​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ថ្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​កញ្ញា ដោយ​បន្ត​ពី​ការធ្លាក់​ថ្លៃ​កាលពី​ថ្ងៃ​ម្សិលមិញ​នៅពេល​ចិន​ពន្យារពេល​អនុវត្ត​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩​និងចំ​ពេល​មាន​​ការបារម្ភ​អំពី​ការថយចុះ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​ដែល​នឹង​ប៉ះពាល់​តំរូវការ​ប្រេង​។​

​ប្រេង​ឆៅ​ផ្សារ​Brent​សំរាប់​អាស៊ី​ធ្លាក់ចុះ​៤០​សេន​មក​នៅត្រឹម​៨៧,៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅពេល​ប្រេង​ឆៅ​នៅ​ផ្សារ​អាម៉េរិក​ចុះ​៤១​សេន​មក​នៅ​៨១,៥៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​អូ​ឡេ ហាន់​សិន អ្នកវិភាគ​នៅ​ធនាគារ​Saxo Bank​បាន​និយាយថា​«​ការធ្លាក់ចុះ​នេះ​ជំរុញ​ដោយ​ការបារម្ភ​ជា​បន្ត​អំពី​តំរូវការ​ប្រេង​ទាក់ទង​នឹង​អត្រា​កា​ប្រាក់​សម្លាប់​កំណើន​ពី​បណ្តា​ធនាគារកណ្តាល​​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អតិផរណា និង​ការខិតខំ​តស៊ូ​ខាង​សេដ្ឋកិច្ច​យ៉ាង​លំបាក​របស់​ចិន​ជា​បន្ត​ដើម្បី​បំពេញតាម​គោលដៅ​កំណើន​ក្នុងពេល​ខ្លួន​អនុវត្ត​គោលនយោបាយ​កូវី​ដ​សូន្យ​»​។​

​ទីក្រុង​ឆឹង​ឌូ​(Chengdu)​របស់​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ពង្រីក​ពេល​បិទ​ខ្ទប់​​សំរាប់​មនុស្ស​ភាគច្រើន​បំផុត​ក្នុងចំណោម​អ្នកក្រុង​២១​លាន​នាក់​របស់​វា​ដើម្បី​រារាំង​កុំអោយ​មាន​ការឆ្លង​កូ​វីដ​បន្ថែម​​នៅពេល​មនុស្ស​រាប់លាន​នាក់​ទៀត​ក្នុង​នៅ​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ត្រូវ​បាន​ណែនាំ​អោយ​ផ្អាក​ការធ្វើដំណើរ​នៅក្នុង​អំឡុងពេល​ឈប់សម្រាក​នាពេលខាងមុខ​។​

​បុគ្គលិក​ពេទ្យ​ធ្វើតេស្តិ៍​រក​កូ​វីដ​ពី​អ្នកស្រុក​នៅ​ក្នុង​ទីក្រុង​សិន​ចិន និង​ឆឹ​ង​ឌូ​កាលពី​ថ្ងៃទី​១​និង​២​កញ្ញា​។​នៅ​ថ្ងៃ​៨​កញ្ញា​នេះ ក្រុង​ឆឹង​ឌូប​ន្ត​បិទ​ខ្ទប់​សំរាប់​មនុស្ស​ភាគច្រើន​ក្នុងចំណោម​ប្រជាជន​២១​លាន​​នាក់​ក្នុង​ទីក្រុង​នៃខេត្ត​ស៊ី​ឈ័ន​នេះ​

​ក្នុងពេល​ជាមួយគ្នា ធនាគារកណ្តាល​មួយចំនួន​នៅ​លើ​ពិភពលោក​ត្រូវ​រំពឹងថា​នឹង​ចាប់ផ្តើម​ដំឡើង​អត្រា​កា​ប្រាក់​ជុំ​ថ្មី​មួយ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អតិផរណា​។​ធនាគារ​កណ្តាល​អឺរ៉ុប​ត្រូវ​រំពឹងថា​នឹង​ដំឡើង​​អត្រា​កា​ប្រាក់​ដ៏​ខ្ពស់​នៅ​ពេល​វា​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយធនាគារ​កណ្តាល​អាម៉េរិក​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​២១​កញ្ញា​។​

​ទោះជា​យ៉ាងណា ថ្លៃ​ប្រេង​បាន​ការគាំទ្រ​ខ្លះ​ពី​ការ​គំរាម​របស់​ប្រធានាធិបតី​រុស្ស៊ី ថា​នឹង​បញ្ឈប់​ការនាំចេញ​ហ្គាស​និង​ប្រេង បើសិនជា​ប្រេង​និង​ហ្គាស​របស់​រុស្ស៊ី​ត្រូវ​កំណត់​ថ្លៃ​លក់​នៅតាម​ទីផ្សារ​អន្តរជាតិ​ដោយ​​អ្នកទិញ​អឺរ៉ុប​។​

​បើ​រុស្ស៊ី​អនុវត្ត​តាម​ការ​គំរាម​របស់ខ្លួន នោះ​ប្រទេស​អ្នកមាន​ខ្លះ​ប្រឈម​ការខ្វះ​ប្រេង​និង​ហ្គាស​នៅ​រដូវរងារ​ខាងមុខ​។​ក្រុមហ៊ុនហ្កា​ស​ប្រូម​(Gazprom)​របស់​រុស្ស៊ី​បាន​បញ្ឈប់​ការបញ្ជូន​ហ្គាស​តាម​បំពង​បង្ហូរ​​រួចជាស្រេច ដោយ​ផ្តាច់ការ​ផ្គត់ផ្គង់​ហ្គាស​ទៅកាន់​អឺរ៉ុប​៕