​ដោយៈ បូកគោ / កំពត​: ខណ​:​ដែល​ថ្ងៃ​កាន់បិណ្ឌ នឹង​ចាប់ផ្តើម​នាពេល​ដ៏​ខ្លី​ខាងមុខ ហើយ​កិច្ច​ផ្សេងៗ​នៃ​សាសនា ដំណើរការ​ជាធម្មតា​ឡើងវិញ ក្រោយ​ស្ថានភាព​កូ​វីដ​-១៩ បានល្អ​ប្រសើរ មន្ត្រី​សង្ឃ​ខេត្តកំពត បាន​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ បន្ត​អនុវត្ត​វិធាន​ការពារ​សុខភាព​ឱ្យបាន​ខ្ជាប់ខ្ជួន ពេល​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ឆ្នាំនេះ​។

​ព្រះ​ធម្ម​ចារី ហុ​ី​ង សុង ព្រះ​ធម្ម​ធម៌​គណ​ខេត្តកំពត និង​ជា​ព្រះ​គ្រូសូត្រស្តាំ វត្ត​ជុំ​ក្រៀល ស្រុក​ទឹកឈូ បាន​មាន​សង្ឃដីកា​ថាៈ តាម​ប្រពៃណី ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ពិធីបុណ្យ​ភ្ជុំបិណ្ឌ តែង​ធ្វើឡើង​រៀងរាល់ឆ្នាំ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ពោលគឺ​សម្រាប់​ឆ្នាំនេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១១ ខែកញ្ញា តទៅ រយ​:​ពេល ១៥ ថ្ងៃ​។ ពេលនេះ គ្រប់​វត្ត​អារាម បានទទួល​សេចក្តីណែនាំ​ពី​ក្រសួង ក៏ដូចជា​មន្ទីរ​ធម្មកា​រ​ខេត្ត​ដើម្បី​ត្រៀម​រៀបចំ​កិច្ច​ផ្សេងៗ ពិសេស​ការងារ​សម្អាត​បរិស្ថាន អនាម័យ និង​ការតុបតែង​ទី​អារាម​នីមួយៗ​។

​ព្រះអង្គ បានបញ្ជាក់​ថាៈ ដោយសារ​ស្ថានភាព​កូ​វីដ​-១៩ បាន​ស្ងប់ស្ងាត់​ទៅវិញ បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ នឹង​ដំណើរការ​ជាធម្មតា​។ ក្នុងនោះ រួមមាន ពិធី​កាន់បិណ្ឌ ចាប់ពី​វេន​ទី​១ ដល់​វេន​ទី​១៤, កិច្ច​បោះ​បាយបិណ្ឌ​, ប្រគេន​ចង្ហាន់​ព្រឹក និង​ថ្ងៃត្រង់​ដល់​ព្រះសង្ឃ​, ពេល​រសៀល និង​ពេល​ល្ងាច​ពិធី​ធម្ម​ក​ថឹ​ក​ទេសនា​ជាដើម​។

​ព្រះ​ធម្ម​ចារី ហុ​ី​ង សុង បាន​សម្តែង​ក្តី​រំពឹងថាៈ​ពុទ្ធបរិស័ទ នឹង​មក​ចូលរួម​យ៉ាង​កុះករ ព្រោះ​ប្រជាជន ពិសេស​យុវវ័យ​មានការ​យល់ដឹង​ច្រើន​។ ដូច្នេះ ក្នុងនាម​មន្ត្រី​សង្ឃ ព្រះអង្គ​សូម​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ទាំងអស់ បន្ត​អនុវត្តតាម​សេចក្តីណែនាំ​ពី​ក្រសួងសុខាភិបាល ក៏ដូចជា​វិធាន​ការពារ​សុខភាពរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន​ពេល​ចូលរួម​គ្រប់​ពិធីបុណ្យ​នោះ​។

​លោក ជុំ ឯម អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពត បានបញ្ជាក់​ថាៈ សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំនេះ មន្ទីរ​បានធ្វើ​ការណែនាំ​ទៅគ្រប់​វត្ត​អារាម​ឱ្យ​រៀបចំ​ទាំង​កិច្ច​ពិធីបុណ្យ និង​ការងារ​សម្អាត បរិស្ថាន អនាម័យ​ក្នុង​បរិវេណ​វត្ត​អារាម​នីមួយៗ​។ បន្ថែម​លើ​នេះ ដោយសារ​ស្ថិតក្នុង​បរិបទ​កូ​វីដ​-១៩ មន្ទីរ​បាន​ណែនាំ​ដល់​គ្រប់​វត្ត​អារាម បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​រៀបចំ និង​អនុវត្ត​វិធាន ៣​កុំ ៣​ការពារ ឱ្យបាន​ល្អប្រសើរ​បំផុត​៕ V / N