​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បានអនុម័ត​ជំនួយ​សព្វាវុធ​បន្ថែម​តំលៃ​៦៧៥​លាន​ដុល្លារ​សំរាប់​អ៊ុ​យក្រែន នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារជាតិ​លោក​​ឡយ អូ​ស្ទីន កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ពួក​រដ្ឋមន្ត្រី​ការពារជាតិលោកខាងលិច​ជួបប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​របៀប​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​គៀវ​សំរាប់​រយៈពេល​យូរ​នៅក្នុងការ​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​ជម្លោះ​ប្រដាប់អាវុធ​រយៈពេល​៦​ខែ​មកនេះ​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ និង​បំផ្លាញ​ទីក្រុង​អ៊ុយ​ក្រែន​ជាច្រើន​អោយ​ក្លាយជា​គំនរ​ផេះ​។​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ មាន​ការបារម្ភ​កើនឡើង​អំពី​មហន្តរាយ​​នុយក្លេអ៊ែរ​នៅ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ធំ​បំផុត​ប្រចាំ​អឺរ៉ុប​ឈ្មោះ ហ្សា​ប៉ូរីស​ហ្ស៊ី​យ៉ា​(Zaporizhzhia)​។​

នៅ​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​មូលដ្ឋាន​ទ័ពអាកាស​រ៉ាំ​ស្ទេន ក្នុង​ប្រទេស​អាល្លឺម៉ង់ លោក​អូ​ស្ទីន​បាន​និយាយថា «​ជំនួប​នេះ​នឹង​ពិភាក្សា​អំពី​របៀប​ដែល​ប្រទេស​យើង​ធ្វើការ​ជាមួយ​​គ្នា​ដើម្បី​បង្វឹក​កងកម្លាំង​អ៊ុយ​ក្រែ​ន​និង​ធ្វើ​អោយ​ប្រើ​សើរ​ឡើង​យោធា​របស់​គេ​។​ក្រុម​ទំនាក់ទំនង​នេះ​ត្រូវ​ធ្វើ​យ៉ាងណា​ទ្រទ្រង់​យុទ្ធជន​ដ៏​ក្លាហាន​របស់​អ៊ុយ​ក្រែន​សំរាប់​រយៈពេល​យូរ​។​វា​មានន័យថា​ត្រូវតែ​បន្ត​​ការនាំ​ចូល​សមត្ថភាព​ប្រយុទ្ធ​»​។​

​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែន​កាន់តែ​រំកិល​ចូល​សង្គ្រាម​អូសបន្លាយ​ពេល​មួយ​នៅ​អ៊ុយ​ក្រែន​ខាងត្បូង​និង​ខាងកើត​។​ជំនួយ​មួយកញ្ចប់​ចុង​ក្រោយ​របស់​អាម៉េរិក​នេះ រួម​មាន​គ្រាប់រំសេវ រថយន្តយោធា​ធុន​​ហាម​វី​(humvee)​និង​ប្រព័ន្ធ​ប្រឆាំង​រថក្រោះ​។​

តាមពិត​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្តល់​ជំនួយ​យោធា​ចំនួន​ជាង​១០​ពាន់​លាន​ដុល្លារ​រួច​ហើយ​ដល់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ចាប់តាំងពី​ទាហាន​រុស្ស៊ី​ចូលលុកលុយ​ប្រទេស​ក្បែរ​ខាង​​ខ្លួន​កាលពី​ខែ​កុម្ភៈ​។​ប្រធានាធិបតី​រុស្ស៊ី ហៅ​យុទ្ធនាការ​នេះ​ថា​ជា​ប្រតិបត្តិការ​ពិសេស​មួយ​ដើម្បី​ដក​កម្លាំងយោធា​ចេញពី​អ៊ុ​យក្រែន នៅពេល​រដ្ឋាភិបាល​ទីក្រុង​គៀវ​ចោទប្រកាន់ថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ថាប្រើ​ស្ទីល​ដណ្តើយ​យក​ទឹក​ដីបែបច​ក្រព​ត្តិ​៕

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ឡយ អូ​ស្ទីន ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​និង​នាយសេនាធិការ​ចំរុះ​អាម៉េរិ​ក ក្នុងអំឡុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​មូលដ្ឋាន​ទ័ពអាកាស​​រ៉ាំ​ស្ទេន ក្នុង​ប្រទេស​អាល្លឺម៉ង់ កាលពី​ខែ​មេសា