ដោយ៖តារារិទ្ធ(ភ្នំពេញ)កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជាបានអនុម័តរបៀបវារៈស្តីពី “សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ (ផ. យ.អ.ជ.)២០១៩-២០២៣” ។ នេះបើយោងតាមការឲ្យដឹងរបស់លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ។

សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០៣០ មានទិដ្ឋភាពសំខាន់ចំនួន ២ (១) គោលបំណង និងដំណើរការនៃការរៀបចំរបាយការណ៍នេះ (២)ទម្រង់ និងខ្លឹមសាររបស់របាយការណ៍នេះ។

១.គោលបំណងនិងដំណើរការនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣

-សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣នេះត្រូវបានរៀបចំឡើងបន្ទាប់ពីផែនការជាតិ នេះបានអនុវត្តរយៈពេលពីរឆ្នាំកន្លះហើយមានតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញចេញនូវលទ្ធផលនៃការអនុវត្តផែនការជាតិនេះជាសាធា រណ។

-របាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ២០១៩-២០២៣នេះ មានគោលបំណងសំខាន់ចំនួន២ គឺ(១) ដើម្បីវាយតម្លៃ អំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្នុងរយៈពេលពាក់កណ្ដាលអា ណត្តិដំបូង នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិពីខែមករាឆ្នាំ២០១៩ដល់ខែមិថុនា ឆ្នាំ២០២១ (២) ដើម្បីពិនិត្យមើលឡើងវិញ និងកែសម្រួលនូវបណ្ដាវិធានការ គោលនយោបាយនានាតាមវិស័យសម្រាប់ក្រសួងស្ថាប័នដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិ វឌ្ឍន៍ជាតិ២០១៩-២០២៣សម្រាប់ការអនុវត្តគោលនយោបាយ អាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជានិងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាដោយផ្អែកលើបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងអំឡុងពេលនៃការអនុវត្តជាពិសេសការរីករាលដាលនៃមេរោគកូវីដ-១៩។

២.ទម្រង់និងខ្លឹមសារ
-សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣នេះត្រូវបានរៀបចំកាត់តែងឡើងជាប្រាំពីរ ជំពូកនិងតាមទម្រង់របស់យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដូចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ជាពិសេសជំពូកទី៣ និងជំពូកទី៤។

ខ្លឹមសារក្នុងជំពូកនីមួយៗរបស់របាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣នេះ ដូចតទៅ៖

– ជំពូកទី១គឺជាការបង្ហាញអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ.២០១៩-២០២៣ នេះព្រមទាំង វិធីសាស្រ្តនៃការរៀបចំផងដែរ។

– ជំពូកទី២ បង្ហាញពីសមិទ្ធផល ការវិភាគពីស្ថានភាពរួមនៃដំណើរវិវឌ្ឍន៍នៃម៉ាក្រូសេដ្ឋកិច្ច និងដំណើរការនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នៅក្នុងសេដ្ឋ កិច្ចកម្ពុជាដោយ រំលេចឡើងអំពីរចនាសម្ព័ន្ធនៃផលិតផលក្នុងស្រុកសរុបស្ថានភាពសារពើពន្ធនិងអតិផរណា ភាពបើកចំហរនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មជញ្ជីងពាណិជ្ជកម្មព្រមទាំងភាព ក្រីក្រនិងភាពមានការងារធ្វើ។ ក្នុងជំពូកនេះក៏បានធ្វើការបង្ហាញពីការជួបប្រទះនូវកំណើនសេដ្ឋកិច្ចអវិជ្ជមានលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ក្នុងកម្រិត -៣,១% ក្នុងឆ្នាំ២០២០ ដែលមូលហេតុចម្បងបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាត្រឹមតែរយៈពេលខ្លីនៅ ឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ មកត្រឹម ២,៤% និងតាមការព្យាករ សេដ្ឋ កិច្ចកម្ពុជារំពឹងទុកថានឹងកើនឡើងដល់ ៥,៥% នៅក្នុងឆ្នាំ២០២២។

