ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ភូ​ុ​មិ​សាស្ត្រ​ក្រុង ប៉ោយប៉ែត បាន​នឹង​កំពុង​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប ដោយ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ក្នុងភូមិ​សាស្ត្រ និង​ទទួល​របប​ទឹក ពី​ស្រុក​អារញ្ញ​ប្រ​ថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែលមាន​សណ្ឋាន​ដី​ខ្ពស់ជាង ដែល​បង្កឱ្យមាន​ធារទឹក​ហក់​ឡើង ក្នុង​ពោះ​អូរ គួរឱ្យ​កត់ សម្គាល់​។ ប៉ុន្តែ​បើតាម​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បានដឹង​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ​ថា វា​មិនទាន់​បង្កឱ្យមាន​ការ​ជន់​លិចលង់​ផលដំណាំ លំនៅដ្ឋាន ប្រជាពលរដ្ឋ និង​ពុំទាន់​មាន​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នៅឡើយ​ទេ​។​

​លោក​បាន​បញ្ជាក់ថាៈ ” វា​នៅ​មិនទាន់​ដល់​កម្រិត​ត្រូវ​ប្រកាសអាសន្ន​នោះទេ ។ ទោះបីជា យ៉ាងណា រដ្ឋបាល​ក្រុង បាន​ត្រៀមកម្លាំង​ប្រុង​ជើងការ រួចជាស្រេច​ហើយ​ដែរ “​។​

​អភិបាលក្រុង​ប៉ោយប៉ែត រួម​ដំណើរ​ជាមួយ​ក្រុមការងារ មន្ត្រីរដ្ឋបាល​ក្រុង​សង្កាត់ រួមមាន សង្កាត់​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត សង្កាត់​ផ្សារកណ្តាល និង​លោក លោកស្រី មេភូមិ កងកម្លាំងប្រដាប់អាវុធ មាន​នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​លេខ​៨៩១ យោធា​ផ្នែក​សឹក​រង​ក្រុង កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក ដែល កំពុង​ហក់​ឡើង​ស្រឺ​តៗ ។ ក្នុងនោះ ចំណុច​ខ្លះ នៃ​ទឹកអូរ​ព្រំដែន ប៉ែក​ខាងជើង ច្រកព្រំដែន អន្តរជាតិ​ប៉ោយប៉ែត បាន​ខ្ជាក់​ច្រាល​មកលើ​ផ្លូវ ដោយ​អន្លើ ក្នុង​រយៈពេល​មួយ​។​

​លោក​អភិបាលក្រុង បាន​អំពាវនាវ​ថាៈ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន តាម​មាត់​អូរ​ព្រំដែន និង​តំបន់​ទំនាប ដែល​តែងតែ​លិច​ជាប្រចាំ នៅពេលណា មាន​ភ្លៀង ធ្លាក់​ច្រើន ហើយ​ពេលនេះ មានមុខ​ទឹក​ហូរ​ឆ្លងកាត់ ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ ហានិភ័យ​នៃ​ជំនន់​ទឹកភ្លៀង ហើយ​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។ ជាង​នេះ ទៅទៀត សូម​បងប្អូន​រាយការណ៍ មក​អាជ្ញាធរ​ភូមិ សង្កាត់ និង​កម្លាំង​គ្រប់លំដាប់​ថ្នាក់ ក្នុងករណី​មាន​អាសន្ន​ណាមួយ​កើតឡើង​៕ V / N