ដោយ៖តារារិទ្ធ(ភ្នំពេញ)កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម័យ ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សាផ្លាស់ប្ដូរយោបល់និងសម្រេចតាមរបៀបវារៈដែលមានលទ្ធផលនិងខ្លឹមសារសង្ខេបដូចខាងក្រោម៖

១-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០

សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំ ទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍និងការធ្វើអាជីវកម្មផ្តល់សេវាក្នុង វិស័យប្រៃសណីយ៍ជាមួយនឹងការជំរុញការធ្វើទំនើបកម្មនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងគាំ ទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

សេចក្តីព្រាងគោលនយោបាយនេះបានកំណត់គោលដៅចំនួន៤ គឺ (១)ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ដើម្បីធានាការលើកកម្ពស់គុណភាពសេវានិង ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ (២) ធ្វើទំនើបកម្មសេវាប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពង្រីកបណ្តាញប្រៃសណីយ៍ឱ្យមានវិសាលភាពទូលំទូលាយខិតទៅ ដល់ប្រជាជននិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (៣) បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ ដឹកជញ្ជូននិងចែកបញ្ញើប្រៃ សណីយ៍ដោយជំរុញការប្រកួតប្រជែងដោយសុចរិត និង (៤) លើកកម្ពស់តួនាទីរបស់ប្រៃសណីយ៍កម្ពុជា ក្នុងការផ្តល់សេវាប្រៃសណីយ៍។

សេចក្តីព្រាងគោលនយោបាយនេះពិតជាមានសារៈសំខាន់សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនសកម្មភាពជាអាទិភាពដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវ ការទាំងក្នុងផ្នែកសង្គមនិងផ្នែកសេដ្ឋកិច្ច និងស្របទៅនឹងក្របខ័ណ្ឌអភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិសំដៅពង្រីកវិសាលភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព ជូនប្រជាជន។

សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ត្រូវបានរៀបចំឡើងដោយចែកចេញជាប្រាំបីផ្នែកនិងមានឧបសម្ព័ន្ធចំនួនបួនហើយត្រូវបាន សម្រេច ឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

២-សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣

សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ត្រូវបានរៀបចំឡើងក្រោយពីផែន ការជាតិនេះបានអនុវត្តរយៈពេលពីរឆ្នាំកន្លះនិងបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១កន្លង ទៅ។

សេចក្តីព្រាងរបាយការណ៍នេះមានគោលបំណងសំខាន់ៗចំនួនពីរគឺ (១) ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗដែលកើតមាននៅក្នុងការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣ ក្នុងរយៈពេលពាក់កណ្តាលអាណត្តិដំបូង ពីខែមករាឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ និង (២)ដើម្បីពិនិត្យមើលឡើងវិញនិងកែសម្រួល នូវបណ្តាវិធានការគោលនយោបាយនានាតាមវិស័យសម្រាប់ក្រសួង ស្ថាប័ន ដែលបានកំណត់នៅក្នុង ផ.យ.អ.ជ. ២០១៩-២០២៣សម្រាប់ការអនុវត្តគោលនយោបាយ អាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាដោយផ្អែកលើបញ្ហាប្រឈមក្នុងពេលអនុវត្តជាពិសេសការរីករាលដាលនៃមេ រោគកូវីដ-១៩។

សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ត្រូវបានរៀបចំឡើងដោយមានចំនួនប្រាំពីរ ជំពូកនិងមានឧបសម្ព័ន្ធចំនួនពីរ ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

៣-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០

សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញកំណើនវិស័យកសិកម្មតាមរយៈការបង្កើ នផលិតភាព ពិពិធកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម ប្រកបដោយភាពប្រកួតប្រជែង បរិយាបន្ន ដែលផ្តល់នូវផលិតផលមានគុណភាពខ្ពស់មានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។

សេចក្តីព្រាងគោលនយោបាយនេះមានសារៈសំខាន់សម្រាប់ចង្អុលបង្ហាញផ្លូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាបន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពដែលនឹងធ្វើឱ្យកើន ឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា»ស្របតាមគោលដៅគោលនយោបាយឆ្ពោះទៅរក(១) ការធ្វើទំនើបកម្មនិងពាណិ ជ្ជូបនីយកម្មខ្សែច្រវាក់តម្លៃកសិកម្ម (២) បង្កើនការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម (៣) ជំរុញកំណើនប្រកបដោយចីរភាពនិងការបង្កើនភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុនិង (៤) ការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ។

សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ ត្រូវបានរៀបចំឡើងដោយចែកចេញជាដប់ផ្នែក និងមានឧបសម្ព័ន្ធចំនួនពីរហើយត្រូវ បានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

៤-បញ្ហាផ្សេងៗ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចបញ្ជូន “សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយ អាស៊ាន”ដើម្បីសូមការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖

– រាជរដ្ឋាភិបាលថ្លែងការកោតសរសើរចំពោះ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានខិតខំប្រឹង ប្រែងរៀបចំនិងសម្របសម្រួលដោយជោគជ័យ លើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដាដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដោយបានពិភាក្សាលើកិច្ចការសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាតំបន់និងពិភពលោក។ទន្ទឹម នឹងនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាកម្ពុជាត្រូវត្រៀមខ្លួននិងត្រូវខិតខំប្រើប្រាស់មូលដ្ឋាននៃការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នេះដើម្បីឈានទៅសម្រេចជោគជ័យលើការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ។

– រាជរដ្ឋាភិបាលថ្លែងការកោតសរសើរចំពោះឯកឧត្ដមអភិបាលនៃគណៈអភិបាលនិងរដ្ឋបាលខេត្តសៀមរាបព្រមទាំងក្រុមការងាររបស់ក្រសួងមហាផ្ទៃដែលបានដឹកនាំ និងសហការដោះស្រាយបញ្ហាការប្រមូលផ្ដុំរបស់សកម្មជននៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងប្រជាជនមួយចំនួននៅចម្ការម្រេចក្បែរជើងភ្នំគូលែនក្នុងស្រុក បន្ទាយស្រី ខេត្តសៀមរាប ដែលបានរំសាយនាពេលថ្មីៗនេះដោយសន្តិវិធីនិងគ្មានការបង្កអំពើហិង្សាណាមួយកើតឡើង។

– រាជរដ្ឋាភិបាលថ្លែងការកោតសរសើរដល់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានដឹកនាំនិងសហ ការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាបដោះស្រាយផលប៉ះពាល់ចំពោះអ្នក កាន់កាប់ដីធ្លីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដើម្បីបំពេញតាមលក្ខខណ្ឌនៃការ បន្តរក្សាលក្ខណសម្បត្តិរបស់តំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក។

– រាជរដ្ឋាភិបាលជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តសៀមរាបរៀបចំអភិវឌ្ឍតំបន់រុនតាឯកទៅជាភូមិធម្មជាតិរុនតាឯកដែលជាទីតាំងបន្តមរតកពីសម្ដេច វិបុលបញ្ញា សុខ អាន ឱ្យក្លាយជាទីក្រុងរណបថ្មីសម្រាប់ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមានផ្លូវលំ សាលារៀន មន្ទីរពេទ្យសេវាទឹក ស្អាតនិងអគ្គិសនី ជាដើម ។

– រាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្តនិងមូលដ្ឋានទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបើកយុទ្ធនាការប្រយុទ្ធ ប្រឆាំងនិងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនការជួញដូរនិងរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំនិងអាជីវកម្មផ្លូវភេទដែលបាននិងកំពុងកើតឡើងលើទឹកដីនៃព្រះរាជាណា ចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព ។

– រាជរដ្ឋាភិបាលណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កើនការយកចិត្តទុកដាក់និងប្រុង ប្រយ័ត្នខ្ពស់ឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ដែលបណ្ដាលពីជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គដោយត្រូវត្រៀមរៀបចំនិងចាត់វិធានការចាំបាច់នានាដើម្បីជួយ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនៅតាមភូមិសាស្ត្រដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលាព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់ ទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

-រាជរដ្ឋាភិបាលលើកទឹកចិត្តដល់ការតែងតាំងមន្ត្រីរាជការក្នុងមុខតំណែងនានានៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដោយជ្រើសចេញពីមន្ត្រីនៅមូលដ្ឋានផ្ទាល់ដើម្បីធានាប្រសិទ្ធភាពការងារ និងស្របតាមគោលការណ៍នៃការអនុវត្តនយោបាយវិមជ្ឈការនិងវិសហមជ្ឈការនៅព្រះរាជាណាចក្រកម្ពុជា។

– រាជរដ្ឋាភិបាលថ្លែងអំណរគុណចំពោះគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ វិស័យឯកជននិងប្រជាជន ទូទាំងប្រទេស ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសបានខិតខំ ប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍និងកាត់បន្ថយការឆ្លងរីករាលដាលនៃមេរោគជំងឺកូវីដ-១៩ ប្រភេទថ្មី BA.4 និងBA.5 ។

– រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។ ដោយឡែកចំពោះការរៀបចំ ពិធីបុណ្យអុំទូកកម្សាន្តសប្បាយរបស់ប្រជាជននៅតាមបណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ស្ដែងដោយគិតទាំងពិធីបុណ្យ ភ្ជុំបិណ្ឌនៅខែកញ្ញានិងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខែវិច្ឆិកា ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋបង្កើនបរិយាកាសទេសចរ ណ៍ក៏ដូចជាផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