– ជំពូកទី៣ គឺជាជំពូកសំខាន់របស់របាយការណ៍នេះ ដែលអធិប្បាយអំពីសមិទ្ធផលនានាដែលក្រសួងស្ថាប័នអនុវត្តនិងសម្រេចបានតាមរយៈបណ្ដាសកម្ម ភាពកម្មវិធី និងគម្រោងនានា ដើម្បីអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១។

បណ្ដាអាទិភាពសំខាន់ៗ ដែលបានរាយការណ៍នៅក្នុងជំពូកនេះរួមមាន៖ការលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រនិងកំណើនប្រកបដោយបរិយាប័ន្ន។ការពង្រឹងសន្តិ ភាពការលើកកម្ពស់សេ្ថរភាពនយោបាយ និងសណ្ដាប់សាធារណៈសម្រាប់បង្ករបរិយាកាសអំណោយផលដល់ ធុរកិច្ច ការវិនិយោគនិងការអភិ វឌ្ឍ។ការអភិវឌ្ឍធនធាន មនុស្ស។ការធ្វើពិពិធកម្មសេដ្ឋកិច្ចសម្រាប់កំណើន។ការអភិវឌ្ឍវិស័យឯកជន និងការងារ។ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

– ជំពូកទី៤ គឺជាជំពូកដែលលើកឡើងនូវជំហានត្រូវអនុវត្តបន្ត សម្រាប់ពាក់អាណិតកាលដែលនៅសល់ រយៈពេលពីរឆ្នាំកន្លះ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣។ជំពូកនេះបានលើកឡើងនូវបណ្ដាវិធានការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យសម្រាប់ដោះស្រាយបញ្ហាប្រឈ មនិងវិបត្តិនានាដែល ជួបប្រទះនៅក្នុងពាក់កណ្ដាលអាណិតកន្លងទៅនិងរំពឹងថានឹងបន្តកើតមានបន្តនៅរយៈពេលពាក់កណ្តាលអាណិតបន្ទាប់ ។ វិធាន ការណ៍ទាំងនេះនឹងរួមទាំងការដោះ ស្រាយនិងជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីការរីរាលដាលនៃកូវីដ-១៩។

– ជំពូកទី៥ បង្ហាញពីការប៉ាន់ស្មាននៃតម្រូវការធនធានវិនិយោគសម្រាប់ការ ធ្វើឱ្យសម្រេចបាននូវចំណុចដៅទាំងឡាយរបស់ ផ.យ.អ.ជ. ២០១៩-២០២៣។របាយការណ៍ នេះ បានធ្វើចំណោលអំពីតម្រូវការធនធានសម្រាប់រយៈពេល អាណិតកាលពីរឆ្នាំកន្លះដែលនៅសល់ (ខែកក្កដា ឆ្នាំ២០២១ ដល់២០២៣)ដោយមានការស្នើឡើងនូវប្រភពហិរញ្ញប្បទានដោយធនធានក្នុងស្រុកនិងធនធានក្រៅប្រទេសព្រមទាំងការវិនិយោគមូលធនរបស់វិស័យសាធារណៈនិងឯក ជន ។

– ជំពូកទី៦ គឺជាការបង្ហាញពីក្របខ័ណ្ឌនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើមូលដ្ឋានលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩- ២០២៣។ បញ្ជីសូច នាករសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣ ត្រូវប្រើប្រាស់សម្រាប់វាតម្លៃលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣ តាមវិស័យ តាមឆ្នាំនីមួយៗ។

– ជំពូកទី៧ គឺជាបង្ហាញនូវសេចក្តីសន្និដ្ឋានរួមយ៉ាងទូលំទូលាយមួយលើការ អនុវត្តផែនការទាំងមូល ក្នុងរយៈពេលពីរឆ្នាំកន្លះនេះ ៕