​ដោយៈ​សុផល​/​ភ្នំពេញ​៖ ឆ្លៀតឱកាស​នៃ​ការចូលរួម​កម្មវិធី​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ នា​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​នា​អំលុងពេល​ជួប​វិបត្តិ​កូ​វីដ​១៩ ក្នុង​វេទិកា​កម្រិត​ខ្ពស់​ស្តីពី​ដំណោះ ស្រាយ លើ​ការស្តារ​ទេសចរណ៍​អន្តរជាតិ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដែលមាន​អ្នកចូលរួម​ប្រមាណ​៣៥០​នាក់​។​

​ប្រភព​ក្រសួងទេសចរណ៍​នា​ថ្ងៃទី​៩​ខែកញ្ញា បានឱ្យដឹងថា​៖​ចំណុច​សំខាន់ៗ​នៃ​ការចែករំលែក បទពិសោធន៍​នេះ​គឺ​ផ្ដោតលើ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ យុទ្ធសាស្ត្រ​ចាក់​ស្រោច​វ៉ាក់សាំង​កូ​វីដ​១៩​ជូន​ប្រជាជន​ទូទាំងប្រទេស​កម្ពុជា ការស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុងដំណាក់កាល​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ទស្សនវិស័យ​អនាគត​នៃ​វិស័យ​ទេសចរណ៍ ជាពិសេស​ការពង្រឹង​ការតភ្ជាប់​ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​។​

​វេទិកា​កម្រិត​ខ្ពស់​នៅ​ទីក្រុង​ហូជីមិញ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក វុ ឌឹ​កដាម (Vu Duc Dam) សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស និង​ជា​ឧបនាយករដ្ឋមន្ដ្រី​វៀតណាម ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​វៀតណាម កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ ប្រតិភូ​អម​រដ្ឋមន្ត្រី​/​អនុរដ្ឋមន្ត្រី និង​តំណាង​អាជ្ញាធរ​ទេសចរណ៍ អគ្គ​កុងស៊ុល​ប្រទេស​សមាជិក​អាស៊ាន ផ្នែក​ឯកជន​អន្តរជាតិ​សរុប​ប្រមាណ​៣៥០​នាក់​។​

​នាឱកាស​នោះ លោក ថោង ខុន បាន​ចែករំលែក​នូវ​បទពិសោធន៍​កម្ពុជា​ដល់​អង្គ​វេទិកា​អំពី​ការកំណត់​យក​ការចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដើម្បី​ធានា​ភាពស៊ាំ​ក្នុង​សហគមន៍​ដែល​ឈានទៅដល់​ការបើក​សេដ្ឋកិច្ច សង្គម​ឡើងវិញ ជាពិសេស​ការបើក​ប្រទេស​ឡើងវិញ​ដើម្បី​ទទួល​ទេសចរ​អន្តរជាតិ​ពេញលេញ​ឡើងវិញ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ការដាក់​ចុះ​វិធាន​សង្គ្រោះ និង​អន្តរាគមន៍​នានា​ដាក់ចុះ​ដោយ​រាជរដ្ឋាភិបាល​ក្នុងការ​សង្គ្រោះ​អាជីវកម្ម និង​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ក្នុងចំណោម​វិស័យសេដ្ឋកិច្ច​សង្គម​ផ្សេងៗ​ទៀត​។​

​ជាការ​ចូលរួម លោក​រដ្ឋមន្ត្រី​បាន​ចែករំលែក​អនុសាសន៍​គន្លឹះ​ចំនួន​៤​ចំណុច ក្នុង​ការពង្រឹង​ការតភ្ជាប់​ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​តំបន់ និង​អន្តរជាតិ​ឡើងវិញ ប្រកបដោយ​ចីរភាព​នៃ​កំណើន​ដូចខាងក្រោម​៖
១. ចំពោះមុខ​វ៉ាក់សាំង​នៅតែ​ជា​គន្លឹះ​ក្នុងការ​កសាង​នូវ​ទំនុកចិត្ត​ទេសចរ​ក្នុងការ​ធ្វើដំណើរ​៖ ចំពោះមុខ​ដែល​ពិភពលោក​បានទទួល​យក​ការរស់នៅ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី ពោលគឺ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ វ៉ាក់សាំង​ជា​ឧបករណ៍​តែមួយគត់​ចូលរួម​ដល់​ការធានា​អាយុជីវិត​ប្រជាពលរដ្ឋ ទេសចរ ក៏ដូចជា​ស្តារ​នូវ​ទំនុកចិត្ត​និង​ភាពជឿជាក់​របស់​ទេសច​រ​។ ដូចនេះ​គោលដៅ​ទេសចរណ៍​ទាំងឡាយ​គួរ​បន្ត​និង​បង្កើន​ការចាក់​វ៉ាក់សាំង​។​

