ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង (​ក​.​ប​.​ប​.) បាន​ណែនាំ​ដល់​ម្ចាស់​សហគ្រាស កែច្នៃ​ម្ហូបអាហារ​ទាំងអស់ ត្រូវគោរព​វិធាន អនាម័យ​សុវត្ថិភាព ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ធានា​ឱ្យ​ផលិតផល​ម្ហូបអាហារ មាន​សុវត្ថិភាព ស្របតាម​ស្តង់ដា​កំណត់ និង​សំដៅ​ធានា​ការលើកកម្ពស់​សុខុមាល​ភាព និង​ប្រសិទ្ធភាព​។​

​ក្នុង​ពិធី​សិក្ខាសាលា​ផ្សព្វផ្សាយ “​ច្បាប់ ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​ការធ្វើ​ធុរកិច្ច វិស័យ​ម្ហូបអាហារ​” នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង (​ក​.​ប​.​ប​.) បាន​មានប្រសាសន៍ថាៈ ការបរិភោគ​អាហារ ដែល​មិនមាន​សុវត្ថិភាព នឹង​បង្ក​ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព ដូចជា​បង្កឱ្យមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​មាន​ជំងឺ ក្នុងករណី​ធ្ងន់ធ្ងរ អាច​បណ្តាល​ឱ្យស្លាប់ ជាដើម ខណៈដែល​អង្គការ​សុខ​ភាព​ពិភពលោក បាន​វាយតម្លៃថា នៅ​ទូទាំង​ពិភពលោក​ក្នុង​១​ឆ្នាំៗ មាន​មនុស្ស​ជិត ៦ លាន​នាក់ បាន​ធ្លាក់ខ្លួន​ឈឺ​និង​មនុស្ស​ចំនួន ៤២ ម៉ឺន​នាក់ បាន​ស្លាប់ ហើយ​ក្នុងនោះ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវបាន​រកឃើញថា មាន​មនុស្ស​ប្រហែលជា ១៥ ម៉ឺន​នាក់ មាន​ជំងឺ និង ១៧៥ ពាន់​នាក់ បាន​ស្លាប់ ដោយសារតែ​គាត់​ទទួលទាន​អាហារ ដែល​មិនមាន​សុវត្ថិភាព និង​មិនមាន​គុណភាព ។​

​លោក​បាន​បន្តថាៈ ដោយសារ​កត្តា​ទាំងនេះហើយ ដែល​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវ​រៀបចំ​ច្បាប់ ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ ឱ្យមាន​លក្ខណៈ​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ សំដៅ​ជំរុញ​ឱ្យ ផលិតផល​ទាំងនោះ មាន​សុវត្ថិភាព និង​ស្របតាម​ស្តង់ដា​កំណត់ សំដៅ​ធានា​កម្រិត នៃ​ការលើកកម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ និង​ប្រសិទ្ធភាព នៃ​ការការពារ​ផល ប្រយោជន៍ អ្នកប្រើប្រាស់ ទាក់ទាញ​វិនិយោគ ជំរុញ​ប្រសិទ្ធភាព នៃ​ការធ្វើ​ពិពិធ​កម្ម នាំចេញ​ម្ហូបអាហារ ធានាបាន​នូវ​ការប្រកួតប្រជែង ប្រកបដោយ​សមធម៌ និង​យុត្តិធម៌ នៅក្នុង​វិស័យ​ផលិតកម្ម​និង​ពាណិជ្ជកម្ម​ម្ហូបអាហារ ដែល​រួមចំណែក​យ៉ាងសកម្ម ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាជន​កម្ពុជា ដូច្នេះ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​គោរព និង​អនុវត្តន៍​ច្បាប់​នេះ ឱ្យមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ។​

​លោក​បាន​បន្តថាៈ សុវត្ថិភាព​ម្ហូបអាហារ​គឺជា​ការទទួលខុសត្រូវ​រួម​ដែលមាន​លក្ខណៈ ពហុ​វិស័យ ចាំបាច់​តម្រូវឱ្យ​មានកា​រ​ចូលរួម ពី​គ្រប់ភាគី​ពាក់ព័ន្ធ និយាយ​ជារួម ពី​ស្ថាប័ន​ពាក់ព័ន្ធ ពី​សិប្បករ ផលិតករ និង​អ្នក​នាំចូល​ផងដែរ ដែល​ត្រូវ​ទទួលបន្ទុក ការ​អនុវត្ដ​រួមគ្នា និង​ការត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព នៅ​គ្រប់​ដំណាក់កាល នៃ​ខ្សែចង្វាក់​ផលិតកម្ម​ម្ហូបអាហារ ដូច្នេះ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ និង​បង្កលក្ខណៈ ឱ្យ​ប្រទេស​កម្ពុជា​យើង រៀបចំ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ ចាប់ពី​ដំណាក់កាល ផលិត​ដំបូង ការកែច្នៃ ការដាក់​លក់ រហូតដល់​ការប្រើប្រាស់​ចុងក្រោយ ដែលមាន​លក្ខណៈ​ទំនើប តាមរយៈ​ការកសាង នូវ​វិធីសាស្ត្រ​ទប់ស្កាត់​ជាមុន និង​ការត្រួតពិនិត្យ​ខ្សែចង្វាក់​ផលិតកម្ម​ក៏ដូចជា ការត្រួតពិនិត្យ និង​វិភាគ​ទៅលើ ផលិតផល​ចុងក្រោយ ដែលជា​គោលការណ៍​មួយ យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ផលិតផល កម្ពុជា ឱ្យមាន​ការទទួលស្គាល់ នៅក្នុង​ទីផ្សារ​តំបន់ និង​ពិភពលោក​» ។​

​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថាៈ ការជំរុញឱ្យ​លើកកម្ពស់ សុវត្ថិភាព ចំណីអាហារ ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​ធានាបាន​សុវត្ថិភាព ចំពោះ​អ្នក​បរិភោគ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​ការគាំទ្រ​លើកកម្ពស់ សុវត្ថិភាព​ចំណីអាហារ​នេះ ដែលជា​គុណប្រយោជន៍ សម្រាប់​មនុស្សជាតិ​។

​លោក មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថាៈ ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ នឹង​រួមចំណែក យ៉ាងសំខាន់ ក្នុងការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ ការការពារ សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ក៏ដូចជា​សុខុមាលភាព​អ្នកប្រើប្រាស់ ជាពិសេស អ្នក​ដែល​មិនមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​យល់ដឹង ពី​សុវត្ថិភាព​ម្ហូបអាហារ ។​

​សូមបញ្ជាក់ថា ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឡាយព្រះហស្តលេខា ដាក់ឱ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២​។ ច្បាប់​នេះ​មាន​១១​ជំពូក និង ៤៣ មាត្រា រៀបចំឡើង​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ នៃ​ពាណិជ្ជកម្ម​ក្នុងស្រុក និង អន្តរជាតិ ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ទំនិញ​មានគុណ​ភាព ព្រមទាំង​សុវត្ថិ​ភាពល្អ​៕/V​