​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​ហ្គេម​អន​ឡាញ​និង​មេ​តាវើ​ស (Metaverse) NetDragon Websoft បានប្រកាសថា ខ្លួន​បាន​តែងតាំង​មនុស្ស​យន្ត AI ជា​នាយក​ប្រតិបត្តិ​។​

​ត្រូវ​គេ​ស្គាល់​ថា លោកស្រី តាំង យូ (Tang Yu) នាយក​ប្រតិបត្តិ​ជា​មនុស្ស​យន្ត​នេះ​នឹង​បម្រើ​ជា “​មជ្ឈមណ្ឌល​ទិន្នន័យ​និង​ឧបករណ៍​វិភាគទាន់​ហេតុការណ៍​”​ដើម្បី​គាំទ្រ​ដល់​ការសម្រេចចិត្ត​នៅក្នុង​​ក្រុមហ៊ុន​ចិន​នេះ​។​

​លោកស្រី​តាំង យូ​នឹង​ដឹកនាំ​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​សំខាន់​របស់​ក្រុមហ៊ុន គឺ Fujian NetDragon Websoft ហើយ​ដើរតួ​ជា​និមិត្តរូប​នៃ​ការផ្លាស់ប្តូរ​របស់ខ្លួន​ទៅរក​ការបញ្ចូល AI​ទៅក្នុង​ការគ្រប់គ្រង​​របស់ខ្លួន​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នេះ​បាន​ក្លាយជា​អ្នក​បង្កើត​វីដេអូ​ហ្គេម និង​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ ដែល​គេ​គោរព​បំផុត​នៅ​ប្រទេស​ចិន ចាប់តាំងពី​វា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៩​។​

​ក្រុមហ៊ុន​ទទួលខុសត្រូវ​ចំពោះ​ហ្គេម​ដែល​មាន​អ្នកលេង​ច្រើន​នាក់​លើ​អន​ឡា​ញ គឺ​ហ្គេម Heroes Evolved and Conquer Online និង​កម្មវិធី Android ជាច្រើន រួម​ទាំង​កម្មវិធី Conquer Poker – Texas Hold’em ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន NetDragon Websoft សរសេរថា “​ការតែងតាំង​នេះ​គឺជា​ការផ្លាស់ប្តូរ​មួយ​ក្នុង​បំណង​ត្រួសត្រាយ​ការប្រើប្រាស់ AI ដើម្បី​ផ្លាស់ប្តូរ​ការគ្រប់គ្រង​សាជីវកម្ម និង​ធ្វើឱ្យ​ប្រសិទ្ធភាព​ប្រតិបត្តិការ​លោត​ផ្លោះ​ទៅរក​កម្រិត​ថ្មី​មួយ​”​។​

“​ការតែងតាំង​លោក​ស្រី​តាំង យូ​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ការគ្រប់គ្រង AI របស់​ក្រុមហ៊ុន និង​តំណាង​ឱ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​របស់​ក្រុមហ៊ុន​ឆ្ពោះទៅរក​ការ​ក្លាយជា​អង្គភាព Metaverse”៕

​ក្រុមហ៊ុន NetDragon Websoft តែងតាំង​មនុស្ស​យន្ត​ឈ្មោះ តាំង យូ ជា​នាយក​ប្រតិបត្តិ