អាមេរិក​និយាយថា​ការវិលត្រឡប់​របស់​រុស្ស៊ី​មកកាន់​ឆាក​អន្តរជាតិ​ជា “​រឿង​មិនអាច​ចៀសផុត​” ខណៈ​កិច្ចប្រជុំ​កំពូល​ត្រាំ​-​ពូ​ទីន​ជិត​មកដល់

1028
ចែករម្លែក
  • 63
    Shares

​ខណៈដែល​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​បានបញ្ចប់​រួចរាល់​នូវ​ផែនការ​សម្រាប់​កិច្ចប្រជុំ​កំពូល រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក ម៉ៃ ផ​ម​ផេ​វ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មិថុនា​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាត់ទុក​ការវិលត្រឡប់​របស់​មូ​ស្គូ​មកកាន់​ឆាក​អន្តរជាតិ​ជា​រឿង​មិនអាច​ចៀសផុត ហើយ​ថា “​កិច្ចព្រមព្រៀង​ជាច្រើន​” អាច​នឹង​អនុញ្ញាតឱ្យ​រុស្ស៊ី​ចូលរួម​ក្រុម​ប្រទេស​ឧស្សាហកម្ម G7 ឡើងវិញ ដោយ​មិនចាំបាច់​ប្រគល់​តំបន់​គ្រី​មេ​ឱ្យទៅ​អ៊ុយ​ក្រែ​ន​។​

​ការអត្ថាធិប្បាយ​របស់​លោក​ផ​ម​ផេ​វ​ទៅកាន់​គណៈកម្មាធិការ​សម្របសម្រួល​ព្រឹទ្ធសភា​បានកើត​ឡើង ខណៈដែល​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ត្រាំ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​ទីក្រុង​មូ​ស្គូ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​រវាង​មេដឹកនាំ​ទាំង​២​នៅ​ខែក្រោយ​នៅ​អឺរ៉ុប​។ លោក​ត្រាំ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅឯ​សេត​វិមាន​ថា​លោក​ប្រហែលជា​នឹង​ជួបពិភាក្សា​ជាមួយ​លោកពូ​ទីន​អំឡុងពេល​ធ្វើដំណើរ​ទៅ​អឺរ៉ុប​នៅ​ខែកក្កដា​។ លោក​បាន​និយាយ​អំពី​ទីក្រុង​ហែល​ស៊ិន​គី​របស់​ហ្វាំ​ង​ឡង់​និង​ទីក្រុង​វី​យែ​ន​របស់​អូទ្រីស​ថា​អាចជា​ទីតាំង​សម្រាប់​កិច្ចប្រជុំ​កំពូល ដោយ​បន្ថែមថា លោក​នឹង​ទទួលយក​ព័ត៌មាន​ថ្មីៗ​ពី​ទីប្រឹក្សា​របស់គាត់ គឺ លោក ច​ន បូល​តុ​ន​។​

​លោក​បូល​តុ​ន​បាន​និយាយ​នៅ​ទីក្រុង​មូ​ស្គូ​មុននេះ​ថា ទីកន្លែង​និង​កាលបរិច្ឆេទ​សម្រាប់​កិច្ចប្រជុំ​កំពូល​រវាង​ត្រាំ និង ពូ​ទីន នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មិថុនា​នេះ​ដោយ​ភាគី​ទាំង​២​។​

​លោក​ត្រាំ​បាន​និយាយថា “​ខ្ញុំ​បាន​និយាយ​វា​តាំងពី​ថ្ងៃទី​មួយ​ថា ការស្រុះស្រួល​គ្នា​ជាមួយ​រុស្ស៊ី​និង​ជាមួយ​ប្រទេស​ចិន​និង​ជាមួយ​ប្រទេស​ផ្សេងទៀត​គឺជា​រឿង​ល្អ​ណាស់​។ វា​ល្អ​សម្រាប់​ពិភពលោក វា​ល្អ​សម្រាប់​យើង វា​ល្អ​សម្រាប់​អ្នក​រាល់គ្នា​”​។ លោក​ត្រាំ​និយាយថា ពួកគាត់​អាច​នឹង​ពិភាក្សា​អំពី​ស៊ី​រី អ៊ុយ​ក្រែ​ន និង “​ប្រធានបទ​ផ្សេងទៀត​ជាច្រើន​” ។​

​នៅក្នុង​សេចក្តី​ថ្លែង​របស់ខ្លួន លោក​ផ​ម​ផេ​វ​បាន​និយាយថា លោក​អាច​ស្រមៃ​ឃើញ “​កិច្ចព្រមព្រៀង​” ជាច្រើន​ជាមួយ​រុស្ស៊ី​ដើម្បី​អនុញ្ញាតឱ្យ​រុស្ស៊ី​វិលត្រឡប់​មកកាន់ G7 វិញ​។ លោក​មិនបាន​បញ្ជាក់​លម្អិត​ទេ ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា​ជំហរ​របស់​សហរដ្ឋអាមេរិក​គឺ​នៅតែ​ថា រុស្ស៊ី​បាន​កាត់​យក​តំបន់​គ្រី​មេ​ដោយ​ខុសច្បាប់​ក្នុង​ឆ្នាំ ២០១៤ ជា​ចំណាត់ការ​មួយ​ដែលនាំឱ្យ​មានការ​ព្យួរ​ប្រទេស​រុស្ស៊ី​ពី G7 ។​

​លោក​ផ​ម​ផេ​វ​បាន​ប្រាប់​គណៈកម្មាធិការ​សម្របសម្រួល​ព្រឹទ្ធសភា​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​ទស្សនៈ​របស់លោក​ត្រាំ​ដែលថា​ប្រទេស​រុស្ស៊ី​គួរតែ​ត្រូវបាន​បញ្ចូល​ក្នុង​កិច្ចពិភាក្សា​របស់​ក្រុម​ប្រទេស G7 ឡើងវិញ យ៉ាង​ដូច្នេះ “​ប្រធានាធិបតី​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​ដែលមាន​រុស្ស៊ី​ជា​ផ្នែក​មួយ​នៃ​កិច្ចសន្ទនា​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ទាំងនេះ​គឺជា​រឿង​មិនអាច​ចៀសផុត​បានឡើយ​។ មាន​ប្រវត្តិ​វែងឆ្ងាយ​ណាស់​អំពី​រឿងនេះ​”​។​

​លោក​ផ​ម​ផេ​វ​បាន​បន្ថែមថា​ទំនាក់ទំនង​នាពេល​បច្ចុប្បន្ន​ជាមួយ​រុស្ស៊ី​មាន​លក្ខណៈ​អាក្រក់​ខ្លាំង​ដែល​គាត់​មិន​ធ្លាប់​ជួប​ក្នុង​មួយ​ឆាកជីវិត ហើយ​បាន​អះអាង​ជាថ្មី​ម្តង​ទៀតថា​រដ្ឋបាល​ត្រាំ​មាន​ភាព​តឹងរ៉ឹង​លើ​រុស្ស៊ី​ជាង​រដ្ឋបាល​មុនៗ​ទៅទៀត​។ លោក​បាន​បន្ថែមថា លោក​ត្រាំ​ជឿជាក់ថា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ទាំងនោះ​គឺ​ចាំបាច់​៕ ដោយ៖ កញ្ញាដាលីស

លោក​ច​ន បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​របស់លោក​ត្រាំ ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​មូ​ស្គូ ដើម្បី​និយាយ​អំពី​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នាពេលខាងមុខ​រវាង​ត្រាំ​និង​ពូ​ទីន

ទីតាំងផ្សាយពាណិជ្ជកម្ម