ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​អាម៉េរិក​បាន​និយាយថា បុរស​ម្នាក់​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​បួន​នាក់​និង​បង្ក​របួស​បី​នាក់​នៅក្នុង​ការបាញ់ប្រហា​រ​មួយ​ម៉ោង​ពេញ​នៅ​​ទូ​ទាំង​ទីក្រុង​មេ​ម​ហ្វីស (Memphis) កាលពី​ថ្ងៃ​ពុធ​ទី​៧​កញ្ញា មុន​ពេល​ការ​បើកឡាន​ដេញ​តាម​ក្នុង​ល្បឿន​លឿន​ដែល​បាន​បញ្ចប់​ដោយ​ការចាប់ខ្លួន​ជនដៃដល់​។​

​ក្រុមមន្ត្រី​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ឈ្មោះថា អេ​ហ្សេ​គៀល ឃែល​លី (Ezekiel Kelly) អាយុ ១៩ ឆ្នាំ ហើយ​បាន​និយាយថា​រូបគេ​ត្រូវបាន​ចាប់ខ្លួន​ជាមួយនឹង​អាវុធ​ចំនួន​ពីរ​​ដើម​នៅក្នុង​រថយន្ត​របស់​គេ​នៅ​ម៉ោង​ប្រហែល ៩៖០០ យប់​ម៉ោង​ក្នុងស្រុក (០១៖០០ ម៉ោង​សកល​ថ្ងៃ​ព្រហស្បតិ៍​)​។​

​មេ​ប៉ូលិស​ក្រុង​មេ​ម​ហ្វីស លោកស្រី សឺ​រី​លីន ដេវីស (Cerelyn Davis) បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា “(​ឃែល​លី​)​ត្រូវបាន​ចាប់ខ្លួន​ដោយ​គ្មាន​ឧបទ្ទវហេតុ​ដោយ​នាយកដ្ឋាន​ប៉ូលិស​​ក្រុង​មេ​មហ្វី​ស​និង​ការិយាល័យ​តម្រួ​ត​សែល​ប៊ី​ខោ​ន​ធី (Shelby County)”​។​

​លោកស្រី​ដេ​វីស​បាន​និយាយថា ឃែល​លី​ត្រូវបាន​ចោទប្រកាន់​ថា​បាន​សម្លាប់​ជនរងគ្រោះ​ដំបូង​របស់​គេ​បន្ទាប់ពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ពុធ​ហើយ​បាន​បន្ត​ការបាញ់ប្រហារ​នៅ​ទូ​ទាំង​ទីក្រុង​របស់​​រដ្ឋ​ថេន​ណេ​សស៊ី (Tennessee) មួយ​នេះ នៅ​ពេល​រសៀល​និង​ពេល​ល្ងាច​។​

​ប៉ូលិស​បាន​និយាយថា យ៉ាងហោច​ណាស់​មាន​ឈុត​ឆាក​ឧក្រិដ្ឋកម្ម​ចំនួន​ប្រាំបី​ផ្សេងគ្នា រួម​ទាំង​ការ​លួច​រថយន្ត​និង​ការបាញ់ប្រហារ​នៅ​ហាង​ក្នុងស្រុក​មួយ​ហើយ​ឃែល​លី​បាន​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ផ្នែក​​នៃ​ការបាញ់បោះ​របស់ខ្លួន​។​

​លោកស្រី​ដេ​វីស​បាន​និយាយថា “​អេ​ហ្សេ​គៀល ឃែល​លី​បាន​នៅ​លើ Facebook Live នៅពេល​ដែល​រូបគេ​បើក​ការបាញ់ប្រហារ​នៅក្នុង​ហាង​”​។​

​អាជ្ញាធរ​បាន​ចេញ​បញ្ជា “​ជ្រកកោន​នៅ​នឹង​កន្លែង​” ខណៈ​ការបាញ់ប្រហារ​កំពុង​បន្ត ដោយ​បាន​បិទ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​៕

អេ​ហ្សេ​គៀល ឃែល​លី ត្រូវបាន​ចាប់ខ្លួន​ក្រោយ​បាញ់បោះ​សម្លាប់​មនុស្ស​៤​នាក់