​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៩​កញ្ញា​ថា ខ្លួន​កំពុង​បញ្ជូន​កម្លាំង​បន្ថែម​ទៅ​កាន់​តំបន់​ទីក្រុង​ខា​គី​វ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែនជា​កន្លែង​ដែល​រដ្ឋា​ភិ​បាល​​ក្រុង​គៀវ​និយាយថា ខ្លួន​បាន​ដណ្តើម​កាន់កាប់​តំបន់​តាំង​ទីលំនៅ​រាប់សិប​កន្លែង​ឡើងវិញ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​វាយបក​វិញ​កាន់តែ​ទូលំទូលាយ​។​

​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​នៅក្នុង​សុន្ទរកថា​ពេល​ល្ងាច​របស់​លោក​ថា កងទ័ព​អ៊ុយ​ក្រែន​បាន​ដណ្តើម​យក​តំបន់​ចំនួន ៣០ ពី​កងកម្លាំង​រុស្ស៊ី​វិញ​។​

​លោក​បាន​និយាយថា “​យើង​កំពុង​គ្រប់គ្រង​បន្តិច​ម្តងៗ​លើ​តំបន់​តាំង​ទីលំនៅ​ថ្មីៗ​។ យើង​កំពុង​ប្រគល់​ទង់ជាតិ​អ៊ុ​យក្រែន និង​ការការពារ​សម្រាប់​ពល​រដ្ឋ​របស់​យើង​នៅ​គ្រប់​ទីកន្លែង​”​ដោយ​អំពាវនាវ​​ឱ្យ​ប្រជាជន​អ៊ុយ​ក្រែន​រាយការណ៍​អំពី​ឧក្រិដ្ឋ​កម្មណា​មួយ ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំង​កាន់កាប់​។​

​នៅក្នុង​តំបន់​ទីក្រុង​ខា​គី​វ មន្ត្រី​អ៊ុយ​ក្រែន​បាន​ប្រមូលសាក​សពចំនួ​ន​ពីរ​នៅក្នុង​ភូមិ​មួយ ដែល​ទើបនឹង​ដណ្តើម​បាន​មក​វិញ​ពី​រុស្ស៊ី​ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​អាច​​កើតមាន​។​

​ភូមិ​ហ្គ្រា​កូវ (Grakove)​គឺជា​កន្លែង​នៃ​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​ដើម​សប្តាហ៍​ដំបូងៗ​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​បាន​ចាក់ផ្សាយ​វីដេអូ​ដែល​បង្ហាញ រថយន្តយោធា​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​ក្រាល​កៅស៊ូ​និង​ផ្លូវលំ​ក្នុង​តំបន់​ទីក្រុង​ខា​គី​វ ដែលមាន​ស្លាក​សរសេរថា “Z” ដែល​ជា​និមិត្តរូប​នៃ​ការ​លុកលុយ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​មន្ត្រី​បន្តុប​ដោយ​មូ​ស្គូ លោក វី​តា​លី ហ្គាន​ឆេ​វ (Vitaliy Ganchev) បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា “​ការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​” កំពុង​ប្រព្រឹត្តទៅ​នៅ​ជិត​ទីក្រុង​បា​ឡា​ក់លី​យ៉ា (Balakliya) ដែល​អ៊ុយ​ក្រែ​ននិយាយថា ខ្លួន​បាន​ដណ្តើម​មកវិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក​ហ្គាន​ឆេ​វ​បាន​និយាយថា “​យើង​មិន​បាន​គ្រប់គ្រង​ទីក្រុង​បា​ឡា​ក់លី​យ៉ា​ទេ​។ ការប៉ុនប៉ង​កំពុង​ត្រូវបាន​ធ្វើឡើង​ដើម្បី​បំបែក​កងកម្លាំង​អ៊ុ​យក្រែន ប៉ុន្តែ​មាន​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា ហើយ​កងទ័ព​របស់​យើង​កំពុង​ទប់ទល់​នឹង​ការ​រុលចូល​មក​កៀក​”​។​

​លោក​បាន​បន្ថែមថា “​ឥឡូវនេះ​ទាហាន​បម្រុង​រុស្ស៊ី​ត្រូវបាន​នាំ​មក​ទៅ​កាន់​ទីនោះ ហើយ​ទាហាន​របស់​យើង​កំពុងតែ​វាយបក​វិញ​”៕

​មន្ត្រី​អ៊ុយ​ក្រែន​កំពុង​ស៊ើបអង្កេត​ឧក្រិដ្ឋ​កម្មសង្គ្រាម​ដែល​អាច​កើតមាន​នៅក្នុង​ភូមិ​ហ្គ្រា​កូវ ដែល​ទើបនឹង​ដណ្តើម​យក​មក​វិញ​