។​

​ជាការ​ឆ្លើយតប​ជំហាន​ដំបូង ចិន​ត្រូវបាន​អាមេរិក​ដកចេញ​ពី​សម​យុទ្ធ​ពហុ​ជាតិ​ជ្រោយ​ប៉ាស៊ីហ្វិក​(RIMPAC)​ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មិថុនា​នៅ​កោះ​ហា​វ៉ៃ​។​

​ប្រភព​នៃ​ការក្តៅក្រហាយ​មួយទៀត​គឺ​អំពើ​របស់​អាមេរិក​ចំពោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​របស់ខ្លួន​។​មុននេះ អាមេរិក​បានអនុម័ត​ច្បាប់​មួយ​ដែល​អនុ​ញ្ញា​​ត​អោយមាន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ថ្នាក់ខ្ពស់​នៃ​រដ្ឋាភិបាល​ទាំងពីរ និង​ថែមទាំង​បើក​បរិវេណ​វិទ្យាស្ថាន​មួយ​ដែល​ត្រូវបាន​គេ​គិតថា​ជា​ស្ថានទូត​អាមេរិក​​តាម​ការជាក់ស្តែង​នៅ​តៃវ៉ាន់​ទៀតផង​។​

​មុន​ដំណើរ​មកដល់​របស់​ម៉ា​តទី​ស នាវាចម្បាំង​ចិន​ធ្វើ​សមយុទ្ធ​នៅក្នុង​ដែនទឹក​ជិត​កោះ​តៃវ៉ាន់ ខណៈ​នាវា​ដឹក​យន្តហោះ​អាមេរិក​បាន​ចូល​ចត​ហ្វីលីពីន ៕ដោយ៖វាសនា

​លោក​ស៊ី បាន​ប្រាប់​ម៉ា​តទី​ស​ថា ប្រទេស​ទាំងពីរ​គួរ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ដោយ​ផ្អែកលើ​គោលការណ៍​គោរព​គ្នា​និង​កិច្ចសហការ​ឈ្នះ​ឈ្នះ​

​កាលពី​ថ្ងៃ​ពុធ លោក​ម៉ា​តទី​ស​ក៏បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ចិន លោក​វេ ហ្វេ​ង​ហឹ ដែល​បាន​បញ្ជាក់ប្រាប់​អំពី​ជំហរ​របស់​ចិន​អំពី​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង​និង​​ឧបទ្វីប​កូរ៉េ​

ទីតាំងផ្សាយពាណិជ្ជកម្ម