​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​កញ្ញា​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អ៊ីរ៉ង់​មួយ​ដែល​ជួយ​ដឹកជញ្ជូន​ដ្រូ​ន​ទៅកាន់​ប្រទេស​រុស្ស៊ី​សម្រាប់​ប្រើប្រាស់​​ក្នុងប្រទេស​អ៊ុ​យក្រែន ហើយ​បាន​ព្រមាន​ក្រុមហ៊ុន​មិនមែន​អ៊ីរ៉ង់​កុំ​ឱ្យ​ចូលរួម​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​នេះ​។​

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​និយាយថា ខ្លួន​បាន​ដាក់​ក្រុមហ៊ុន Safiran Airport Services ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងតេអេ​រ៉ង់​ក្នុង​បញ្ជីខ្មៅ​ទណ្ឌកម្ម​របស់ខ្លួន​ពោលគឺ​ពីរ​ខែ​បន្ទាប់​​ពី​សេត​វិមាន​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ថា រុស្ស៊ី​កំពុង​ស្វែងរក​ដ្រូ​ន​របស់​អ៊ីរ៉ង់ (UAVs)​សម្រាប់​សង្គ្រាម​របស់​ខ្លួន​លើ​អ៊ុ​យក្រែន​។​

​ក្រសួង​រតនាគារ​បាន​និយាយថា ក្រុមហ៊ុន Safiran បាន​សម្របសម្រួល​ជើងហោះហើរ​យោធា​រុស្ស៊ី​រវាង​អ៊ីរ៉ង់​និង​រុស្ស៊ី រួម​ទាំង​យន្តហោះ​ដែល​ដឹកដ្រូន បុគ្គលិក​យោធា និង​ឧបករណ៍​ពាក់ព័ន្ធ​។​

​កាលពី​ថ្ងៃទី ៣០ ខែ​សីហា មន្ត្រី​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា រុស្ស៊ី​បានចាប់ផ្តើម​ទទួល​នូវ​អ្វី​ដែល​គេ​រំពឹង​ថា​ជា ដ្រូ​ន “​រាប់រយ​” ហើយ​អះអាង​ដោយ​ផ្អែក​លើ​ការ​ស៊ើបការណ៍​សម្ងាត់​របស់​អាម៉េរិកថា​ដ្រូ​នភាគ​​ច្រើន​មាន​បញ្ហា​បច្ចេកទេស​រួចទៅហើយ​។​

​អនុ​រដ្ឋមន្ត្រីក្រសួងរ​ត​នាគា​រលោក ប្រាយ​អែន នែ​ល​សុន (Brian Nelson) បាន​និយាយថា “​សហរដ្ឋ​អាម៉េរិក​ប្តេជ្ញា​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​ទណ្ឌកម្ម​របស់​យើង​ប្រឆាំងនឹង​រុស្ស៊ី​និង​អ៊ីរ៉ង់​និង​ចាប់​អ៊ីរ៉ង់​​និង​អ្នក​ដទៃ​ដែល​គាំទ្រ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំងនឹង​អ៊ុយ​ក្រែន​ឱ្យ​ទទួលខុសត្រូវ​”​។​

​លោក​នែ​ល​សុន​បាន​ព្រមាន​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​អង្គភាព​មិនមែន​របស់​អ៊ីរ៉ង់​និង​មិនមែន​រុស្ស៊ីក៏​គួរតែ​អនុវត្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ផង​ដែរ​ដើម្បី​ចៀសវាង​ការគាំទ្រ​ទាំង​ការអភិវឌ្ឍ​ដ្រូ​ន​របស់​​អ៊ីរ៉ង់​ឬ​ការ​ផ្ទេរដ្រូន ឬ​ការលក់​ឧបករណ៍​យោធា​ណាមួយ​ឱ្យទៅ​រុស្ស៊ី​សម្រាប់​ប្រើប្រាស់​ប្រឆាំង​នឹង​អ៊ុ​យក្រែន​”​។​

​ក្រសួង​រតនាគារ​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អ៊ីរ៉ង់​ចំនួន​បី​ទៀត​ដែរ ដែល​ពាក់ព័ន្ធ​ក្នុង​ការអភិវឌ្ឍ​និង​ផលិត​ដ្រូ​ន និង​មាន​ទំនាក់ទំនង​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​ដ៏​មាន​ឥទ្ធិពល​។​

​ក្រសួង​រតនាគារ​បាន​និយាយថា ក្រុមហ៊ុន Paravar Pars ក្រុមហ៊ុន​រចនា​និង​ផលិត​ម៉ាស៊ីន​យន្តហោះ និង​ក្រុមហ៊ុន Baharestan Kish​ទាំងអស់​នេះ​សុទ្ធតែ​បាន​ចូលរួម​នៅក្នុង​ការ​រចនា​​និង​ផ​លិ​តដ្រូនយោធា​នៅក្នុង​ប្រទេ​ស​អ៊ីរ៉ង់​។​

​ទណ្ឌកម្ម​នេះ​គឺ​ព្យាយាម​បង្កក​ទ្រព្យសកម្ម​ទាំងឡាយណា​ដែល​ត្រូវបាន​កំណត់ថា​អាច​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​អាម៉េរិក និង​ហាមឃាត់​បុគ្គល ឬ​ក្រុមហ៊ុន​របស់​អាម៉េរិ​ក​រួម​ទាំង​ធនាគារអ​ន្ត​រ​ជាតិ​​ដែល​មាន​ប្រតិបត្តិការ​នៅ​សហរដ្ឋ​អាម៉េរិក កុំ​ឱ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ពួកគេ ដែល​នេះ​ជា​វិធានការ​មួយ​ក្នុង​គោលបំណង​រារាំង​ពួកគេ​ពី​ការចូល​ទៅ​កាន់​បណ្តាញ​ហិរញ្ញវត្ថុ​សកល​៕

ក្រុមហ៊ុន Safiran Airport Services ដែល​ផលិត​ដ្រូ​ន​នាំ​ទៅ​រុស្ស៊ី បាន​ជាប់​ទណ្ឌកម្ម​អាម៉េរិក​ហើយ​