វើ​ល​ខាប់ ៖ កូរ៉េខាងត្បូង​អូស​ដៃ​ទម្លាក់​ម្ចាស់​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង់​

1073
ចែករម្លែក

​គ្រប់គ្នា​ទន្ទឹង​ចាំ​ឱ្យ​អាល្លឺម៉ង់​ស៊ុត​បញ្ចូល​ទី​ចុង​ម៉ោង ប៉ុន្តែ​មិនមាន​គ្រាប់​បាល់​ចុង​ម៉ោង​កើតឡើង​ដូច​មុន​នោះទេ​។ ផ្ទុយទៅវិញ អាល្លឺម៉ង់​បានក្លាយ​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​ទី ៤ ដែល​ធ្លាក់​ក្នុង​ពូ​ល​ក្នុង​វើ​ល​ខាប់ ៥ លើកចុងក្រោយ​នេះ បន្ទាប់ពី​ចាញ់​កូរ៉េខាងត្បូង ២-០​។

​ក្រុម​ជើងឯក​ពិភពលោក ៤ សម័យ​អាល្លឺម៉ង់​បាន​បណ្តោយឱ្យ​របូត​២​គ្រាប់​នៅ​ចុង​ម៉ោង ខណៈ​ដឹង​ថាបើ​ឈ្នះ​ត្រឹម ១-០ គឺ​គ្រប់គ្រាន់​ដើម្បី​ឡើងទៅ​វគ្គ​បន្ទាប់ ដោយសារតែ​លទ្ធផល​ម៉ិ​ក​ស៊ិ​ក​ចាញ់​ស៊ុយអែត ៣-០​។

​ខ្សែការពារ​ម៉ាត់ ហាំ​ម៉​ល ដែលជា​សមាជិក​ក្រុម​ឈ្នះ​វើ​ល​ខាប់​នៅ​ប្រេ​ស៊ី​ល​កាលពី​៤​ឆ្នាំមុន​បាន​និយាយថា “​ពិតជា​ពិបាក​នឹង​រក​ពាក្យ​ថ្លែង​ណាស់​។ យើង​ជឿជាក់​រហូតដល់​ទីបញ្ចប់​នៅថ្ងៃនេះ​។ សូម្បី​នៅពេល​ចាញ់ ០-១ ក៏​ខ្ញុំ​នៅតែ​គិតថា យើង​អាច​ព្យាយាម​វាយបក​យកឈ្នះ​វិញ​បាន​”​។

​អាល្លឺម៉ង់​បញ្ចប់ទៅ​នៅ​បាត​តារាង​ពូ​ល F ខណៈ​ស៊ុយអែត និង ម៉ិ​ក​ស៊ិ​ក ឡើងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។ កូរ៉េខាងត្បូង​ក៏​ធ្លាក់​ដែរ ទោះបី​ឈ្នះ​អាល្លឺម៉ង់​ក៏ដោយ​។

​វា​ជា​លើក​ទី​១​ហើយ​ដែល​អាល្លឺម៉ង់​ធ្លាក់​ក្នុង​វគ្គ​ចែក​ពូ​ល ចាប់តាំងពី​ឆ្នាំ ១៩៣៨​។​

​អ្នកចាំទី​អាល្លឺម៉ង់ ម៉ា​នូ​អែល ណ​យ​អឺ និយាយថា “​វា​ជា​ថ្ងៃ​អន្ធ​កាល​សម្រាប់​បាល់ទាត់​អាល្លឺម៉ង់​”​។

​គួរ​បញ្ជាក់ថា ក្រៅពី​អាល្លឺម៉ង់​ដែល​ធ្លាក់​ក្នុងឆ្នាំនេះ ម្ចាស់​ជើងឯក​៣ ផ្សេងទៀត​ក៏​ធ្លាប់​ធ្លា​ក់នៅ​វគ្គ​ចែក​ពូ​ល​នៅ​វើ​ល​ខាប់​បន្ទាប់​ដែរ គឺ បារាំង​ក្នុង​ឆ្នាំ ២០០២ អ៊ីតាលី​ក្នុង​ឆ្នាំ ២០១០ និង អេ​ស្ប៉ា​ញ​ក្នុង​ឆ្នាំ ២០១៤៕ ដោយ៖ កញ្ញាដាលីស

ជម្រើសជាតិ​អាល្លឺម៉ង់​ហាលអាវ​នៅ​វគ្គ​ចែក​ពូ​ល

ទីតាំងផ្សាយពាណិជ្ជកម្ម