​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត​បាល់ទាត់​អឺរ៉ុប​ចុង​សប្តាហ៍​នេះ​វិលត្រឡប់​មក​វិញ​ហើយ បន្ទាប់​ពី​ការប្រកួត​បាល់ទាត់​អឺរ៉ុប​បី​ថ្ងៃ​កាលពី​ពាក់កណ្តាល​សប្តាហ៍​ដ៏​មមាញឹក​។​ខណៈ​លី​ក​ធំៗ​​នៅអេ​ស្ប៉ាញ អ៊ីតាលី បារាំង និង​អាល្លឺម៉ង់​នឹង​ប្រព្រឹត្ត​ទៅ​តាម​កាលកំណត់ លី​ក​កំពូល​នៅ​អង់គ្លេស​ហាក់​ស្រពេចស្រពិល​មិនដឹងថា​ត្រូវ​ផ្អាក​សិន​ឬ​ក៏​បន្ត​ការប្រកួត​នោះ​ទេ​ដោយសារតែ​ការ​សោយ​​ទិវង្គត​របស់​មហាក្សត្រិយ៍អេលី​ហ្សា​បេត​។ ទោះយ៉ាងណា យើង​នឹង​លើកយក​បី​គូ​មក​វិភាគ​ជូន​ដូច​សព្វមួយដង​។

– Cadiz vs Barcelona

​ខ្សែប្រយុទ្ធ​ល្អ​បំផុត​នៅក្នុង​លី​ក​នឹង​ត្រូវ​ជួប​ជាមួយនឹង​ខ្សែការពារ​អន់​បំផុត​លំដាប់​ទី​ពីរ​នៅក្នុង​លី​កអេ​ស្ប៉ាញ​នៅ​ថ្ងៃសៅរ៍​នេះ នៅពេលដែល Barcelona ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន Estadio Nuevo Mirandilla ដើម្បី​ប្រឈមមុខ​នឹង​ក្រុម Cadiz ក្នុង​ការប្រកួត​ជុំ​ទី ៥ នៃ La Liga ។​

​វិធី​មួយទៀត​ដើម្បី​ពណ៌នា​អំពី​ការប្រកួត​នេះ​គឺ ខ្សែការពារ​ល្អ​បំផុត​ទី​ពីរ​នៅក្នុង​លី​ក​នឹង​ត្រូវ​ប៉ះ​ជាមួយ​ខ្សែប្រយុទ្ធ​អន់​បំផុត​នៅក្នុង​លី​ក​។​

​ទោះ​ពណ៌នា​តាម​វិធី​ណា​ក៏​គេ​នៅតែ​មើល​ឃើញ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ទទួល​បាន​បី​ពិន្ទុ​ពី​ការប្រកួត​នេះដែរ​។​

Barcelona បានចាប់ផ្តើម​រដូវ​កាល​នេះ​ជាមួយនឹង​លទ្ធផល​ស្មើដោយ​គ្មាន​គ្រាប់​បាល់​នៅផ្ទះ​ខ្លួនឯង​ទល់នឹង Rayo Vallecano ប៉ុន្តែ​ពួកគេ​បាន​បន្ត​អបអរ​ជ័យជម្នះ​បី​លើក​លើ​ក្រុម Real Sociedad, Real Valladolid និង Sevilla ដោយ​រកបាន ១១ គ្រាប់​នៅ​ក្នុង​ដំណើរការ​នេះ​។​

​គ្រូបង្វឹក​លោក Xavi ហាក់​រកឃើញ​ចំណុច​ខ្លាំង​របស់​កីឡាករ​ចំណូល​ថ្មី​របស់​គាត់ ខណៈ Robert Lewandowski និង Raphinha កំពុង​រីករាយ​នឹង​ពេលវេលា​របស់​ពួកគេ​នៅលើ​ទីលាន​នៅ​ដើមរដូវ​កាល​នេះ​។​

​ពួកគេ​ទាំង​ពីរ​សុទ្ធតែ​ជារ​ក​បាន​គ្រាប់​បាល់​ក្នុង​លទ្ធផល ០-៣ លើ​ក្រុម Sevilla កាល​ពី​ប្រាំពីរ​ថ្ងៃមុន​នៅឯ​កីឡដ្ឋាន Estadio Ramon Sanchez Pizjuan ។​

​ខ្សែប្រយុទ្ធ​ប៉ូឡូញ​រូប​នេះ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​លី​ក ដោយ​ស៊ុត​បាន​៥​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​៤​លើក​។​

