ដោយ សៅវ៉ាន់ឌី/ព្រះវិហារ៖ឈើជាង១៥៥ដុំដែលឈ្មួញយកមកស្តុកទុកត្រៀមដឹកជញ្ជូនចេញទៅបណ្តាខេត្តផ្សេងត្រូវកម្លាំងជំនាញបង្រ្កាបបាននៅស្រុករវៀងខេត្តព្រះវិហារ។

ប្រភពបញ្ជាក់ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរ ឃុំនិងនគរបាលប៉ុស្តិ៍បានចុះរឹបអូសឈើខុសច្បាប់ដែលឈ្មួញយកមកស្តុកទុកត្រៀមដឹកជញ្ជូនចេញ។ប្រតិបត្តិការនេះធ្វើឡើងនៅភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

លោក ស៊ុ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញានេះថា ឈើដែលរឹបអូសខាងលើមានចំនួន១៥៥ដុំជាប្រភេទឈើលេខ១ ប្រភេទផ្ចឹកនិងសុក្រំ។ឈើទាំងនោះ ឈ្មួញបានដឹកជញ្ជូនពីព្រៃយកមកលាក់ទុកនៅជិតផ្ទះអ្នកភូមិហើយក៏បែកការណ៍ដឹងដល់សមត្ថកិច្ចចុះបង្រ្កាបតែម្តង។បច្ចុប្បន្នឈើជាច្រើនដុំនោះត្រូវបានដឹកយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀងដើម្បីបន្តនីតិវិធី។
ម្ចាស់ឈើពុំទាន់ត្រូវបានបង្ហាញអត្តសញ្ញាណទេ៕សរន