​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ កាលពី​ថ្ងៃ​ពុធ​ទី​៧​កញ្ញា មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​សំខាន់​របស់​ឥណ្ឌា​បាន​ចាប់ផ្តើម​ការហែក្បួន​ដ៏​វែង​នៅ​ទូទាំង​ប្រទេស​។​

​អ្នក​អមដំណើរ​លោក រ៉ា​ហ៊ុល គន្ធី (Rahul Gandhi) ក្នុង​ការហែក្បួន​ដើម្បី “​បង្រួបបង្រួម​ឥណ្ឌា​” គឺ​សមាជិក​ជាង ១០០ នាក់​នៃ​គណបក្ស​សមាជ​របស់​គាត់​។ វា​នឹង​ជា​ដំណើរ​រយៈពេល​ប្រាំ​ខែ ដែល​មាន​ចម្ងាយ ៣.៥៧០ គីឡូម៉ែត្រ​ឆ្លងកាត់​រដ្ឋ​ចំនួន ១២​។ ក្នុង​ដំណើរ​នេះ លោក​គន្ធី​នឹង​ជួប​ប្រជាជន​នៅ​ពេល​ថ្ងៃ ហើយ​ដេក​ក្នុង​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ពេលយប់​។ ដំណើរ​នេះ​នឹង​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​វេ​បសាយមួយ ហើយ​បទ​ចម្រៀង​នឹង​ត្រូវ​ចាក់​ដើម្បី​ផ្សព្វផ្សាយ​សារ​របស់​បក្ស​។​

​ការហែក្បួន​ឈ្មោះថា​បា​រ៉ាត់​ចូ​ដូ​យ៉ា​ត្រា (Bharat Jodo Yatra ឬ ការហែក្បួន​រួបរួម​ឥណ្ឌា​) គឺជា​ការងារ​នយោបាយ ដែល​ផ្តោត​គោលដៅ​លើ​គណបក្ស​បា​រ៉ា​ទី​យ៉ា​ចា​ណាតា (Bharatiya Janata Party– BJP) របស់​នាយក​រដ្ឋមន្ត្រី​ណារិ​នដ្រា ម៉ូ​ឌី​។ លោក សា​ស៊ី ថា​រួ (Shashi Tharoor) មេដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស​សមា​ជ បាន​ប្រាប់ប៊ី​ប៊ី​ស៊ីថា “​និយាយ​រួម​យើង​កំពុង​ចូលរួម​ក្នុង​ការ​​តស៊ូ​ដើម្បី​ភាព​រស់រាន​របស់​បក្ស​និង​ដើម្បី​ការពារ​គំនិត​របស់​ឥណ្ឌា​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ សារ [​នៃ​ការហែក្បួន​នេះ​] គឺថា យើង​ជា​គណបក្ស​ដែល​អាច​បង្រួបបង្រួម​ឥណ្ឌា​និង​បញ្ឈប់​ដំណើរ​​ការ​នៃ​ការបែងចែក​ពួកយើង​ដោយ​ផ្អែក​លើ​សាសនា វណ្ណៈ និង​ភាសា ដែល​ត្រូវបាន​លើកតម្កើង​ដោយ​គណបក្សកាន់អំណាច​”​។​

​ការដើរ​ដង្ហែ​ក្បួន​នេះ​គឺ​ជា​ការប៉ុនប៉ង​ដើម្បី​ស្តារឡើងវិញ​នូវ​ស្មារតី​នៃ​គណបក្ស​ដែល​បាក់ស្បាត​មួយ​នេះ និង​លើកតម្កើង​រូបភាព​មេដឹកនាំ​របស់​ខ្លួន​។ លោក ចៃរ៉ា​ម រ៉ា​ម៉េស (Jairam Ramesh)​ជា​មេ​ដឹក​​នាំ​មួយរូប​ផ្សេង​ទៀត​របស់​គណបក្ស​ស​មា​ជ បាន​និយាយថា “​យើង​នឹង​ចេញ​ទៅ​ស្តាប់​ប្រជាជន មិនមែន​ទៅ​ប្រដៅ​ពួកគេ​ទេ​”​។​

​ការ​ស្តាប់​ប្រជាជន​តែងតែ​ជា​គំនិតល្អ​។ ចាប់តាំងពី​ឆ្នាំ ២០១៤ នៅ​ពេល​លោក​ម៉ូ​ឌី​ឡើង​កាន់​អំណាច​នៅក្នុង​ប្រទេស​ឥណ្ឌា បក្ស​សមាជ​បាន​បន្ត​ដួលរលំ​ចាប់​មិន​ឈ្នះ​។​បក្ស​ចាស់វស្សា​មួយ​នេះ​បាន​រង​បរាជ័យ​​ទក់​សាច់​ក្រោម​ស្នាដៃ​បក្ស BJP នៅក្នុង​ការបោះឆ្នោត​សហព័ន្ធ​ពីរ​លើ​ក​ជាប់ៗ​គ្នា ហើយ​បាន​ចាញ់​ការបោះឆ្នោត​រដ្ឋ​ចំនួន ៤០ ក្នុងចំណោម​ការបោះឆ្នោត​ចំនួន ៤៥ ។ គណបក្ស​នេះ​គ្រប់គ្រង​ក្នុង​រដ្ឋ​ចំនួន​ពីរ ហើយ​កំពុង​ញាំញី​ដោយ​ការខ្វែងគំនិត​គ្នា​។​

