ដោយ៖តារារិទ្ធ(ភ្នំពេញ)កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹក ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២២នេះបានអនុម័តទាំងស្រុងនូវ“សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០”។ នេះបើយោងតាមការបញ្ជាក់ របស់លោក ផែ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបា ។

សេចក្ដីព្រាងគោលនយោបាយនេះបានឲ្យដឹងថាវិស័យប្រៃសណីយ៍ត្រូវបានចាត់ទុកថាមានសក្ដានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋ កិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា ដោយបានផ្សារភា្ជប់ជាមួយជីវភាពប្រចាំថ្ងៃនៅទីក្រុង និងជនបទ។ ជាមួយនឹងការរីក ចម្រើនសេដ្ឋកិច្ច ការវិវត្តនៃបច្ចេកវិទ្យាក៏ដូចជាបែបផែនជីវិត និងរបៀបរបបរស់នៅក្នុងសង្គម ការផ្ញើសំបុត្រសម្រាប់ទំនាក់ទំនងគ្នាមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដោយជំនួសមកវិញ ការផ្ញើបញ្ញើជាកញ្ចប់ទាំងក្នុងប្រទេស រវាងប្រទេសនិងប្រទេសត្រូវបានមើលឃើញថាមាននិន្នាការកើនឡើងយ៉ាងឆាប់ រហ័ស ស្របទៅនឹងការហក់ឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រួនិក។ទន្ទឹមគ្នានេះដែរ វឌ្ឍនភាពនៃវិស័យផ្សេងៗ ការកើនឡើងនៃការប្រើប្រាស់សេវាអ៊ីនធឺណិតនិង បណ្ដាញសង្គមព្រមទាំងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានបង្កើតកាលានុវត្តភាពសម្រាប់ទីផ្សារសេវាប្រៃសណីយ៍ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការ អភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។

ទោះជាយ៉ាងណាការអភិវឌ្ឍវិស័យនេះនៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះស្រាយក្នុងនោះវិសាលភាពនៃការផ្តល់សេវាប្រៃសណីយ៍នៅពុំទាន់បានគ្របដណ្ដប់ទូលំទូលាយ ការអភិវឌ្ឍរបស់សហគ្រាសប្រៃសណីយ៍កម្ពុជានិងបណ្ដាញប្រៃសណីយ៍នៅមានកម្រិតនៅឡើយ ការធ្វើអាជីវកម្មលើការផ្តល់សេវាបញ្ញើរបស់ផ្នែកឯកជន ពុំទាន់ត្រូវបានគ្រប់គ្រងឲ្យបានពេញលេញនិងល្អប្រសើរគួបផ្សំនឹងការខ្វះខាតក្របខណ្ឌគោលនយោបាយលិខិតបទ ដ្ឋានគតិយុត្តការធ្វើពិពិធកម្មសេវាយន្តការគ្រប់ គ្រងយន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវនៃចាប់យកបច្ចេកវិទ្យា។

គោលនយោបាយនេះ មានចក្ខុវិស័យ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជនប្រកបដោយប្រសិទ្ធ ភាព និរន្តរភាព និងនវានុវត្តន៍សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។គោលនយោបាយនេះមានគោលបំណងពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឲ្យបានទូលំទូលាយប្រក បដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផលសុវត្ថិភាពនិងភាពជឿទុកចិត្តព្រមទាំងគាំទ្រការធ្វើពិពិធកម្មសេវាប្រៃស ណីយ៍និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃស ណីយ៍ជាមួយនឹងការជំរុញការធ្វើទំនើបកម្មនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីរួមចំណែក​ទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងគាំទ្រដល់ពិពិធ កម្មសេដ្ឋកិច្ចកម្ពុជា។

គោលនយោបាយកំណត់គោលដៅ ចំនួន ៤គឺ ១.ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវានិងការពារ ផលប្រយោជន៍ របស់អ្នកប្រើប្រាស់។ ២.ធ្វើទំនើបកម្មសេវាប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្ដាញប្រៃសណីយ៍ ឲ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ប្រជាជននិងប្រើ ប្រាស់បច្ចេកវិទ្យាឌីជីចល។ ៣.បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើជីវកម្មក្នុងវិស័យប្រៃសណីយ៍ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ដោយជំរុញការប្រកួត ប្រជែងដោយសុចរិត។ ៤.លើកកម្ពស់តួនាទីរបស់ប្រៃសណីយ៍កម្ពុជា ក្នុងការផ្តល់សេវាប្រៃសណីយ៍។

ដើម្បីសម្រេចបានគោលដៅនិងគោលបំណងនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ យុទ្ធសាស្រ្តសំខាន់ៗចំនួន ៨ត្រូវបានកំណត់គឺ៖១.ពង្រឹងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការ គ្រប់គ្រងនិងការអភិវឌ្ឍវិស័យប្រៃសណីយ៍។ ២. បង្កើតយន្តការលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់។៣.លើកកម្ពស់សុវត្ថិ ភាពការងារ និងចីរភាពបរិស្ថានក្នុងប្រតិបត្តិការអាជីវកម្មប្រៃសណីយ៍។ ៤. អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរូបវន្តបណ្ដាញភស្តុភារកម្មប្រៃសណីយ៍និងជំរុញការធ្វើបរិវត្តកម្ម ឌីជីថលលើប្រព័ន្ធអេកូឡូហ្ស៊ីប្រៃសណីយ៍ សេវាកម្ម និងបណ្ដាញប្រៃសណីយ៍។ ៥. គ្រប់គ្រងឲ្យបានល្អប្រសើរនូវការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍របស់ផ្នែកឯក ជន។ ៦. ជំរុញការបង្កើនសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជា ក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម។ ៧. បង្កើតកម្មវិធីកាតព្វ​កិច្ចសេវាប្រៃសណីយ៍សកលនិងចូលរួមគាំទ្រការ ផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល។ ៨. ជំរុញការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យប្រៃសណីយ៍។ យុទ្ធសាស្រ្តនីមួយៗគឺមានសកម្មភាពអាទិ ភាព ដែលជាគម្រោងអនុវត្តពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០៣០ ៕