២. ត្រូវ​បើក​សកម្មភាព​សេដ្ឋកិច្ចសង្គម​ឡើងវិញ​ស្របតាម​បរិបទ​គន្លង​ប្រក្រតីភាព​ថ្មី ស្រប​ផែនទី​ចង្អុល​ផ្លូវ ឬ​យុទ្ធសាស្ត្រ និង​គោលការណ៍​ណែនាំ​នានា ដោយ​តម្កល់​អាយុជីវិត​ប្រជាពលរដ្ឋ​ជា​អាទិភាព​ខ្ពស់បំផុត​។ ជាក់ស្តែង ដើម្បី​ធាន​បាន​នូវ​ការបើក​សកម្មភាព​សេដ្ឋកិច្ចសង្គម និង​វិស័យ​ទេសចរណ៍​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ចុះ​នូវ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការផ្សព្វផ្សាយ និង​ផែនការ​ស្តារឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​កម្ពុជា​អំឡុងពេល និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដែល​ចែកចេញជា​៣​ដំណាក់កាល​៖ គឺ​ការគ្រប់គ្រង​វិបត្តិ​ក្នុងដំនាក់កាល​ទម្លាប់​ថ្មី និង​រៀប​ចំការ​ស្តារឡើងវិញ (២០២០-២០២១),​ការស្តារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ កម្ពុជា​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ (២០២២-២០២៣) និង​ការរៀបចំ​ឆ្ពោះទៅកាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២៤-២០២៥)​។​

៣. សមាជិក​អាស៊ាន​ទាំងអស់​គួរ​ពិចារណា​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន ស្របតាម​ចក្ខុវិស័យ «​អាស៊ាន​សម្រាប់​អាស៊ាន​» ក៏ដូចជា​ទេសចរណ៍​ក្នុង​ក្របខណ្ឌ​អនុតំបន់​ដូចជា​បណ្ដា​ប្រទេស​អេក​ម៉ិ​ក (ACMECS) និង​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​។​

៤. រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដៃគូ​អាស៊ាន និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទេសចរណ៍​ពិភពលោក​គួរ​បន្ត​ពង្រឹង​ការអភិវឌ្ឍន៍​ធនធានមនុស្ស ជំរុញ​ការតភ្ជាប់​ឌីជីថល ជំរុញ​នវានុវត្តន៍ និង​គំនិត​ច្នៃប្រឌិត​ក្នុង​បរិបទ​ឧស្សាហកម្ម​ជំនាន់​៤.០ និង​និន្នាការ​អនាគត​នៃ​វិស័យ​ទេសចរណ៍​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ត​លើកឡើង​អំពី​ការខិតខំ​ជំរុញ​វគ្គ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អន​ឡាញ (E-learning) និង​អក្ខរកម្ម​ឌីជីថល ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងទេសចរណ៍​បាន​អនុវត្ត​ក្នុងដំណាក់កាល​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ និង​ក្នុងដំណាក់កាល​ស្ដារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ឡើងវិញ​នេះ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​លើកឡើងថា​៖​រាជរដ្ឋាភិបាល​ក៏បាន​សហការ​ជាមួយ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ផ្ដល់នូវ​សហ​ហិរញ្ញប្បទាន​សរុប​ចំនួន​១៥០​លាន​ដុល្លារ​សម្រាប់​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ស្នើ​កម្ចី​ឥណទាន​យកទៅ​ជួសជុល​កែលម្អ​ទីតាំង​អាជីវកម្ម​របស់ខ្លួន​។ អាជីវកម្ម​ទាំងនោះ​គឺ​ត្រូវតែ​បាន​ចុះបញ្ជី​នៅ​ក្រសួងទេសចរណ៍ និង​ទទួលស្គាល់​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​៕ N

រូបថត​: រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ចែករំលែក​បទពិសោធ​ន៍​ដែល​កម្ពុជា​សម្រេចបាន​ក្នុងការ​ស្តារ​វិស័យ​ទេសចរណ៍ ក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នៅ​វៀតណាម​(​រូបថត ក្រសួងទេសចរណ៍​)