ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៩ខែ កញ្ញានេះបាលជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តសៀមរាបរៀបចំអភិវឌ្ឍតំបន់រុនតាឯកទៅជាភូមិធម្មជាតិរុនតាឯកដែលជាទីតាំងបន្តមរតកពីសម្ដេច វិបុលបញ្ញា សុខ អាន ឱ្យក្លាយជាទីក្រុងរណបថ្មីសម្រាប់ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមានផ្លូវលំ សាលារៀន មន្ទីរពេទ្យសេវាទឹក ស្អាតនិងអគ្គិសនីជាដើម ។

ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងការកោតសរសើរដល់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែល បានដឹកនាំនិងសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តសៀមរាបដោះស្រាយផលប៉ះ ពាល់ចំពោះអ្នកកាន់កាប់ដីធ្លីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដើម្បីបំពេញតាមលក្ខខណ្ឌនៃការ បន្តរក្សាលក្ខណសម្បត្តិរបស់តំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក ៕