ដោយ​៖​  សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ​ថ្ងៃទី​១៥​កញ្ញា​ខាងមុខនេះ​កីឡា​ចំនួន​១២​ប្រភេទ​របស់​កម្ពុជា​នឹង​ចេញទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រយៈពេល​យូរ​នៅ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​ការចាកចេញ​របស់​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ទាំង ១២​ប្រភេទ​កីឡា ស្មើនឹង​ប្រតិភូ​១៦១​នាក់ តាមរយៈ​ការរៀបចំ​ដោយ​គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC)​ក្រោម​ជំនួយឥតសំណង​ពី​សំណាក់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​ការហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី ជម្រើសជាតិ​កម្ពុជា​។​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​CAMSOC​បាន​មានប្រសាសន៍ថា​ការងារ​នេះ​មានការ​ខកខាន​យូរពេក​ដោយសារតែ​បញ្ហា​កូ​វីដ​ការ​រឹតត្បិត​ការចេញចូល​នៅ​ចិន​ហេតុនេះ​យើង​ក៏បាន​ពន្យារ​ពេលមកដល់​ពេលនេះ​។​ឥឡូវនេះ​យើង​ទទួលបាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​ពិជ័យ​សេនា ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC រួចហើយ ថា​នឹង​អនុញ្ញាត​ឱ្យចេញ​ឆាប់ៗ​នេះហើយ​ព្រោះ​ពេលវេលា​យើង​មិនអាច​ចាំបាន​យូរ​។​យើង​ខំ​ព​ន្លឿ​ន​នូវ​កិច្ចការ​នេះ ដើម្បី​ឱ្យទាន់​ការអភិវឌ្ឍន៍​បច្ចេកទេស​របស់គាត់​។ នៅ​ថ្ងៃទី​១៥​កញ្ញា​ពួកគេ​នេះ​ពួកគេ​ចេញដំណើរ​ហើយ​ព្រោះ​យើង​ទំនាក់ទំនង​គ្នា​ស្រួលបួល​
​អស់ហើយ​។ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ​គឺ​យើង​នឹងធ្វើ​ពិធី​បញ្ជូន​កីឡាករ កីឡាការិនី​របស់​យើង ទៅ​នៅ​ថ្ងៃទី​១៥​កញ្ញា នេះហើយ​។​
​មុននឹង​ចេញដំណើរ​CAMSOC​នឹង​រៀបចំ​ពិធី​មួយ​ជាមួយ​ស្ថានទូត​ចិន​ដើម្បី​អបអរ​សា​ទរ​កិច្ចសហប្រតិបត្តិការ​នេះ​ព្រោះ​ជា​កម្មវិធី​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ប្រជាជន​ចិន ចំពោះ​កីឡាករ កីឡាការិនី​កម្ពុជា​។​

កីឡា​សរុប​ចំនួន​១២​ប្រភេទ​ដែល​ត្រូវ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​រួមមាន​ប្រតិភូ​ដឹកនាំ ២​នាក់​, កាយសម្ព័ន្ធ (១១​នាក់​), យូ​ដូ (៥​នាក់​), វូ​ស៊ូ (១០​នាក់​), បាល់បោះ (១៥​នាក់​), វាយ​កូនឃ្លី​លើ​តុ (១០​នាក់​), អត្តពលកម្ម (២០​នាក់​), ចំបាប់ (១៥​នាក់​), វាយ​សី (១២​នាក់​), ហែល​ទឹក (១១​នាក់​), លើក​ទម្ងន់ (១០​នាក់​), បាល់ទាត់​-​នារី (២៥​នាក់​) និង​បាល់ទះ (១៥​នាក់​)​។​កីឡាករ កីឡាការិនី ទាំង ១៥៩​នាក់ នឹងធ្វើ​ការធ្វើ​ហាត់​រហូតដល់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា តែម្ដង ហើយ​ក្រោយពី​ការប្រកួត​ស៊ី​ហ្គេម ២០២៣ បញ្ចប់ កីឡាករ កីឡាការិនី​កម្ពុជា​នឹង​ត្រលប់​ទៅ​ហ្វឹកហាត់​បន្តទៀត​ដើម្បី​បង្គ្រប់​កិច្ចសន្យា​ជំនួយឥតសំណង​ដែលមាន​រយៈពេល ២​ឆ្នាំ​។​ទំហំ​នៃ​ជំនួយ​នេះ​ធំ​ដោយសារតែ​ការហ្វឹកហាត់​ត្រូវ​ចំណាយ​ច្រើន​ហើយ​មិនមែន​តែ​​ពេល​ហ្នឹង​ទេ​។​តាមពិត​យើង​ត្រូវ​ហ្វឹកហាត់​២​ឆ្នាំមុន​ហេតុនេះ​គម្រោង​២​ឆ្នាំមុន​បាន​ខ្លី​មក​សល់​តែ​៧-៨​ខែ​ប៉ុន្តែ​៧-៨​ខែ​នេះ​ចប់​គម្រោង​សម្រាប់​គម្រោង​ដែល​យើង​អត់​បាន​អនុវត្ត​ពី​១​ឆ្នាំ​ជាង​ហ្នឹង ត្រូវ​បន្តទៅទៀត​។ ដូច្នេះ​អាច​ឲ្យ​កីឡាករ កីឡាការិនី​យើង ក្រោយពី​ស៊ី​ហ្គេម​ហើយ ក៏​នៅតែ​ទទួលបាន​ការបណ្ដុះបណ្ដាល​ជំនាញ​កីឡា​កម្រិត​ខ្ពស់​នេះ​បន្តទៅទៀត​»​។ ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍​សង្កត់ធ្ងន់​។​
ក្នុង​ជំរំ​ហ្វឹកហាត់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការហ្វឹកហាត់​នេះ​ទាំងស្រុង ទាំង​សំបុត្រ​យន្ដហោះ ទាំង​ការ​ស្នាក់នៅ​ហូបចុក ទាំង​ការព្យាបាល ទាំង​ការថែទាំ​សុខភាព​ជាដើម​៕​សរន​