ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​៖ កុដិ​ថ្មី​ដែលមាន​តម្លៃ​ប្រមាណ​ជាង ២៣ ម៉ឺន​ដុល្លារ​អាម៉េរិក នៅ​វត្ត​ចន្ទ​សុរិយា​ក្រឡាញ់ ស្ថិតនៅ​ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ ។

​ព្រះ​កុសល​ស​ត្ថា ឆៃ សៅ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​សមុហ៍​អនុគុណ​ស្រុក​កំពង់ត្រឡាច និង​ជា​ព្រះចៅអធិការ​វត្ត​ចន្ទ​សុរិយា​ក្រឡាញ់ បាន​មាន​សង្ឃដីកា​បញ្ជាក់ថាៈ​កុដិ​ថ្មី​ដែល​បាន​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​នាពេលនេះ មាន​ទទឹង​ជាង ១០ ម៉ែត្រ​៨​តឹក និង​មាន​បណ្តោយ​ប្រវែង ៣៦​ម៉ែត្រ កម្ពស់​២​ជាន់ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង ២៣ ម៉ឺន​ដុល្លារ​អាម៉េរិក​។ កុដិ​ថ្មី​ដែល​បានចាប់ផ្តើម​ធ្វើការ​សាងសង់​នេះ គឺ​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត នៃ​វត្ត​ចន្ទ​សុរិយា​ក្រឡាញ់ ក្នុងចំណោម​សមិទ្ធផល​នានា​ជាច្រើន​នៅក្នុង​វត្ត​នេះ ក្រោម​ការគ្រប់គ្រង ដឹកនាំ​របស់​ព្រះចៅអធិការ​វត្ត​គ្រប់​ជំនាន់ និង​ការចូលរួម​យ៉ាងច្រើន ពី​សំណាក់​សប្បុរសជន និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ។

​ព្រះ​ទេព​នី សុខ ថា​ន រាជាគណ​ថ្នាក់​ចត្វា ព្រះ​ធម្ម​វង្សា​ធិបតី ព្រះ​មេគណ​ខេត្តកំពង់ឆ្នាំង បាន​មាន​សង្ឃដីកា នៅក្នុង​ឱកាស​នោះ​ថាៈ សមិទ្ធផល​ថ្មី នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដែល​បាន​សាងសង់ នៅក្នុង​វត្ត​ចន្ទ​សុរិយា​ក្រឡាញ់ នាពេលនេះ បានបង្ហាញ​ឱ្យឃើញ​ពី​ការគិតគូរ​របស់​ព្រះចៅអធិការ​វត្ត គណៈកម្មការ និង​ពុទ្ធបរិស័ទ ដែល​បាន​រួបរួមសាមគ្គី​គ្នា ក្នុង​ការជួយជ្រោមជ្រែង លើកកម្ពស់​ព្រះពុទ្ធសាសនា ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ឡើង ។

​ព្រះ​ទេព​មុន្នី សុខ ថា​ន បានបញ្ជាក់​ថាៈ វត្ត​អារាម នៃ​ព្រះពុទ្ធសាសនា មាន​តួនាទី​យ៉ាងសំខាន់ សម្រាប់​ជួយ​ប្រជារាស្ត្រ​ខ្មែរ ក៏ដូចជា​ចូលរួម​អភិវឌ្ឍន៍​សង្គម​ខ្មែរ​យើង មិនអាច​ខ្វះ​បាន ហើយ​ព្រះពុទ្ធសាសនា មាន​តួនាទី​អប់រំ​មនុស្ស​ឱ្យ​ប្រកាន់យក​សន្តិភាព មិនមែន​ដោយ​ហិង្សា​។ ព្រះពុទ្ធសាសនា អប់រំ​មនុស្ស​ឱ្យមាន​ព្រហ្ម​វិហារធម៌ ឱ្យ​ចេះ​ស្រឡាញ់​រាប់អាន​គោរព​គ្នា​ទៅវិញទៅមក យើង​នឹងមាន​សុខសន្តិភាព បើ​យើង​ចេះ​គោរព​តាម​គោល​ធម៌​របស់​ព្រះពុទ្ធសាសនា​បាន​ពិតប្រាកដ យើង​នឹង​ធានាបាន​នូវ​សុខសន្តិភាព សុ​វត្តិភាព ក្នុងសង្គម​។

​នៅក្នុង​ឱកាស​នោះ មហា​ឧបាសក អៀរ លី​ហ៊ួ​ត និង​មហា​ឧបាសិកា គួរ ជឺ​ហ៊ុយ ព្រមទាំង​បុត្រាបុត្រី នៅ​ភ្នំពេញ បាន​ចូលរួម​បច្ច័យ​កសាង​កុដិ ១​ម៉ឺន​ដុល្លារ ព្រមទាំង​មានការ​បរិច្ចាគ​ថវិកា​តាម​សទ្ធា​ពី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក្នុងស្រុក​កំពង់ត្រឡាច​ផងដែរ​៕ V / N