ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ បានចាប់ផ្ដើម​កសាង​រាជធានី​នៅ​កោះ​កេរ នា​ឆ្នាំ​៩២១ នៃ​គ្រឹ​ស្ត​សករាជ ហើយ​បាន​គ្រងរាជ្យ​ជា​ផ្លូវការ​ពី​ឆ្នាំ​៩២៨ ដល់​ឆ្នាំ​៩៤១ នៃ​គ្រឹ​ស្ដ​សករាជ​។ បន្ទាប់មក​ព្រះរាជបុត្រ​ព្រះបាទ​ហរ​ស​វរ្ម័នទី​២ បាន​ឡើង​គ្រង​រាជ​បន្តបាន​រយៈពេល​ខ្លី រហូតដល់​ឆ្នាំ​៩៤៤ នៃ​គ្រឹ​ស្ដ​សករាជ​។ ដែល​រាជធានី​របស់​ព្រះអង្គ​ឈ្មោះ «​លិង្គ​បុ​រ (​បុរី​លិង្គ​) ជា​ភាសាសំស្ក្រឹត និង ឆោ​គ​គ៌្យ​រ ជា​ភាសា​ខ្មែរ​» ដែល​ឈ្មោះ​បច្ចុប្បន្ន​គឺ​ប្រាសាទ​កោះ​កេរ​។ នេះ​បើតាម​ឯកសារ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។

បា្រសាទកោះកេរ អតីតប្រាសាទបុរាណដែលសង់នៅអតីតរាជធានីខ្មែរមួយកន្លែង (រូបៈ ក្រសួងវប្បធម៌)

​ដើម្បី​ជំរុញ​និង​ផ្សព្វផ្សាយ​ពី​ប្រាសាទបុរាណ​មួយ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​ជូន​គណៈប្រតិភូ​អាស៊ាន ដៃគូ​សន្ទនា តំណាង​អន្តររដ្ឋាភិបាល មកពី​អាមេរិក​, នី​ហ្សេ​រី​យ៉ា​, អឺរ៉ុប និង​អ្នកជំនាញ​មកពី​អង្គការក្រៅរដ្ឋាភិបាល អង្គការ​យូណេស្កូ​ភ្នំពេញ UNIDROIT, WCO, Antiquity Coalition, Blue Shield, Heritage of Peace និង ALPH ដែល​បាន​អញ្ជើញ​មក​ចូលរួម​កម្មវិធី​សន្និសីទ​អន្តរជាតិ ស្ដីពី​ការការពារ និង​ទប់ស្កាត់​ការជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់​៖​ទស្សនៈ​ពី​អាស៊ាន ទៅ​ទស្សនា​អតីត​រាជធានី​បុរាណ តំបន់​ប្រាសាទ​កោះ​កេរ នេះ​ក្នុង​គោលបំណង​ឲ្យ​តំណាង​អន្តររដ្ឋាភិបាល មន្ត្រី​ជំនាញ សិក្ខាកាម និង​អ្នកចូលរួម​ទាំងអស់ បានដឹង​ស្គា​ល់ពី​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​នៃ​ប្រាង្គ​ប្រាសាទខ្មែរ យល់​ពី​ព្រឹ​លឹ​ង​នៃ​ប្រាសាទ និង​ភាព​អស្ចារ្យ​ប្លែក​គ្នា​នៃ​ប្រាសាទ​នីមួយៗ​។ ពិសេស​ជាងនេះទៀត គឺ​បានឃើញ​ពី​សម្បត្តិ​វប្បធម៌ ដែល​បាន​ទទួលរង​ការបំផ្លិចបំផ្លាញ​នា​សម័យ​សង្គ្រាម និង​ជាច្រើន​ទៀត​ត្រូវបាន​លួច​យកទៅលក់​នៅ​ទីផ្សារងងឹត​។​

​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក កម្ពុជា​ទទួលបាន​នូវ​រូប​បដិមា​ដ៏​មានតម្លៃ គឺ​ព្រះ​គណេស (Ganesha) និង​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក (Skanda on a peacock) ដែល​ចម្លាក់​ទាំងពីរ​នេះ មាននៅ​ប្រាសាទ​កោះ​កេរ ដែលជា​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​បុរាណ​ពី​ឆ្នាំ​៩២៨ ដល់ ៩៤៤ នៃ​គ​.​ស នឹង​ត្រូវបាន​បាត់បង់​ដោយ​ការ​លួច​ជីក​គាស់កកាយ និង​នាំ​ចេញទៅ​ចរាចរ​ជួញដូរ​ដោយ​ខុសច្បាប់​ជាមួយ​សម្បត្តិ​វប្បធម៌​ជាច្រើន​ផ្សេងទៀត​ក្នុងអំឡុងពេល​សម័យ​ស​ង្គ្រា​ម​។​

បា្រសាទកោះកេរ អតីតប្រាសាទបុរាណដែលសង់នៅអតីតរាជធានីខ្មែរមួយកន្លែង (រូបៈ ក្រសួងវប្បធម៌)

 

​ដូច្នេះ​តាមរយៈ​សន្និសីទ​នេះ គឺជា​ឧទាហរណ៍​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​សម្រាប់​ការអំពាវនាវ​រួមគ្នា ដើម្បី​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​ខុសច្បាប់ និង​ការពារ​សម្បត្តិ​វប្បធម៌​ដែលជា​មរតក​សម្រាប់​ម​នុស្ស​ជំនាន់​ក្រោយ​។ យើង​ត្រូវ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង​ជា​សាធារណៈ​អំពី​ផលប៉ះពាល់​នៃ​ការ​ចរាចរ និង​ការជួញដូរ​ខុសច្បាប់ ដើម្បី​អាច​ធានាថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​នីមួយៗ បានដឹង​ច្បាស់​ពី​សារៈសំខាន់​នៃ​បេតិកភណ្ឌ​សម្រាប់​សង្គម​របស់ខ្លួន និង​ការទទួលខុសត្រូវ​រប​ស់​ពួកគេ​ក្នុង​កិច្ចការពារ​សម្បត្តិ​វប្បធម៌​
​។​
​យើង​សង្ឃឹម និង​ជឿជាក់ថា​ប្រជាជាតិ​អាស៊ី​គ្នេ​យ៍ អឺរ៉ុប ដៃគូ​សន្ទនា មន្ត្រី​ជំនាញ និង​អង្គការ​អន្តររដ្ឋាភិបាល​នឹងមិន​ព្រងើយកន្តើយ រួមសហការ​គ្នា​ក្នុងការ​បង្កើត​យន្តការ​រួម ដើម្បី​ទប់ស្កាត់​ការ​ចរាចរ​ជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់ និង​ចាត់វិធានការ​ផ្លូវច្បាប់​ទាមទារ ឬ​ស្នើសុំ​មកវិញ​ឲ្យ​បាន​នូវ​សម្បត្តិ​វប្បធម៌​នានា​ទៅកាន់​ប្រទេស​ដើម​វិញ​ដោយ​សន្ដិវិធី​៕​

បា្រសាទកោះកេរ អតីតប្រាសាទបុរាណដែលសង់នៅអតីតរាជធានីខ្មែរមួយកន្លែង (រូបៈ ក្រសួងវប្បធម៌)