​គេ​មិន​ច្បាស់​ថា​តើ​បក្ស​សមាជ ដែល​បាន​បាត់បង់​អ្នកបោះឆ្នោត​ភាគច្រើន​របស់​ខ្លួន​ទៅ​បក្ស BJP​កំពុង​តំណាងឱ្យ​អ្វី​នោះ​ទេ​ក្រៅ​តែ​ពី​ចក្ខុវិស័យ​នៃ​សាសនា​ឥណ្ឌា​។​លោក​គន្ធី​ខ្លួនឯង​ផ្ទាល់​បាន​បង្ហាញ​​ជា​ញឹកញាប់​ថា​គាត់​ជា​មេដឹកនាំ​ដែល​ស្ទាក់ស្ទើរ​។​

​ការស្តារ​ប្រជាប្រិយភាព​បក្ស​សមាជ​ឡើងវិញ​ទល់​នឹង​គូប្រជែង​ដ៏​ខ្លាំងក្លា​និង​សម្បូរ​ធនធាន​ដូច​ជា​បក្ស BJP នឹង​មិន​ងាយស្រួល​នោះទេ​។ មនុស្ស​ភាគច្រើន​ជឿថា​ការហែក្បួន​បែបនេះ​អាច​ក្លាយជា​​ចលនា​ធំ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​រដ្ឋាភិបាល​លុះត្រាតែ​វា​ត្រូវបាន​ដឹកនាំ​ដោយ​មេដឹកនាំ​មាន​ប្រជាប្រិយ​។​

​មកទល់​ឥឡូវ​នៅតែ​គ្មាន​ភស្តុតាង​បង្ហាញថា​លោក​គន្ធី​មាន​ប្រជាប្រិយភាព​។ ការស្ទង់មតិ​ថ្មី​មួយ​បាន​បង្ហាញថា​មានតែ​៩​ភាគយ​នៃ​អ្នកឆ្លើយ​សំណួរ​ចំនួន ១២០.០០០​នាក់​ប៉ុណ្ណោះ​ដែល​គាំទ្រ​គាត់​អោយធ្វើ​​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ ធៀប​នឹង​ជាង​៥០​ភាគរយ​គាំទ្រ​លោក​ម៉ូ​ឌី​។ លោក បៃ​ចា​យ៉ាន ចាយ ផាន​ដា (Baijayant Jay Panda) អនុប្រធាន​ថ្នាក់ជាតិ​នៃ​បក្ស BJP បាន​ប្រាប់ប៊ី​ប៊ី​ស៊ីថា​”​គ្មាន​​យុទ្ធនាការ​សាធារណៈ​ណា​អាច​ទទួល​ជោគជ័យ​បានឡើយ បើ​គ្មាន​មេដឹកនាំ​មាន​គុណ​តម្លៃ​គួរ​ឱ្យ​ជឿជាក់​។ ក្នុង​រយៈពេល​ពី​រទស​វត្សរ៍​មកនេះ លោក រ៉ា​ហ៊ុល គន្ធី​បាន​បង្ហាញម្តង​ហើយ​ម្តង​ទៀត​នូវ​ការ​ខ្វះ​​ខាត​ទំនាក់ទំនង​ជាមួយ​សាធារណជន​និង​លែង​បន្សល់​នូវ​ភាពជឿជាក់​អ្វី​ទាំងអស់​”​។​

​ហេតុ​ដូច្នេះ​ហើយ​បានជា​គណបក្ស​សង្ឃឹមថា​ការហែក្បួន​នេះ​នឹង​ជួយ​ជួសជុល​មុខមាត់​លោក​គន្ធី​។ លោកស្រី ហ្សូ​យ៉ា ហាសាន (Zoya Hasan)​ជា​អ្នកវិទ្យាសាស្ត្រ​នយោបាយ​ដែល​បាន​សរសេរ​យ៉ាង​ទូ​​លំ​ទូលាយ​អំពី​បក្ស​សមាជ បាន​និយាយថា ការដើរ​ដង្ហែ​ដ៏​វែង​មើលទៅ​ហាក់ដូចជា​ការប្រឹងប្រែង​ដើម្បី “​ចាប់ផ្តើម​” ធ្វើឱ្យ​គាត់​ក្លាយជា​មេដឹកនាំ​ជាតិ​ឡើងវិញ​។ លោក​ស្រី​និយាយថា “​ការ​ផ្តោត​លើ​ការរួបរួម​គ្នា​ប្រជាជន​នៅ​គ្រា​ដែល​សង្គម​ឥណ្ឌា​កំពុង​បែកបាក់​គ្នា គឺជា​សារ​ដ៏​គួរឱ្យ​ទាក់ទាញ ហើយ​គួរតែ​ត្រូវបាន​ស្វាគមន៍​ពី​មនុស្ស​គ្រប់គ្នា​”៕

លោក​គន្ធី​សង្ឃឹមស្តា​រ​ប្រជាប្រិយភាព​ឡើងវិ​ញ​សម្រាប់​ខ្លួន​គាត់​និង​បក្ស​សមាជ​តាមរយៈ​ការហែក្បួន​ទូទាំង​ប្រទេស​រយៈពេល​៥​ខែ​