​ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​កូនប្រុស​ច្បង​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ បាន​បង្ហោះ​សារ​ឆ្លើយតប ទៅ​ម្ចាស់ Page : Samdach Rotana TV ជុំវិញ​ការយក​វីដេអូ​លោក ទៅ​បង្ហោះ​ដាក់​ចំណងជើង​ផ្ទុយ​ពី​ខ្លឹមសារ ។​

​ខាងក្រោម​នេះ គឺ​ខ្លឹមសារ​ឆ្លើយតប​របស់លោក ស សុខា ទៅកាន់​ម្ចាស់ Page : Samdach Rotana TV ៖

“​ខ្ញុំ​មិន​ទោមនស្ស​រាល់​ការបញ្ចេញមតិ​របស់លោក​នោះទេ​។ ប៉ុន្តែ​ខ្ញុំ​សុំ​លោក​ម្យ៉ាង កុំ​យក​វិ​ឌី​អូ​ឃ្លី​ប​របស់ខ្ញុំ​ដែលមាន​ខ្លឹមសារ​ផ្សេង​ទៅ​បង្ហោះ​ដាក់​ចំណងជើង​ផ្សឹ​ង​ដែល​បង្កប់​ដោយ​ចេតនា​ញ៉ុះ​ញុ​ង​ឫ​ចោទប្រកាន់​ខ្ញុំ​ថា​បង្គាប់បញ្ជា​ប្រដែរ​ប្រដៅ​បុគ្គល​នេះ​បុគ្គល​នោះ ជាពិសេស​កូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដូចជា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​និង ឯកឧត្ដម ហ៊ុន ម៉ា​នី ជាដើម​។

​អ្វីដែល​ខ្ញុំ​មិនអាច​ទទួលយកបាន លោក​ថា ខ្ញុំ​ក៏​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែរនោះ​។ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​កើតមក​មិនមែន ដើម្បី​ប្រកួតប្រជែង​នោះទេ​។ ជាការ​ពិត ខ្ញុំ​នៅក្នុង​គណបក្ស​មួយ​។ យើង​ត្រូវគោរព​សេចក្ដីសម្រេច​របស់​គណ​បក្ស ក្នុងការ​រៀបចំ​ចាត់ចែង​រចនាសម្ព័ន​ដឹកនាំ​ប្រទេស នៅពេលដែល​គណបក្ស​ឈ្នះឆ្នោត​។ ជាក់ស្ដែង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​គណបក្ស​បោះឆ្នោត​ជា​បេក្ខជន នាយករដ្ឋមន្ត្រី​បន្តវេន នាពេល​អនាគត ដែល​ក្នុងនោះ​ខ្ញុំ ក៏​ជា​មនុស្ស​ម្នាក់​គាំទ្រ​លោក​ដែរ​។

​ថា​ជា​ភ័ព្វសំណាង​របស់ខ្ញុំ ក៏​ថា​បាន ដែល​កើតមក​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់​មួយ​។ តែ​អ្វី​ដែលជា​ស្មារតី​ពិតប្រាកដ​របស់ខ្ញុំ មិនមែន​កើតមក​សម្រាប់​ជាការ​ប្រកួតប្រជែង​នោះទេ តែ​ជាការ​ចូលរួមចំណែក ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ប្រយោជន៍​យុវជន ប្រជាជន និង​សង្គមជាតិ​ទាំងមូល​។ ពោលគឺ ខ្ញុំ​មិន​ធ្វើជា​ចំណែក​នៃ​បញ្ហា​នោះទេ តែ​ខ្ញុំ​ប្ដេជ្ញា​ធ្វើជា ចំណែក​នៃ​ដំណោះស្រាយ​សង្គម​វិញ​។​

​ជារួម​ទាំងពីរ​ចំណុច ដែល​លោក​ទម្លាក់កំហុស​លើ​ខ្ញុំ​នេះ ជា​សារ​មួយ​ដែល​មិនអាច​ទទួល យកបាន និង​ជា​រឿង​អយុត្តិធម៌​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នៅតែ​និយាយ​ដដែល​ថា នេះ​ជា​យុទ្ធសាស្ត្រ បំបែកបំបាក់​ផ្ទៃក្នុង ដែល​ពុំ​ធ្លាប់មាន​ប្រសិទ្ធភាព​ម្ដងណា​ឡើយ​។ ពួកយើង​មានតែ ការ​សាមគ្គី​ផ្ទៃក្នុង​គ្រប់​ស្រទាប់ ឋាន​: និង​គ្រប់​រូបភាព​។ និយាយ​ឳ្យ​អស់​ទៅ យើង​តែង​ជួប គ្នា​គ្រប់​មធ្យោបាយ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​រាប់អាន និង​ជាពិសេស​កិច្ចការ ជា​ប្រយោជន៍​ជាតិ ប្រកបដោយ​ការគោរព ការយល់​ចិត្ត​យល់​ថ្លើម ក្នុង​ស្មារតី​ជិះទូក តែមួយ​ទៅកាន់​ត្រើយ​តែមួយ​។​

​ជា​ចុងក្រោយ ទោះបី​យើង​បក្ស​ផ្សេងគ្នា រស់នៅ​ប្រទេស​ខុសគ្នា ជំហរ​ទស្សន​: និង​ការមើលឃើញ​មួយ​ជ្រុង​ផ្សេងគ្នា​មែន តែ​សូម​យើង​ប្រកាន់​ចរិត​ជា​ខ្មែរ​តែមួយ​។ យើង​គួរ​មាន​មោទកភាព ដែល​បាន​កើតជា​ខ្មែរ ជ្រោមជ្រែង​រួបរួមគ្នា ដើម្បី​កម្ពុជា​រុងរឿង​”៕/V​