ដោយ​៖ រ៉ា​ម៉ន / ហូជីមិញ​៖ ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​គណៈប្រតិភូ​សាលា​រាជធានី ភ្នំពេញ នៅ​ទីក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ត្រូវបាន​បញ្ចប់ នៅ​ថ្ងៃទី​៨ កញ្ញា ខណៈដែល​លោក​អភិបាល និង​លោកស្រី រួមទាំង​ប្រតិភូ​រួម​ដំណើរ បាន​ចូលរួម​ក្នុង​ពិធី សម្ពោធ​ពិព័រណ៍​ផ្សារណាត់​ទេសចរណ៍​អន្តរជាតិ (ITE) លើក​ទី​១៦ នៅ​ទីក្រុង​ហូជីមិញ ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២២ ដែលមាន​ប្រទេស​ជាច្រើន ក្នុង​ពិភពលោក ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវទេសចរ ក៏​ដូច​បើក​ទីផ្សារ​ទេសចរណ៍​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​.១៩​។​

រូបថត : លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ

​នាឱកាស​នោះ លោក ឃួ​ង ស្រេង ក៏បាន​ជួប​សំដែង​ការគួរសម ចំពោះ​លោក PHAN VAN MAI ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូ​ជី​មី​ញ​ផងដែរ​។ លោក PHAN VANMAI បានបង្ហាញ​នូវ​ទឹកចិត្ត​ស្និទ្ធស្នាល និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ រាក់ទាក់ ចំពោះ​លោក ឃួ​ង ស្រេង និង​ប្រតិភូ​ដែល​បានមក​បំពេញ​ទស្សនកិច្ច នាពេលនេះ នៅ​ទីក្រុង​ហូ​ជី​មី​ញ ចំពេល​នៃ​ការបើក​សម្ពោធ​ពិព័រណ៍​ផ្សារណាត់​ទេសចរណ៍​អន្តរជាតិ (ITE) លើក​ទី​១៦ សំដៅ​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ និង​ជំរុញ​ទីផ្សារ​ទេសចរណ៍ ឲ្យ​ដំណើរ​ការល្អ​ប្រសើរឡើង​វិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ១៩​។​

​លោក PHAN VAN MAI ក៏បាន​ជំរុញ​ឲ្យ​មានការ​កើនឡើង​បន្ថែមទៀត រវាង​ទីក្រុង​ទាំង​២ ហូ​ជី​មី​ញ​-​ភ្នំពេញ លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​, វិនិយោគ​, ទេសចរណ៍​, សុខាភិបាល អប់រំ​ជាដើម និង​ជាប់​ជាប្រចាំ​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ក្នុងនាម​ទីក្រុង​សម្ព័ន្ធភាព​។​

​ជាមួយគ្នា​នោះដែរ លោក ឃួ​ង ស្រេង បាន​ឯកភាព​តាម​ការលើកឡើង​របស់​លោក PHAN VAN MAI ទៅលើ​ការផ្តល់​ឱកាស​ដល់​អ្នក​វិនិយោគ​នៃ​ទីក្រុង​ទាំង​២ តាមរយៈ​ការលើកទឹកចិត្ត និង​ផ្សព្វផ្សាយ​ពី​ច្បាប់​វិនិយោគ ដើម្បីឱ្យ​អ្នកវិនិយោគ បាន​យល់​កាន់តែច្បាស់ ពី​គោលបំណង​វិនិយោគ រវាង​ទីក្រុង​ទាំង​២ ។​

​លោក​អភិបាល ក៏បាន​អបអរសាទរ​ផងដែរ ចំពោះ​ការលើកឡើង​របស់លោក PHAN VAN MAI លើ​ការពង្រឹង​គុណភាព​សេវា​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​ជោ​រី ភ្នំពេញ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ក្នុងការ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទូទាំងប្រទេស​ថែមទៀត ដើម្បី​កាត់បន្ថយ​ចំណាយ ក្នុងការ​ទៅ​ព្យាបាល នៅក្រៅ​ប្រទេស​។​

​ក្នុងឱកាស​នោះដែរ ភាគី​វៀតណាម បានលើកឡើង​ពី​គោលបំណង បញ្ជូន​ក្រុមគ្រូពេទ្យ ជំនាញ មកជួយ​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​ជោ​រី ឬ ទទួលយក​ក្រុមគ្រូពេទ្យ​កម្ពុជា ទៅ​បណ្តុះបណ្តាល នៅ​វៀតណាម ៕ V / N