ដោយៈ សុផល / ភ្នំពេញ​៖ ក្រសួងទេសចរណ៍ សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​កម្មវិធី «​រាត្រី​កម្ពុជា​ឆ្នាំ​២០២២ – Cambodia Night 2022» នា​រាត្រី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​គោលដៅ ទេសចរណ៍ និង​វប្បធម៌ យ៉ាង​ពិសេស​របស់​កម្ពុជា នាឱកាស​ពិព័រណ៍​ទេសចរណ៍ អន្តរជាតិ (ITE-HCMC 2022) នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ។​

​យោងតាម​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា កម្មវិធី​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​មានការ​ចូលរួម ពី​លោក ង្វៀន វ៉ាន់​ហ៊ុ​ង (Nguyen Van Hung) រដ្ឋមន្ត្រីក្រសួង​វប្បធម៌ កីឡា និង ទេសចរណ៍​វៀតណាម លោក ថេ​យ៍ ឱ​ង (Htay Aung) រដ្ឋមន្ត្រីក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​មី​យ៉ាន់​ម៉ា លោក អូ​ណេ​ថូ​អួ​ង ខៅ​ផា​ញ់ (Ounethoouang Khaophanh) អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហូជីមិញ មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍ អគ្គ​កុងស៊ុល ស្ថានទូត​នៃ​បណ្តា​ប្រទេស​អាស៊ាន អ្នកលក់ អ្នកទិញ និង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ផ្នែក​ឯកជន​ពាក់ព័ន្ធ សមាគម​ទេសចរណ៍ ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ កម្ពុជា និង​វៀតណាម និង​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ ប្រមាណ​ជាង ៤០០ នាក់​។​

​នា​កម្មវិធី​រាត្រី​កម្ពុជា​នេះ មានការ​សម្តែង​សិល្បៈ​បុរាណ របាំ​សហ​សម័យ និង​មានការ​ចូលរួម​ពី តារាចម្រៀង​ល្បីៗ ក្រុម​តារា​បង្ហាញ​ម៉ូដ រួមជាមួយ​ការរៀបចំ​ម្ហូប​ខ្មែរ ពី​សមាគម​ចុងភៅ ដឹកនាំ​ដោយ​លោក លូ ម៉េង សហប្រធាន​វិស័យ​ឯកជន​ទេសចរណ៍ កម្ពុជា និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​ម្លិះ ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុងឱកាស​ខួប លើក​ទី​១៦ នៃ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE នៅ​ទីក្រុង​ហូជីមិញ ។​

​រាត្រី​កម្ពុជា ២០២២ ទទួលបាន​ការសហកា​រ​សម្របសម្រួល ពី​ក្រសួង​វប្បធម៌​កីឡា និង​ទេសចរណ៍​វៀតណាម ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហូជីមិញ គណៈកម្មាធិការ​ប្រជាជន ទីក្រុង​ហូជីមិញ និង​រដ្ឋបាលជាតិ​ទេសចរណ៍​វៀតណាម (VNAT) ។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​អាស៊ីអាគ្នេយ៍ (SEA GAMES) លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​កីឡា​៖ រស់ក្នុង​សន្តិភាព​»​។

​លោក​បានឱ្យដឹង​ទៀតថាៈ រាត្រី​កម្ពុជា នាពេលនេះ រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ ការផ្សព្វផ្សាយ គោលដៅ​ទេសចរណ៍​កម្ពុជា និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ទេសចរណ៍​កម្ពុជា​-​វៀតណាម ដែលជា​ទីផ្សារ​ផ្ទៃក្នុង​អាស៊ាន ដ៏​មាន​សក្ដានុពល​។ ឆ្នាំនេះ​គឺជា​លើក​ទី​១៦ ដែល​ក្រសួងទេសចរណ៍​កម្ពុជា បាន​ចូលរួម​គាំទ្រ និង​សហការ នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នេះ រួមជាមួយ​ការរៀបចំ «​រាត្រី​កម្ពុជា​»​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថាៈ បន្ទាប់ពី​ការប្រកាស​បើក​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ រួមជាមួយ​ការអនុវត្ត​តាម​ចក្ខុវិស័យ​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ឆ្នាំ​២០២០-២០២៥ និង​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរ​ផ្ទៃក្នុង ឆ្នាំ​២០២១-២០២៣ ផែនការមេ​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី និង​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ កំណើន​ទេសចរ​អន្តរជាតិ មក​កម្ពុជា រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២២ មាន​ចំនួន​ជិត ១​លាន​នាក់ កើនឡើង ៥៨០% ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១​។ ទេសចរ​ផ្ទៃក្នុង​ធ្វើដំណើរ​កម្សាន្ដ​ទូទាំងប្រទេស​ជាង ៨,៥ លាន​នាក់ កើនឡើង ២៤៥% ក្នុងនោះ ទេសចរ​ជាតិ​ជាង ៧,៦ លាន​នាក់ កើនឡើង ២២៦% និង​ទេសចរ​បរទេស​ផ្ទៃក្នុង ជាង ៨៧ ម៉ឺន​នាក់ កើនឡើង ២៥៣% ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១​។យោង​ស្ថានភាព​ទេសចរណ៍​បច្ចុប្បន្ន កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ពី​ចន្លោះ ១,៥ លាន ទៅ ២ លាន​នាក់ ក្នុង​ឆ្នាំ​២០២២​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថាៈ តាមរយៈ​ការចូលរួម​និង​ផ្សព្វផ្សាយ​ក្នុង​ព្រឹត្តិការណ៍ ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE-HCMC និង​ការរៀបចំ​រាត្រី​កម្ពុជា​ឆ្នាំ​២០២២ នឹង​ជួយ​ទាក់ទាញ​កំណើន​ទេសចរ និង​វិនិយោគិន​វៀតណាម កាន់តែច្រើន​មក​ទស្សនា ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ក្នុងដំណាក់កាល​នៃ​ការ​ស្តារឡើងវិញ នៃ​វិស័យ​ទេសចរណ៍ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

​លោក ថោង ខុន ក៏បាន​ប្រកាស​អញ្ជើញ​ភ្ញៀវកិត្តិយស ចូលរួម​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ស្រប​ជាមួយ​កិច្ចប្រជុំ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត លើក​សកលលោក ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ និង​ជំរុញ​ការផ្សព្វផ្សាយ «​កម្ពុជា​-​ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង​» កាន់តែ​ច្រើនឡើង​ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​ដែរ​ថាៈ កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ នេះ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​អនុញ្ញាតឱ្យ​ជនបរទេស ឬ​វិនិយោគិន​បរទេស និង​ក្រុមគ្រួសារ ដែល​បាន​ស្នាក់នៅ​កម្ពុជា ចាប់ពី ២ ឆ្នាំ​ឡើងទៅ អាចដាក់​ពាក្យស្នើសុំ បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះ​កេរ សម្រាប់​រយៈពេល ១​ឆ្នាំ ដោយ​ឥតគិតថ្លៃ​។​

​រាត្រី​កម្ពុជា ក៏​ជាការ​ចូលរួម​អបអរសាទរ​ខួប លើក​ទី​៥៥ នៃ​ទំនាក់ទំនង​មិត្តភាព​ការទូត​រវាង​កម្ពុជា និង​វៀតណាម និង​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​សហគមន៍​អាស៊ាន ក៏ដូចជា ចូលរួម​អបអរសាទរ ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​៧៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ឆ្នាំ​២០២២៕/V​