​ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​លើ​កំណាត់​ផ្លូវ​មួយចំនួន នៅ​ទីប្រជុំជន ក្នុង​សង្កាត់​-​ក្រុង​សំរោង ដែល​រង​ការខូចខាត នៅ​រដូវវស្សា​នេះ ដើម្បី​ត្រៀម​ជួសជុល​ឡើងវិញ​។

​លោក ឃិន ញាណ អភិបាលរង​ខេត្ត បានឱ្យដឹងថាៈ កំណាត់​ផ្លូវ​មួយចំនួន ដែល​រង​ការខូចខាត​នោះ ដោយ​កក្តា​ពលរដ្ឋ ដែលជា​ម្ចាស់​ទីតាំង​ដី សងខាង​ផ្លូវ បាន​ចាក់ដី​បិទ​ប្រព័ន្ធ​ផ្លូវ​រំដោះ​ទឹក​ហូរ​ចេញ និង​ប្រព័ន្ធ​បង្ហូរទឹក​ខ្លះ បាន​បិទ​ច្រក​ហូរ​ចូល ដោយសារ​សម្រាម ដែល​បណ្តាលឱ្យមាន​ទឹក​ដក់​ខូចខាត​ផ្លូវ​ទាំងនេះ​។

​លោក​បាន​បន្តថាៈ ផ្លូវ​ដែល​រង​ការខូចខាត​នៅ​រដូវវស្សា​មួយចំនួន​នេះ នឹង​ចាប់ផ្ដើម​ជួសជុល​ឡើងវិញ នៅពេល​ដាច់​ដំណក់ទឹកភ្លៀង​ខាងមុខនេះ​។

​ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ ចូលរួម​ការរៀបចំ​វេច​ខ្ចប់ និង​ទុកដាក់​សម្រាម​ផ្សេងៗ ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​នៅពេល​មាន​ភ្លៀងខ្យល់​បក់​អណ្តែត បិទ​ស្ទះ​ប្រភព​រំដោះ​ទឹក ធ្វើឱ្យ​ផ្លូវ លិចលង់ និង​រង​ការ​ខូច​បន្ថែមទៀត​៕ V / N