​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡាករ កីឡាការិនី វាយ​កូន​បាល់​ចំនួន​៦​នាក់ ដែល​កំពុង​ហ្វឹកហាត់ នៅ​អាមេរិក នឹង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្រៅពី​កីឡាករ កីឡាការិនី ដែល​ហ្វឹកហាត់​នៅ​អាមេរិក ក៏មាន​កីឡាករ កីឡាការិនី កំពុង​ហ្វឹកហាត់​នៅ​កម្ពុជា ចំនួន ៥​នាក់ ផ្សេងទៀត​ដែរ សម្រាប់​ការចូលរួម​ស៊ី​ហ្គេម ឆ្នាំក្រោយ​នោះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ជា ពៅ ដែលជា​អគ្គលេខាធិការរង​សហព័ន្ធ និង​ជា​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​កម្ពុជា​។

​លោក​បាន​បន្តថាៈ សហព័ន្ធ បាននិងកំពុង​ឲ្យ​កីឡាករ​ប្រឹងប្រែង​យ៉ាងខ្លាំង ពោលគឺ មិន​ផ្ដោតលើ​តែ​ការហ្វឹកហាត់​មួយ​មុខ​ទេ គឺមាន​ការរៀបចំ​ឲ្យ​មានការ​ប្រកួត​ជា លក្ខណៈ​អន្តរជាតិ ឲ្យ​បាន​ច្រើន​ដែរ ដែល​ក្នុងទិសដៅ គឺ​ហ្វឹកហាត់ ៥០ ភាគរយ រៀបចំ​ការប្រកួត ៥០ ភាគរយ​។​

​សព្វថ្ងៃនេះ មាន​កីឡាករ​សរុប​ចំនួន ១១ នាក់ ដោយ​កីឡាករ ៦​នាក់ និង​កីឡាការិនី ៥​នាក់ ហើយ​ក្នុងនោះ យើង​មាន​អ្នក​នៅ​អាមេរិក​នោះ គឺ​កីឡាករ ៣ នាក់ និង​កីឡាការិនី ៣ នាក់​។ យើង​ប្រឹងប្រែង​ណាស់ រាល់ថ្ងៃនេះ ដើម្បី​សម្រេច​ឲ្យ​បាន​តាម​គោលដៅ ដែល​រាជរដ្ឋាភិបាល បាន​កំណត់ថា ត្រូវយក​ឲ្យ​បាន​មេដាយមាស ១​គ្រឿង យ៉ាងតិច​នោះ​។ កីឡាករ​យើង ធ្វើយ៉ាងណា ឲ្យ​មានការ​ប្រកួត​ឲ្យ​បាន​ច្រើន គឺ​ហ្វឹកហាត់ ៥០ ភាគរយ ប្រកួត ៥០ ភាគរយ​។​

​ឆ្លងកាត់​ការប្រកួត​ជាច្រើនលើក​កន្លងមក យើង​សង្កេតឃើញថា ឆ្នាំនេះ កម្រិត​សមត្ថភាព កីឡាករ​កម្ពុជា​យើង ហាក់​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ប៉ុន្តែ​យើង​ដឹងថា កម្រិត​នេះ មិនទាន់​គ្រប់គ្រាន់​ឡើយ ទើប​យើង​បាននិងកំពុង​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ជាការ​ពង្រឹង​ដល់ គុណ​ផល​កីឡា​របស់​យើង​៕/V​