​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​កញ្ញា​ថា មនុស្ស​សរុប​ចំនួន​៨៦ នាក់​ត្រូវបាន​សម្លាប់ និង​៣៥ នាក់​ទៀត​កំពុង​បាត់​ខ្លួន​បន្ទាប់ពី​គ្រោះ​​រញ្ជួយ​ដី​កម្រិត ៦,៨ រិ​ច្ឆ​ទ័របាន​វាយប្រហារ​ស្រុក​លូទីង (Luding) ក្នុង​ខេត្ត​ស៊ី​ឈ័ន ភាគ​និរតី​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​។​

​ទីស្នាក់ការ​កណ្តាល​ផ្នែក​ជួយសង្គ្រោះ​បាន​និយាយថា ក្នុងចំណោម​អ្នកស្លាប់​នោះ មាន ៥០ នាក់​ស្លាប់​នៅក្នុង​ខេត្ត​ស្វយ័ត កាន​ស៊ី​ទី​បេត៍ (Ganzi Tibet) និង​៣៦​នាក់​ទៀត​ស្លាប់​នៅក្នុង​ទីក្រុង​យ៉ា​អាន​(Ya’an) គិត​ត្រឹម​ថ្ងៃត្រង់​ថ្ងៃ​ព្រហស្បតិ៍​។​

​យោងតាម​មជ្ឈមណ្ឌល​បណ្តាញ​រញ្ជួយ​ដី​របស់​ចិន រញ្ជួយ​ដី​បាន​វាយប្រហារ​ស្រុក​លូ​ទីង ខេត្ត​កាន​ស៊ី នៅ​ម៉ោង ១២៖៥២ យប់​ថ្ងៃ​ចន្ទ​។​

​បើ​តាម​នាយកដ្ឋាន​សន្តិ​សុខ​សាធារណៈ​ខេត្ត​ស៊ី​ឈ័ន កងកម្លាំង​ជួយ​សង្គ្រោះ​របស់​ខ្លួន​បាន​ស្វែងរក​និង​ជួយសង្គ្រោះ​មនុស្ស​ជាង ១.៥០០ នាក់ ដែល​ជាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ​ហើយ​បាន​ជម្លៀស​មនុស្ស​​ចំនួន ៥.៧៨២ នាក់​ផ្សេង​ទៀត​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។​

​នាយកដ្ឋាន​បាន​ចល័ត​មន្ត្រី​ប៉ូលិស​និង​បុគ្គលិក​ជំនួយ​ចំនួន ១.៦៩៥ នាក់ ដើម្បី​ចូលរួម​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ ហើយ​បាន​បញ្ជូន​មនុស្ស​ជាង ២.៣០០​នាក់​ផ្សេង​ទៀត​ដើម្បី​ជួយ​សម្រួល​ចរាច​រណ៍​​នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយ​រញ្ជួយ​ដី​។​

​សួន​កុមារ​នៃ​សាលាបឋមសិក្សា​ស្រុក​ស៊ី​មៀន (Shimian) ត្រូវបាន​ប្រែក្លាយ​ទៅ​ជា​កន្លែង​ចត​ឧទ្ធម្ភាគចក្រ ដែល​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ក្នុង​ពេល​តែមួយ​។ ឧទ្ធម្ភាគចក្រ​ត្រូវ​បា​ដាក់ឱ្យ​​ប្រើ​ដើម្បី​ដឹកជញ្ជូន​អ្នករបួស​ព្រមទាំង​ដឹក​អ្នក​ជួយ​សង្គ្រោះ​និង​សម្ភារៈ​សង្គ្រោះ​។​

​ដ្រូ​ន​និង​រថយន្ត​សង្គ្រោះ​ដែល​ភ្ជាប់ 5G ក៏​ត្រូវបាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ​ជួយសង្គ្រោះ​ផងដែរ​។​

​យោង​តាម​ក្រុមហ៊ុន State Grid Sichuan Electric Power Company ការផ្គត់ផ្គង់​ថាមពល​ត្រូវបាន​ស្ដារឡើងវិញ​ដល់​ជិត ៨០​ភាគរយ​នៃ​អ្នកប្រើប្រាស់​ដែល​រង​ផលប៉ះពាល់​នៅ​ស្រុក​​លូ​ទីង ដែល​រងគ្រោះ​ដោយ​ការរញ្ជួយ​ដី​។​

​ក្រុមហ៊ុន​បាន​និយាយថា រញ្ជួយ​ដី​នេះ​បាន​ធ្វើ​ឱ្យ​ដាច់​ខ្សែបណ្តាញ​បញ្ជូន​ថាមពល​ចំនួន ៥៧ និង បាន​បិទ​អនុ​ស្ថានីយ​ចំនួន ១០ ដោយ​រំខាន​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​អ្នកប្រើប្រាស់​ប្រហែល ៤០.០០០ នាក់​។​

​ក្រុមហ៊ុន​បាន​ដាក់ពង្រាយ​មនុស្ស ២.៤៥៦ នាក់ រថយន្ត ៧៩៤ គ្រឿង ម៉ាស៊ីនភ្លើង ២៦៥ គ្រឿង រថយន្ត​ផលិត​ថាមពល ១៣ គ្រឿង ឧបករណ៍​បំភ្លឺ​ភ្លើង​គ្រាអាសន្ន ១៤២ ឈុត ដ្រូ​ន ១៣៤ គ្រឿង និង​ឧទ្ធម្ភាគចក្រ​មួយ​នៅក្នុង​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់រ​បស់​ខ្លួន​៕

​កងកម្លាំង​ជួយ​សង្គ្រោះ​របស់​ខ្លួន​បាន​ស្វែងរក​និង​ជួយសង្គ្រោះ​មនុស្ស​ជាង ១.៥០០ នាក់ ដែល​ជាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ​ហើយ​បាន​ជម្លៀស​មនុស្ស​ចំនួន ៥.៧៨២​នាក់​ផ្សេង​ទៀត​ទៅ​កាន់​ទី​ទួល​​សុវត្ថិភាព​