​រូប​គេ​គួរតែ​អាច​រក​ចន្លោះ​ទូលាយ​បាន​ច្រើន​ដើម្បី​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម Cadiz ដែល​ជា​ក្រុម​តែមួយគត់​មិនទាន់មាន​១​ពិន្ទុ​នៅឡើយ​នៅក្នុង La Liga​។​

​ជាងនេះទៅទៀត Cadiz មិន​ទាន់​រក​បាន​មួយ​គ្រាប់​ទេ​នៅ​រដូវ​កាល​នេះ ពោលគឺ​ស៊ុត​សូន្យ របូត ១០ គ្រាប់​។​

​យោង​លើ​ទម្រង់​លេង​ដូច្នេះ គេ​រំពឹង Barcelona ឈ្នះ​យ៉ាងតិច​បំផុត​ក៏ ២-០ ដែរ​។

– Napoli vs Spezia

Napoli ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Spezia បើកឆាក​ការប្រកួត​ជុំ​ទី ៦ ក្នុង​លី​ក​អ៊ីតាលី Serie A នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​នៅឯ​កីឡដ្ឋាន Stadio Diego Armando Maradona ។​

Napoli បាន​ងើប​ពី​លទ្ធផល​ខកចិត្ត ១-១ ទល់​នឹង​ក្រុម Lecce ក្នុង​ការប្រកួត​ក្នុងផ្ទះ​នៅ​ជុំ​មុនៗ ដោយ​បាន​ផ្តួល​ក្រុម Lazio ១-២ ក្រៅ​ផ្ទះ​នៅ​កីឡដ្ឋាន Stadio Olimpico កាលពី​សប្តាហ៍​មុន​។​

​វា​មិនមែន​គ្រាន់តែ​អំពី​ជ័យជម្នះ​ក្នុង​ទីក្រុង​រ៉ូម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺ​អំពី​ការលេង​ដ៏​អស្ចារ្យ​របស់​កូនក្រុម​លោក Luciano Spalletti ដែល​បាន​បង្ហាញ​នៅលើ​ទីលាន​ដើម្បី​ទទួលបាន​លទ្ធផល​នេះ​។ Napoli បាន​គ្រប់គ្រង​ទីលាន​ពេញ​ការប្រកួត ហើយ​សម​នឹង​ទទួល​បាន​បី​ពិន្ទុ​ជាមួយនឹង​ការ​ស៊ុត ១៩ ជើង​នៅ​ទឹកដី​របស់ Lazio ។​

​កូនក្រុម​របស់លោក Spalletti ឥឡូវនេះ​ឈរ​នៅ​លេខ​រៀង​ទី ២ ក្នុង​តារាង​លី​ក​ជាមួយ​នឹង​ជ័យជម្នះ ៣ ដង និង​ស្មើ ២ ដង​ក្នុង​ការប្រកួត​បើកឆាក ៥ លើក​។​

​គ្មាន​ក្រុម​ណា​ផ្សេងទៀត​ក្នុង​លី​ក​ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​១២​គ្រាប់​ដូច​ពួកគេ​នោះឡើយ​។ កីឡាករ​ចំណូល​ថ្មី Khvicha Kvaratskhelia គឺជា​កីឡាករ​ឆ្នើម​សម្រាប់​ក្រុម Napoli រហូតមកទល់​ពេលនេះ​ក្នុង​រដូវ​កាល​នេះ ដោយ​រកបាន ៤ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៥ ដង​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្ស​ក​ហ្ស៊ី​និង​មិត្ត​រួម​ក្រុម​របស់​គេ​នឹង​មាន​ឱកាសល្អ​ដើម្បី​ទទួល​ជ័យជម្នះ​ថ្ងៃនេះ ហើយ​ហក់​ឡើង​ពី​លើ​ក្រុម​លេខ​១ Atalanta នៅលើ​កំពូល​តារាង​ជាមួយនឹង​ពិន្ទុ​បី​ផ្សេងទៀត​នៅទីនេះ​ទល់នឹង Spezia ។​

Spezia បាន​បើក​រដូវ​កាល​ក្នុង​ទឹកដី ដោយ​ឈ្នះ Empoli ១-០ ប៉ុន្តែ​តាំងពី​ពេលនោះ​មក រក​មិន​បាន​លើសពី​២​ពិន្ទុ​នោះឡើយ​។​

