ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ត្រូវបានបញ្ចប់និងបានធ្វើមាតុភូមិនិវត្តន៍នៅព្រលប់ថ្ងៃទី៨ ខែកញ្ញា បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅទីនោះកាលពីថ្ងៃទី៥ ខែកញ្ញាលោកឃួង ស្រេង និងគណៈប្រតិភូបានអញ្ជើញទស្សនកិច្ច និងសិក្សាគម្រោងរោងចក្រកែច្នៃសំរាមជាថាមពលអគ្គិសនីសុកសឺន។ បន្ទាប់មក គណៈប្រតិភូបានបន្តទស្សនកិច្ចអាងប្រព្រឹត្តិកម្មទឹកកង្វក់ ហើយនៅរសៀល គណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងជាមួយ លោក TRAN SY THANH សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ រួមជាមួយប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ។ បន្ទាប់មក គណៈប្រតិភូបានបន្តជួបសម្ដែងការគួរសមជាមួយលោក DING TIEN DUNG សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ។នៅរសៀលថ្ងៃដដែរនោះលោក ឃួង ស្រេង ក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោកជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ។ក្នុងជំនួបលោកបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគនៃប្រទេសទាំងពីរដល់អ្នកវិនិយោគនៃទីក្រុងទាំងពីរឱ្យបានយល់កាន់តែច្បាស់ ងាយស្ រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសម្រាប់ទីក្រុងទាំងពីរ។

បន្តមកគណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ លោក ឌិញ ទៀនហ្សុង សមាជិកគណៈកម្មាធិការ កណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយដើម្បីរិតចំណងមិត្តភាព សាមគ្គី ភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរភ្នំពេញ.ហាណូយដែលជាទីក្រុង សម្ពន្ធ័ភាពនឹងគ្នា។

នៅទីក្រុងហាណូយដដែលនៅរសៀលថ្ងៃទី៦ ខែកញ្ញា គណៈប្រតិភូបានអញ្ជើញជួបសំដែងការគួរសម ជាមួយលោក ផាក មិញជិញ(Pham Minh Chinh )នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ បន្តមកលោកឃួង ស្រេង ដឹកនាំគណៈប្រតិភូជួបសំដែងការគួរសមជាមួយ លោក វឿង ឌីញ ហឺ(VUONG DINH HUE)ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា។

ដោយឡែកនៅថ្ងៃទី៨ខែកញ្ញានេះ លោកអភិបាលនិងលោកស្រីរួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ទីផ្សារណាត់ទេសចរណ៍អន្តរជាតិ(ITE)លើកទី១៦ នៅទីក្រុងហូជីមិញ ។លោកឃួង ស្រេង ក៏ បានជួបពិភាក្សាការងារជាមួយ លោកPHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។

លោកPHAN VAN MAI ក៏បានជំរុញឲ្យមាន ការកើនឡើងបន្ថែមទៀត រវាងទីក្រុងទាំងពីរ ហូជីមីញ.ភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៏,សុខាភិបាល អប់រំ ជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ពន្ធ័ភាព។នៅថ្ងៃដដែលនេះដែរ គណៈប្រតិភូរាជធានីភ្នំពេញ បានបន្តជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញ និងចូលជួប សំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃទីក្រុងហូជីមីញ ក៏មាន ការចូលរួមពីលោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមីញផងដែរមុនធ្វើមាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញ។

អភិបាលរាជធានីភ្នំពេញ បានលើកឡើងពី លទ្ធផលក្នុងដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់គណៈប្រតិភូសាលារាជធានីភ្នំពេញនៅសាធារណរដ្ឋសង្គមនិយមវៀតណាមពិសេសនៅទីក្រុងហាណូយ និងទីក្រុងហូជីមីញ ដែលជាសម្ពន្ធ័ភាពនឹងគ្នា៕សរន