ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​មហោស្រព​វង់​តន្ត្រី​ពិណពាទ្យ រាជធានី​ភ្នំពេញ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​ការអភិរក្ស និង​បន្តវេន​តន្ត្រី​ពិណពាទ្យ​»​បាន​បើក​និង​បិទ​កាលពីពេល​ថ្មីៗ​នេះ ក្រោម​អធិបតីភាព លោក ស្រី សួន រដ្ឋលេខាធិការ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​

​ថ្លែង​ក្នុង​ឱ​កាលនោះ លោក បាន​កោតសរសើ ដល់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ដែលមាន​គំនិត​ផ្តួចផ្តើម​ក្នុង​ការរៀបចំ​ប្រឡងប្រជែង​តន្ត្រី​ពិណពាទ្យ​លើកដំបូង​គេ អរគុណ​គណៈកម្មការ​ផ្តល់​ពិន្ទុ មន្ត្រីរាជការ ជាពិសេស ដល់​ក្រុម​បេក្ខជន​ជា​យុវជន​ទាំងអស់​ដែល​បាន​ចូលរួម​ប្រកួតប្រជែង ទោះបី​ទទួលបាន​ជ័យលាភី​ក្តី មិនបាន​ជ័យលាភី​ក្តី ក៏​សូមអោយ​ខិតខំ​បន្ថែមទៀត ដើម្បី​រួមគ្នា អភិរក្ស និង​អភិវឌ្ឍ វង់​តន្ត្រី​ពិណពាទ្យ​របស់​យើង​ឲ្យ​បាន​គង់វង្ស​តទៅ ព្រោះ​ជា​កេរតំណែល​របស់​ដូនតា​យើង ដែលមាន​តាំងពី​សម័យ​ហ្វូណន​មក​ម្លេះ ។​

លោក ស្រី សួន រដ្ឋលេខាធិការ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ (រូប: ក្រសួងវប្បធម៌)

​លោក​ក៏បាន​បន្ថែមថា ការរៀបចំ​មហោស្រព វង់​តន្ត្រី​ពិណពាទ្យ​នាពេលនេះ មិន​ត្រឹមតែ​ស្វែ​រក​អ្នកមាន​សមត្ថភាព​នោះទេ ហើយក៏​ដើម្បី​ផ្តល់ឱកាស​ឲ្យ​យុវជន ចេះ​ស្រលាញ់ ការពារ ចេះ​ផ្សាយ​បន្ត​ដល់​សាធារណជន និង​ពិភពលោក​អោយគេ​ស្គាល់​ច្បាស់​ថា ភ្លេងពិណពាទ្យ​ជា​របស់​ខ្មែរ មិនមែន​របស់​ប្រទេស​ណាមួយ​ទេ កុំ​ឲ្យ​មានមតិ​មួយចំនួន​នៅ​យល់ច្រឡំ​ថា ជា​ភ្លេង​សៀម តទៅទៀត ពោល​គឺជា​របស់​ខ្មែរ​សុទ្ធសាធ​។​

​ជា​លទ្ធផល ក្នុង​មហោស្រព​នា​ថ្ងៃនេះ មាន​ដូចខាងក្រោម ក្រុម​តន្ត្រី​ពិណពាទ្យ យុវជន​ស្រលាញ់​វប្បធម៌​ខ្មែរ ទទួលបាន​ជ័យលាភី​លេខ​១, ក្រុម​តន្ត្រី​ពិណពាទ្យ បុរាណ​ខ្មែរ ទទួលបាន​ជ័យលាភី​លេខ​២, ហើយ​ក្រុម​តន្ត្រី​ពិណ​ទ្យ វត្ត​ក្រាំងធ្នង់ ទទួលបាន​ជ័យលាភី​លេខ​៣៕​

​មហោស្រព​វង់​តន្ត្រី​ពិណពាទ្យ រាជធានី​ភ្នំពេញ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​ការអភិរក្ស និង​បន្តវេន​តន្ត្រី​ពិណពាទ្យ​»​បាន​បើក​និង​បិទ​កាលពីពេល​ថ្មីៗ​នេះ (រូបៈ ក្រសួងវប្បធម៌)