​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​អ៊ែន​ថូ​នី ប្លីង​កិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ធ្វើ​ទស្សនកិច្ច​មិន​ប្រកាស​ជា​មុន​មួយ​នៅ​ទីក្រុង​គៀវ​ដើម្បី​ជួប​មន្ត្រី​អ៊ុយ​ក្រែន​នៅពេល​​យោធា​ប្រទេស​នេះ​បន្ត​វាយ​ដណ្តើមយក​ទឹក​ដី​ពី​រុស្ស៊ី​មកវិញ​នៅ​ខាងត្បូង​និង​ខាងកើត​ប្រទេស​។​

​វា​ជា​ដំណើរ​ទៅកាន់​អ៊ុយ​ក្រែន​លើ​ក​ទី​បី​សំរាប់​លោក​ប្លីង​កិន​ចាប់​តាំងពី​ពេលចា​ប់​ផ្តើម​សង្គ្រាម​កាលពី​ថ្ងៃ​២៤​កុម្ភៈ និង​ជា​លើក​ទី​ប្រាំ​ចាប់តាំងពី​លោក​បាន​ក្លាយជា​មន្ត្រីការទូត​កំពូល​របស់​រដ្ឋាភិបាល​លោក​​បៃ​ដិន​។​

​លោក​ប្លីន​កិន​បាន​ជួប​រដ្ឋមន្ត្រីការបរទេ​ស​អ៊ុ​យក្រែន លោក​ឌី​មីត្រូ គូ​ឡេ​បា អស់​ប្រមាណ​៣០​នាទី​។​លោក​បាន​ទៅ​មើល​មន្ទីរពេទ្យ​កុមារ​នៅក្នុង​ទីក្រុង​គៀវ ដែល​នៅ​ទី​នោះ​លោក​បាន​ជួប​អ្នកជំងឺ​ខ្លះ ។​

​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ការទូត​អាម៉េរិ​ក​កើតឡើង​ចំពេល​ដ៏​សំខាន់​មួយ​សំរាប់​អ៊ុ​យក្រែន ដែល​ទើបបាន​អបអរ​ទិវា​ឯករាជ្យ​របស់​ខ្លួន​ចំ​ខួប​៦​ខែ​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​និង​ចំ​ពេល​មាន​សេចក្តី​​រាយការណ៍​អំពី​ជ័យជំនះ​របស់យុទ្ធជនអ៊ុយក្រែននៅលើ​សមរភូមិ​ដុន​បា​ស​។​

​អាម៉េរិក​មាន​ផែនការ​ផ្តល់​ជំនួយ​យោធា​២​ពាន់​លាន​ដុល្លារ​ទៀត​ដើម្បី​គាំទ្រ​កិច្ចខិតខំ​របស់​អ៊ុ​យក្រែន បូករួមទាំង​ប្រទេ​សក្បែរ​ខាង​ចំនួន​១៨ រួម​មាន​សម្ពន្ធមិត្ត​ណា​តូ​ផងដែរ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន ដែល​កំពុង​នៅ​អាល្លឺម៉ង់​ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ក្រុម​ទំនាក់ទំនង​អ៊ុ​យក្រែន បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នូវ​ជំនួយ​យោធា​មួយ​​កញ្ចប់​តំលៃ​៦៥៧​លាន​ដុល្លារ​សំរាប់​អ៊ុ​យក្រែន រួម​មាន​មីន​ប្រឆាំង​រថក្រោះ កាំភ្លើង​ធំ កាំ​ភ្លើង​បាញ់​គ្រាប់បែក រថយន្តយោធា​និង​រថពាសដែក​ពេទ្យ​។​

​ជំនួយ​មួយ​លើក​នេះ​ទៀត​នាំ​អោយ​ជំនួយ​យោធា​សរុប​របស់​អាម៉េរិក​សំរាប់​អ៊ុយ​ក្រែន​តាំងពី​ពេល​ផ្ទុះ​សង្គ្រាម​មក​ឡើងដល់​១៣,៥​ពាន់​លាន​ដុល្លារ​។​

​ដំណើរ​របស់​ប្លីង​កិន​ទៅ​កាន់​ទីក្រុង​គៀវ​កើត​ឡើង​ក្រោយ​មាន​ការអំពាវនាវ​ពី​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​អោយ​បង្កើត​តំបន់​សន្តិសុខ​មួយ​នៅ​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែ​រហ្សា​ប៉ូរីស​ហ្សី​យ៉ា ដែល​​រង​ការខូចខាតដោយការបាញ់ផ្លោង​និង​កំពុង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​៕

​ដំណើរ​របស់​ប្លីង​កិន​ទៅកាន់​អ៊ុ​យក្រែ​ន​ត្រូវបាន​រក្សា​ជា​ការសម្ងាត់​យ៉ាងខ្លាំង​។​គេ​ថា​លោក​បាន​ធ្វើដំណើរ​តាម​រថភ្លើង​អស់​ពេល​១១​ម៉ោង​ទៅ​កាន់​ទីក្រុង​គៀវ​ដើម្បី​ជៀសវាង​ការធ្វើដំណើរ​តាម​យន្តហោះ​​ក្នុង​ដែនអាកាស​ដែល​អាច​មាន​បញ្ហា​។​លោក​បាន​ទៅ​មើល​មន្ទីរពេទ្យ​កុមារ​នៅក្នុង​ទីក្រុង​គៀវ ដែល​នៅ​ទី​នោះ​លោក​បាន​ជួប​អ្នកជំងឺ​ខ្លះ