​កូនក្រុម​របស់លោក Luca Gotti បាន​របូត​គ្រាប់​បាល់​យ៉ាងតិច​២​គ្រាប់​ក្នុង​ការប្រកួត ៤ លើកចុងក្រោយ រួម​ទាំង​ការ​ស្មើ ២-២ នៅផ្ទះ Bologna កាលពី​ថ្ងៃអាទិត្យ​។​

​ជួប​គ្នា​ចុងក្រោយ​បំផុត​នៅ​ទឹកដី​របស់ Spezia គឺ Napoli ឈ្នះ ៣-០ ដូច្នេះ​លើក​នេះ​លេង​ក្នុងផ្ទះ ពួកគេ​នឹង​មិន​បណ្តោយ​ឱ្យ​ឱកាស​ទទួលបាន​៣​ពិន្ទុ​របូត​ពី​ដៃ​នោះ​ឡើយ​។

​លទ្ធផល​ព្យាករណ៍ Napoli ឈ្នះ ២-០​។​

– Bayern Munich vs Stuttgart

Bayern Munich គឺជា​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់​រដូវ​កាល​មុន ហើយ​ពួកគេ​បានចាប់ផ្តើម​រដូវ​កាល​ថ្មី​នេះ​យ៉ាង​អស្ចារ្យ​។ ទន្ទឹមនឹងនេះ​ដែរ Stuttgart គឺជា​ក្រុម​ដែល​តែង​ផ្តោត​លើ​ការបញ្ចប់​នៅ​ពាក់កណ្តាល​តារាង​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អាល្លឺម៉ង់​សឹងតែ​គ្រប់​រដូវ​កាល​។​

​ពួកគេ​បាន​ធានា​បាន​ចំណាត់ថ្នាក់​លេខ ១៥ នៅ​ចុងបញ្ចប់​រដូវ​កាល​មុន​នៅក្នុង Bundesliga ហើយ​លេង​ឈ្នះ​ត្រឹមតែ ៧ ដង​ប៉ុណ្ណោះ​។ សូម​កត់សម្គាល់​ផងដែរ​ថា ពួកគេ​ស៊ុត​បញ្ចូល​ទី​សរុប​បាន​ចំនួន ៥៩ គ្រាប់​ក្នុង​រដូវ​កាល​ចាស់​។​

​ឥឡូវនេះ ពួកគេ​មិន​ទាន់​ឈ្នះ​សូម្បី​មួយ​ប្រកួត​នៅ​រដូវ​កាល​ថ្មី​។ ពិតណាស់ ពួកគេ​កំពុង​យ៉ាប់​ទាំង​តំបន់​ប្រយុទ្ធ​និង​ការពារ​។​

​ទន្ទឹមនឹងនេះ​ដែរ Bayern Munich បាន​គ្របដណ្តប់​ទាំងស្រុង​លើ​លី​ក​អាល្លឺម៉ង់​ក្នុង​ទសវត្សរ៍​កន្លងមកនេះ រហូតដល់​ថ្នាក់​ពួកគេ​ធុញ​នឹង​លើក​ពាន​ទៀតផង​។ ឥឡូវ​នេះ​ពួកគេ​មានពាន Bundesliga ច្រើន​ជាង​ទ្វេដង​ធៀប​នឹង​ក្រុម​ល្អ​បំផុត​លំដាប់​ទី​ពីរ​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​ទម្រង់​នៃ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ក្រុម Bavarians មួយ​នេះ​រឹតតែ​ល្អ​ប្រសើរ បើ​ទោះបីជា​ពួកគេ​បាន​បាត់បង់​ខ្សែប្រយុទ្ធ​កំពូល Robert Lewandowski ក៏ដោយ​។ ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​ចំនួន ១៧ គ្រាប់​ក្នុង​ការប្រកួត​លី​ក​ចំនួន ៥ លើក​នៅ​រដូវ​កាល​នេះ​។​

Bayern Munich នឹង​មាន​ទំនុកចិត្ត​ខ្ពស់​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​បាន​រក្សា​កំណត់ត្រា​មិនដែល​ចាញ់ ១០០% រហូតមកទល់​ពេលនេះ​។​

​តាមមើលទៅ Bayern Munich រំពឹង​ឈ្នះ​ក្នុង​លទ្ធផល​ព្យាករណ៍​តិច​បំផុត​ក៏ ២-០ ដែរ​៕

Cadiz មិន​រំពឹង​ទប់ Barcelona ជាប់​នោះឡើយ​