ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលនៃការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានសហការនឹងកម្លាំងពាក់ព័ន្ធបានបំបែកករណីគ្រឿងញៀន ហើយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២២នេះ និងបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ និងវត្ថុតាងថ្នាំញៀនជិតមួយគីឡូក្រាមទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលការងារ ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយផ្នែកជំនាញនៃ អធិការដ្ឋាននគរបាល ស្រុក ក្រុងស៊ើបអង្កេត ស្រាវជ្រាវ ទាក់ទិននឹងបទល្មើសគ្រឿងញៀន ។

លោកបានឲ្យដឹងថា នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២២ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បាន  សហការជាមួយកម្លាំងនគរបាល ផ្នែកប្រឆាំងគ្រឿងញៀន នៃ អធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ចុះបង្រ្កាបមុខសញ្ញា សង្ស័យជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនចំនួន២នាក់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសហគ្រាស ឃុំជប់វារី ស្រុកព្រះ នេត្រព្រះ  ។ ជនសង្ស័យរួមមាន:  ១/-ឈ្មោះ លឹម ចំរ៉ុង ហៅង៉ា ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង 

២/-ឈ្មោះ ឆាន់ ហុង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែរ ។

លោកបន្តថា​បន្ទាប់ពីការចាប់ខ្លួននេះសមត្ថកិច្ច បានបន្តឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនចំនួនបីនាក់បន្ថែមទៀត នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។ ជនសង្ស័យមានឈ្មោះ ៖១/-ឈ្មោះ យឹម ផុន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី  ។២/-ឈ្មោះ មាស សំណាង ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិពោធិ០២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី និង ៣/-ឈ្មោះ សន យូជីន ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបូរី ។

លោក បានបន្ថែមថា៖ក្នុងកិច្ចប្រតិបត្តិការទាំង០២ ស្រុកនេះ នគរបាល បានធ្វើការដកហូតវត្ថុតាង មាន៖

គោលដៅទី១ មាន /-ម្សៅក្រាមពណសថ្លា ០១កូនថង់ ថ្លឹងសាច់ថ្នាំសុទ្ធ ទម្ងន់ ០.៥៨ក្រាម ទូរសព្ឌដៃពីរគ្រឿង ,គោលដៅទី២/-ម្សៅក្រាមពណ៌សថ្លា ចំនួន១១ថង់(ថង់ធំ០៧និងតូច០៤) ច្រកចូលក្នុងថង់តែមួយ ទម្ងន់៧១៤,២២ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,ជញ្ជីងថ្លឹង០១, ឧបរណ៍កែច្នៃសម្រាប់ជក់មួយចំនួននិងទូរសព្ឌដៃបីគ្រឿង ។

នាថ្ងៃទី០៩ខែកញ្ញា នេះ ជនសង្ស័យទាំងប្រាំនាក់និងវត្ថុតាង ត្រូវកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមាន ដើម្បីចាត់ការបន្តរតាមនិតិវិធី៕/PC