​ដោយ​: ដេប៉ូ​/​រតនគិរី​: សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​ដើម្បី​សម្រាប់​ទុកជា​កេរដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ​បន្តទៀត​នោះ​ក្រុម​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​រៃ ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួម​ការពា​រ​ធនធានធម្មជាតិ ក្នុងនេះ​ដូចជា​ព្រៃឈើ និង​សត្វព្រៃ​ឱ្យ​គង់វង្ស​យូរអង្វែង​បន្តទៅទៀត​។​

​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​រៃ ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ភូមិសាស្ត្រ​ស្រុក​កូន​មុំ ខេត្ត រតនគិរី មាន​ទំហំ​ផ្ទៃដី ២.៦៨០ ហិកតា ដោយមាន​ការចូលរួម​ពី​ពលរដ្ឋ ៤ ភូមិ​មាន​ចំនួន ៦៦៧ គ្រួសារ ។ បច្ចុប្បន្ន បងប្អូន​សហគមន៍​អា​ចរក​អនុផល​ព្រៃឈើ​មួយចំនួន​រួមមាន​ផ្សិត​ប៉ក់ ផ្សិត​ក្ងោក បន្លែបង្ការ ទំពាំង​និង ទឹកឃ្មុំ​ជាដើម​។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​កិច្ចការ​អភិរក្ស​តំបន់ការពារធម្មជាតិ​នៅក្នុង​ខេត្ត​រតន​នា​ថ្មីៗ​នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​រៃ​គឺជា​សហគមន៍​តំបន់ការពារធម្មជាតិ​មួយ​ក្នុងចំណោម​សហគមន៍​ទាំង​១៩០​នៅ​ទូទាំងប្រទេស ហើយក៏​ស្ថិតនៅ​ក្នុងចំណោម​សហគមន៍​ទាំង​១១​នៅ​ខេត្តរតនគិរី ដែរ​។ ចំពោះ មូលហេតុ​ដែល ក្រសួងបរិស្ថាន​ចាំបាច់​បង្កើត​តំបន់​សហគមន៍ ការពារ ធម្មជាតិ គឺ​ទី​១​ផ្តល់នូវ​ការទទួលខុសត្រូវ ក្នុងការ​ចូលរួម​រប​ស់​សហគមន៍​ក្នុងការ​ការពារ និង អភិរក្ស ធនធាន ធម្មជាតិ របស់​យើង​។​

​លោក ទុយ សុផាន់ សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​រៃ បានឱ្យដឹងថា ពលរដ្ឋ​សហគមន៍​ជាច្រើន​បាន​យល់ដឹង​ពី​ការចូលរួម​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ដើម្បី​ធានាបាន​នូវ​ការ​ផ្ត​ត់​ផ្គង់​ធនធានធម្មជាតិ​ដល់​សហគមន៍​មូលដ្ឋាន​ក្នុងការ​ប្រើប្រាស់​ឱ្យមាន​និរន្ត​ភាព​ទាំង​ពេលបច្ចុប្បន្ន និង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ក្រៅពីនេះ​ក៏​ចូលរួម​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ធនធានធម្មជាតិ ក្នុង​តំបន់​ដើម្បី​រក្សាបាន​នូវ​លំនឹង​ធម្មជាតិ​។​

​លោក សា ក្រឹ​ង ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​រៃ បានឱ្យដឹងថា ការចុះ​ល្បាត​ការពារ​ព្រៃឈើ និង​សត្វព្រៃ ត្រូវបាន​ប្រជា​សហគមន៍​ចូលរួម​យ៉ាងសកម្ម ហើយ​តាមរយៈ​ការចូលរួម​ពី​សហគមន៍​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ឃើញថា​សត្វព្រៃ​បើទោះបី​មានការ​បាត់បង់​ខ្លះ​ក្តី ក៏​តំបន់​មួយ​នេះ​នៅសល់​សត្វព្រៃ​មួយចំនួន ផងដែរ​។ តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​សហគមន៍​ចេះ​ស្រឡាញ់​សត្វព្រៃ​និង​ចូលរួម​អភិរក្ស​នេះ​ឃើញថា បច្ចុប្បន្ន​បានធ្វើឱ្យ​ពលរដ្ឋ​កាន់តែច្រើន​បាន​យល់ដឹង​ច្បាស់លាស់ ហើយ​អ្នក​ដែល​ធ្លាប់តែ​ដាក់​អន្ទាក់​សត្វព្រៃ​ក៏​បញ្ឈប់​សកម្មភាព ងាក​មក​ប្រក​បរបរ​ផ្សេង​វិញ​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក សឿង ខេមរៈ ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃ​លំផាត់ ភូមិសាស្ត្រ ស្រុក​កូន​មុំ ខេត្តរតនគិរី បានឱ្យដឹង​ថាបើ​ប្រៀបធៀប​កាល​ពីមុនមក​បទល្មើស​មានការ​ថយចុះ​ខ្លាំង តែ​យ៉ាងណា​ក៏​មិន​អស់ទាំង​ស្រុង​នោះដែរ​ដូចជា​បទល្មើស​ព្រៃឈើ បទល្មើស​សត្វព្រៃ​នៅ​ឃើញ​កើតមាន​ខ្លះៗ​នៅឡើយ​។ សម្រាប់​បទល្មើស​មួយទៀត​ដែល​ត្រូវបាន​ទប់ស្កាត់ និង​កំពុង​កើតមាន​ច្រើន​ដែរ គឺ​បទល្មើស​ទន្ទ្រាន​ដីព្រៃ ។ ក្រៅពីនេះ​ដូចជា​បទល្មើស​ដាក់​អន្ទាក់​ឃើញថា​ក៏​ធ្លាក់ចុះ​ច្រើន​ដូចគ្នា​។​

​គួរបញ្ជាក់​ថា​សហគម​ន៍​តំបន់ការពារធម្មជាតិ​អូរ​រៃ ក្រៅពី​ប្រក​បរបរ កសិកម្ម ការប្រកប​របរ​ធ្វើ​ជំនួញ​បន្ទាប់បន្សំ​ក្នុង​ស្រុកភូមិ និង​ក្រៅពីនេះ​បងប្អូន​សហគមន៍ ក៏​អា​ចរក​អនុផល​ព្រៃឈើ​មួយចំនួន​រួមមាន​ផ្សិត​ប៉ក់ ផ្សិត​ក្ងោក បន្លែបង្ការ ទំពាំង ទឹកឃ្មុំ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ជាដើម​៕