ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ុយ​ក្រែន​បាន​សាទរ​ចំពោះ​ការវាយ​លុក​លឿន​ដូច​ផ្លេកបន្ទោរ​ដែល​ខ្លួន​និយាយថា​បាន​ដណ្តើម​យក​មក​វិញ​នូវ​ទឹកដី​របស់​ខ្លួន​មួយចំនួន​នៅ​ភាគ​ខាងកើត​និង​ខាងត្បូង ខណៈ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន បាន​ធ្វើ​ទស្សនកិច្ច​ប្រទេស​នេះ​ដើម្បី​សន្យា​ផ្តល់​ជំនួយ​បន្ថែមទៀត​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​បាន “​រំដោះ​តំបន់​ទី​លំនៅ​រាប់សិប​កន្លែង​”​និង​បាន​ដណ្តើម​យក​មក​វិញ​នូវ​ទឹក​ដី​ទំហំ ១.០០០ គីឡូម៉ែត្រ​ការ៉េ​នៅ​ភាគ​ខាងកើត​និង​ខាងត្បូង​ចាប់តាំងពី​ថ្ងៃទី ១ ខែ​កញ្ញា​។​

​លោក​ហ្សេ​លេន​ស្គី​ក៏​បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​ទាហាន​អ៊ុយ​ក្រែន​អះអាង​ដណ្តើម​បាន​ទីក្រុ​ង​បា​ឡា​ក់លី​យ៉ា (Balakliia) ភាគ​ខាងកើត​ក្បែរ​ទីក្រុង​ខា​គី​វ (Kharkiv)​ដែល​ជា​ទីក្រុង​ធំ​ទី​ពីរ​ក្នុងប្រទេស​អ៊ុយ​ក្រែន​ផងដែរ​។ វីដេអូ ដែល​បាន​បង្ហោះ​ទៅកាន់​កាសែត​ដ៏​ពេញ​និយម​របស់​អ៊ុ​យក្រែន ហាក់​បង្ហាញ ទាហាន​រុស្ស៊ី​ទុកចោល​ឡាន​ដឹកទំនិញ កាំភ្លើង​ធំ និង​កេះ​គ្រាប់​យុទ្ធភណ្ឌ​។​

​លោក វី​តា​លី ហ្គាន​ឆេ​វ (Vitaly Ganchev) មន្ត្រី​ក្នុងស្រុក​ដែល​គាំទ្រ​រុស្ស៊ី បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ថា​កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប៉ុនប៉ង​របស់​អ៊ុយ​ក្រែន​ក្នុងការ​ឡោមព័ទ្ធ​និង​ចាប់យក​ទីក្រុង​បា​ឡា​ក់លី​យ៉ា ដែល​គាត់​និយាយថា​នៅ​តែ​ស្ថិត​ក្នុង​ដៃ​រុស្ស៊ី​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រមិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​អំពី​ភស្តុតាង​សមរភូមិ​ទាំងពីរ​ខាងលើ​បានទេ​។​

​មុននេះ ឧត្តមសេនីយ៍ទោ លោក អា​ឡិច​សី ហ្គ្រោ​ម៉ូវ (Oleksiy Gromov) របស់​អ៊ុ​យក្រែន បាន​និយាយថា កងទ័ព​បាន​រុល​ហួស​ខ្សែត្រៀម​ជួរមុខ​របស់​រុស្ស៊ី​ចម្ងាយ ៥០ គីឡូម៉ែត្រ​និង​ដណ្តើម​បាន​ភូមិ​ជាង ២០ ក្នុង​តំបន់​ទីក្រុង​ខា​គី​វ​។​

​លោក​ប្លីង​កិន​បានប្រាប់​អ្នកយក​ព័ត៌មាន​មុន​ពេល​ចាក​ចេញពី​ទីក្រុង​គៀវ​ថា “​យើង​បាន​ទទួល​ព័ត៌មាន​ថ្មីៗ​ដ៏​ទូលំទូលាយ​អំពី​ការវាយលុក ហើយ​ជា​ថ្មី​ម្តងទៀត វា​ហាក់​លឿន​ពេក​ណាស់​ប៉ុន្តែ​យើង​កំពុង​ឃើញ​វឌ្ឍនភាព​យ៉ាង​ច្បាស់ក្រឡែត​និង​ពិតប្រាកដ​នៅលើ​សមរភូមិ ជាពិសេស​នៅ​ជុំវិញ​ទីក្រុង​ឃើ​សុន (Kherson)​ប៉ុន្តែ​ក៏​មាន​ការវិវឌ្ឍ​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​នៅក្នុង​តំបន់​ដុន​បា​សភាគ​ខាងកើត​ផងដែរ​”​។​

​លោក​ប្លីង​កិន​បាន​សន្យា​នូវ​ការគាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក “​ដរាបណា​អ៊ុយ​ក្រែន​នៅតែ​ត្រូវការ​”៕

​ទាហាន​អ៊ុយ​ក្រែន​នៅលើ​រថក្រោះ​ក្បែរ​ទីប្រជុំជន​បាក់​មុត ក្នុង​តំបន់​ដុន​បា​ស កាលពី​ថ្ងៃ​៧​កញ្ញា​