ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡា ITF (International Taekwondo Federation) កម្ពុជា លោក កែវ រ៉េមី បានបង្ហោះសារដ៏ គួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកបានអះអាងថា មានប្រទេសមួយ បានដើរដាក់គំនាប ទៅលើប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន មិនឱ្យបញ្ជូនកីឡា ITF មកចូលរួមប្រកួត ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣។

លោក កែវ រ៉េមី មិនបាននិយាយឈ្មោះចំៗ ទៅលើប្រទេស ដែលព្យាយាមដាក់គំនាប ទៅលើគេឯងនោះទេ ប៉ុន្តែប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF រូបនេះ បានដឹងច្បាស់ ពីចេតនាខូចរបស់ប្រទេសមួយនោះ ដែលបានរំលោភបំពាន នូវបទបញ្ជា និងគោលការណ៍របស់កីឡា។

សូមបញ្ជាក់ថា សម្រាប់តេក្វាន់ដូ ITF ជាក្បាច់គុនរបស់ប្រទេសកូរ៉េខាងជើង ហើយក៏ជាក្បាច់គុនដែលកម្ពុជា មានសក្ដានុពលបំផុត ហើយសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា មានប្រទេសពី ៧ ទៅ ៨ ហើយ ដែលបានសន្យាថា នឹងបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួន មកចូលរួមប្រកួត ហើយឆ្នាំ២០២៣ ក៏ជាឆ្នាំដំបូងដែរ ដែលតេក្វាន់ដូ ITF មានវត្តមាននៅស៊ីហ្គេម ជាលើកដំបូង។ ជាមួយនឹងវត្តមានលើកដំបូងនេះដែរ លោក កែវ រ៉េមី បានសន្យាថា នឹងប្រជែងយក
មេដាយមាស ឲ្យបានចំនួន ១៥ គ្រឿងទៀតផង ។

លោក កែវ រ៉េមី បានហៅប្រទេសមួយនោះថា មានចិត្តកំសាក ដែលខ្លាចនូវភាពខ្លាំង របស់ក្រុមតេក្វាន់ដូ ITF កម្ពុជា ហើយបានប្រើសិទ្ធិអំណាច ដើរដាក់គំនាបដល់ ប្រទេសផ្សេងៗទៀត មិនឱ្យបញ្ជូនក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូ ITF មកប្រកួតស៊ីហ្គេម នៅកម្ពុជា។

លោក រ៉េមី បានបង្ហាញសារ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ” ខ្ញុំមិនយល់ទេ ។ បទបញ្ជារបស់កីឡាគ្មានការរើសអើង ប្រទេសតូចឬធំ មានឬក្រ នយោបាយ ពណ៌សម្បុរ ។ល។ តែផ្ទុយទៅវិញ មានប្រទេសមួយនោះ ដើរដាក់គំនាបទៅលើប្រទេសផ្សេងៗ នៅក្នុងអាស៊ាន មិនឱ្យបញ្ជូនតេក្វាន់ដូ ITF មកលេងក្នុងស៊ីហ្គេម ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ ពីព្រោះដឹងថា ITF ជាប្រភេទកីឡាមានសក្កានុពល (កំសាកមែន)” ។

គួរបញ្ជាក់ថា តេក្វាន់ដូ ITF របស់ប្រទេសកូរ៉េខាងជើង បានក្លាយជាប្រភេទកីឡាដ៏ មានសក្តានុពលរបស់កម្ពុជា ក្នុងការប្រកួតប្រជែងរកមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣នេះ ដោយក្នុងនោះ ក្រុមតេក្វាន់ដូ ITF កម្ពុជា ត្រូវបាន CAMSOC ដាក់សម្ទុះដណ្តើម មេដាយមាស ឱ្យបានយ៉ាងតិចចំនួន១៥ ពីការប្រកួតបង្ហាញខ្លួន ក្នុងស៊ីហ្គេម ជាលើកដំបូងនេះ។

ជាមួយគ្នានេះ CAMSOC ក៏បានសម្រេចរួចរាល់ហើយដែរថា នឹងដាក់ក្រុមតេក្វាន់ដូ ITF ឱ្យប្រកួតមុនគេ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីជាការនាំមុខ ក្នុងការដណ្តើម មេដាយមាស ឱ្យកម្ពុជា៕/V-PC