ដោយ៖តារារិទ្ធ(ភ្នំពេញ)កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៩ខែកញ្ញានេះបានអនុម័តទាំងស្រុងនូវ“សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២- ២០៣០ ” ។នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

សេចក្ដីព្រាងចុងក្រោយគោលនយោបាយនេះជាសមិទ្ធិផលថ្មីមួយទៀតក្នុងក្របខណ្ឌគោលនយោបាយជាតិដើម្បីជំរុញកំណើនវិស័យសកសិកម្មតាមរយៈការបង្កើនផលិតភាព ពិពិធកម្មនិងការធ្វើពាណិជ្ជូបនីយកម្ម ប្រកបដោយភាពប្រកួតប្រជែង បរិយាប័ន្នដែលផ្តល់នូវផលិតផលមានគុណភាពខ្ពស់មានសុវត្ថិភាពនិងធានាបាននូវ សន្តិ សុខ ស្បៀងនិងអាហារូបត្ថម្ភដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើនិងជលផលប្រកបដោយនិរន្តរភាព ។

គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ នេះរួមមាន១០ផ្នែក៖ (១)ការវិភាគស្ថានភាពកសិកម្ម (២)ចក្ខុវិស័យ (៣)គោលបំណង (៤)គោលដៅ(៥) យុទ្ធសាស្រ្តនិងសកម្មភាពសម្រាប់អនុវត្ត (៦)យន្តការសម្រាប់អនុវត្តគោលនយោបាយ (៧)ធនធានហិរញ្ញវត្ថុ (៨)ការពិនិត្យតាមដាននិងវាយតម្លៃ(៩)ការគ្រប់គ្រងហានិ ភ័យនិង(១០)ដែលជាសេចក្តីសន្និដ្ឋាន។

គោលនយោបាយជាតិនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់ចង្អុលបង្ហាញផ្លូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ដើម្បីសម្រេ ចបាននូវចក្ខុវិស័យ «ប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាការស ធាត និងនិរន្តរភាពដែលនឹងធ្វើ ឱ្យកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា» ស្របតាមគោលដៅ គោលនយោបាយឆ្ពោះទៅរក៖ (១)ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខែ្សច្រវាក់តម្លៃកសិកម្ម (២)បង្កើនការវិនិយោគសាធារណៈនិងឯកជនក្នុងវិស័យកសិកម្ម(៣)ជំរុញកំណើនប្រកបដោយចីរភាពនិងការបង្កើន ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង(៤)ការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ ៕